ថៃស៊ីបាយ លាបមាត់ពពែ ! ប្រទេសថៃជាជម្រកមជ្ឈមណ្ឌលដ៏ខ្មៅងងឹត ឆបោកតាមអនឡាញយ៉ាងធំនៅអាស៊ី

ព័ត៌មានសង្គមថ្ងៃពុធ ទី25 ខែមិថុនា ឆ្នាំ2025 ម៉ោង 8:42 នាទី ល្ងាច

 

ប្រទេសថៃ នៅពេលដែលលាងគូទខ្លួនមិនទាន់ជ្រះ បែរជាចោទកម្ពុជា ថាជាទីកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអនឡាញ ឬភាសាអង់គ្លេសហៅថា Call Center តាមពិតប្រទេសថៃជាជម្រកដ៏ខ្មៅងងឹត ប្រព្រឹត្តឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតយ៉ាងសកម្មដើម្បីឆបោក ទាំងជនបរទេស និងជនជាតិថៃ បានគប់គិតគ្នាគួរឲ្យព្រឺសម្បុរ ។

យើងសូមលើកយកមជ្ឈមណ្ឌល Call Center ជាច្រើនដែលសមត្ថកិច្ចថៃ និងប៉ូលិសជំនាញអន្តរជាតិ បង្ក្រាបជាបន្តបន្ទាប់នៅតាមបណ្តាខេត្តជាច្រើន និងទីក្រុងក្នុងប្រទេសថៃ ។

 

+កាលពីថ្ងៃទី ២១ មិថុនា ឆ្នាំ ២០២៥ ប៉ូលីសទេសចរណ៍ថៃ បានបង្ហាញថា បន្ទាប់ពីស្ថានទូតកូរ៉េខាងត្បូងប្រចាំប្រទេសថៃបានទាក់ទងទៅកាន់ការិយាល័យប៉ូលីសទេសចរណ៍ថា ពលរដ្ឋកូរ៉េខាងត្បូងម្នាក់ត្រូវបានចាប់ជំរិត និងបង្ខំឱ្យធ្វើការឱ្យក្រុមក្មេងទំនើង Call Center នៅតំបន់ប៉ាថាយ៉ា ខេត្តឈុនបុរី ។

ពួកគេបានឆ្មក់ចូលផ្ទះវីឡាប្រណីតមួយដោយចាប់ខ្លួនក្រុម "Korean grey call center " ដែលបោកបញ្ឆោតជា​មូលដ្ឋាន​ដើម្បី​បោកប្រាស់​ជនរងគ្រោះ​ជនជាតិ​កូរ៉េម្នាក់ និងរឹបអូស​កុំព្យូទ័រ និង​ទូរសព្ទ​ដៃ​ជាង ៥០​គ្រឿង​ រួមទាំងមនុស្ស​ទាំង​២២​នាក់​នៅក្នុង​ផ្ទះ​ត្រូវបាន​ចាប់ខ្លួន ដែល​សុទ្ធតែជា​បុរស​កូរ៉េខាងត្បូង​។ ពួកគេ​បាន​អះអាង​ថា​ កំពុង​ធ្វើ​អាជីវកម្ម​កម្ចី​នៅ​ប្រទេស​កូរ៉េ ប៉ុន្តែ​បាន​ប្រើ​ប្រទេស​ថៃ​ជា​ទីស្នាក់ការ​របស់​ពួកគេ​ដើម្បី​សម្របសម្រួល​ដំណើរការ​ផ្លូវច្បាប់​ចំពោះ​ឧក្រិដ្ឋកម្ម​ «អាំងយី» ។

លើស​ពី​នេះ ប៉ូលិស​ក៏​បាន​រក​ឃើញ​ភស្តុតាង​សំខាន់ៗ​ជា​ទម្រង់​ក្តារខៀន​សរសេរ​ជា​ភាសា​កូរ៉េ។ សារនោះសរសេរថា «អញ្ជើញវិនិយោគ លេងភាគហ៊ុន រួមទាំងអត្រាត្រឡប់មកវិញដែលមានតម្លៃខ្ពស់រហូតដល់ 500 លានវ៉ុន ឬជិត 12 លានបាត» ។

(mgronline)

 

+នៅថ្ងៃទី ១៥ មេសា ២០១៩ ទីភ្នាក់ងារប៉ូលិសជាតិរបស់ប្រទេសជប៉ុន បានបញ្ជូនមន្ត្រីជំនាញស៊ើបអង្កេត និងកុំព្យូទ័រ ទៅកាន់ប្រទេសថៃនៅថ្ងៃទី ១៦ ខែមេសា ដើម្បីសហការជាមួយប៉ូលិសថៃ ក្នុងការស៊ើបអង្កេតក្រុមជនខិលខូចហៅទូរស័ព្ទជប៉ុន ដែលត្រូវបានចាប់ខ្លួននៅទីក្រុងប៉ាតាយ៉ាកាលពីថ្ងៃទី ២៩ ខែមីនា ២០១៩ ហើយតាមការប៉ាន់ស្មានថាក្រុមក្មេងទំនើងនេះបានបោកប្រាស់ប្រាក់ប្រជាជនជប៉ុនជាង ២០០ លានយ៉េន។

អាជ្ញាធរជប៉ុនបាននិយាយថា ក្រុមក្មេងទំនើងនេះមានជំនាញវិជ្ជាជីវៈ រៀបចំផែនការបានល្អ មានកំណត់ត្រាលម្អិតនៃព័ត៌មានផ្ទាល់ខ្លួនរបស់ជនរងគ្រោះ មានសៀវភៅណែនាំប្រតិបត្តិការ វិភាគកំហុសរបស់ពួកគេ ។

ពី​ការ​ចាប់​ខ្លួន​គេ​បាន​រក​ឃើញ​ថា ជន​ទំនើង​ជនជាតិ​ជប៉ុន​ម្នាក់​នេះ​បាន​ជួល​ផ្ទះ​ប្រណីត​នៅ​ប៉ាតាយ៉ា​ជា​មូលដ្ឋាន​ប្រតិបត្តិការ។ នៅខាងក្នុងផ្ទះមានកុំព្យូទ័រ 19 គ្រឿង ទូរស័ព្ទ 52 គ្រឿង និងអ៊ីនធឺណែតល្បឿនលឿនសម្រាប់ប្រើប្រាស់ក្នុងការហៅទូរស័ព្ទក្លែងក្លាយទៅប្រទេសជប៉ុន។

ទីភ្នាក់ងារប៉ូលិសជាតិជប៉ុនបាននិយាយថា ការឆបោកតាមទូរស័ព្ទបានធ្វើឱ្យប្រជាជនជប៉ុនខាតបង់ប្រាក់ច្រើនជាង 35 ពាន់លានយ៉េនក្នុងមួយឆ្នាំ ដែលបណ្តាលឱ្យប៉ូលីសជប៉ុនត្រូវតែចុះមកប្រទេសថៃបង្ក្រាប ។

(mgronline)

 

+ថ្ងៃ 18 ឧសភា 2024 ប៉ូលីសស៊ើបអង្កេតឧក្រិដ្ឋកម្មបច្ចេកវិទ្យាថៃ(Cyber ​​Police) បង្រ្កាបក្រុម Call Center ចាប់ខ្លួនជនសង្ស័យ១២នាក់ ដែលអះអាងថាជាមន្ត្រីធនាគារ និងជាប៉ូលីស បោកបញ្ឆោតជនរងគ្រោះឱ្យជឿថា ជំពាក់កាតឥណទាន ហើយមានទោសពីបទលាងលុយកខ្វក់រាប់ពាន់លានដុល្លារចរាចរ ដោយ​ជនរងគ្រោះ​ភាគច្រើន​ជា​មនុស្ស​ចាស់ និង​មន្ត្រីរាជការ​ចូលនិវត្តន៍។

ប៉ូលិសបានឱ្យដឹងថា តាមការស៊ើបអង្កេតរបស់ជនសង្ស័យដែលជាអតីតក្រុមជនខិលខូច Call Center ជនសង្ស័យមានចំណែកនៃការឆបោកពីប្រាក់ចំណូលបន្ថែមចំនួនអ្នកជឿ ១០-១៧% ដោយកំណត់គោលដៅរកចំណូលឲ្យបាន ២០លានបាតក្នុងមួយសប្តាហ៍ ឬ ៨០លានបាតក្នុងមួយខែ។ ប្រសិនបើ​មិន​បានធ្វើបានតាម​គោលដៅ បុគ្គលិក​មជ្ឈមណ្ឌល​ហៅ​ទូរស័ព្ទ​ត្រូវ​ទទួល​ទោស​ដោយ​ឈរ​ក្រោម​ពន្លឺថ្ងៃ​រាប់​ម៉ោង អត់​អាហារ និង​ធ្វើ​បាប​រាងកាយ។

 

thaipbs

 

+ថ្ងៃទី 17 ខែមិថុនា ឆ្នាំ 2025 ការិយាល័យស៊ើបអង្កេតកណ្តាល រួមជាមួយតម្រួតសហព័ន្ធរដ្ឋអូស្ត្រាលី បានបង្ក្រាបក្រុមបោកប្រាស់តាមអ៊ីនធើណេតទៅលើជនបរទេស ដែលប្រើប្រទេសថៃជាមូលដ្ឋានប្រតិបត្តិការរបស់ខ្លួន ដើម្បីបោកបញ្ឆោតជនជាតិអូស្ត្រាលីជាង 14,000 នាក់ឱ្យមកបណ្តាក់ទុន ដោយចាប់ខ្លួនជនសង្ស័យសរុបចំនួន 13 នាក់។

ពួកគេបានឆ្មក់ចូលផ្ទះដ៏ធំមួយនៅឃុំបាងភ្លីយ៉ៃ ខេត្តសាមុតប្រាកាន ដោយរករកឃើញតម្រុយថា វាជាមជ្ឈមណ្ឌលនៃប្រតិបត្តិការសម្រាប់ក្រុមក្មេងទំនើង Call Center បរទេស។

ការចុះឆែកឆេរផ្ទះនេះបានរកឃើញជនបរទេសសរុបចំនួន ១៣ នាក់ ក្នុងនោះ ៦ នាក់ជាជនជាតិអង់គ្លេស អូស្ត្រាលី ៥ នាក់ កាណាដា ១ នាក់ និងអាហ្វ្រិកខាងត្បូង ១ នាក់។ ផ្ទះនេះពោរពេញទៅដោយឧបករណ៍អេឡិចត្រូនិកជាច្រើនដូចជាកុំព្យូទ័រ កុំព្យូទ័រយួរដៃ ទូរសព្ទដៃ ឧបករណ៍ភ្ជាប់អ៊ីនធឺណិត និងការសន្ទនាអំពីការស្នើសុំការវិនិយោគផ្សេងៗ។ វាក៏មានកំណត់ចំណាំនៅលើក្តារខៀនដែលស្រដៀងទៅនឹងការសង្ខេបប្រាក់ និងនាឡិកាជាច្រើនដែលព្យួរជុំវិញផ្ទះប្រាប់ពីពេលវេលារបស់ប្រទេសនីមួយៗជុំវិញពិភពលោក។

ពួកគេបានរួមគ្នាស៊ើបអង្កេតនិងតាមដានក្រុមនេះរហូតរកឃើញថា ពួកគេបានបង្កើតមូលដ្ឋានដើម្បីប្រព្រឹត្តបទឧក្រិដ្ឋនៅក្នុងប្រទេសថៃ។ ដូច្នេះ​ហើយ​បាន​សុំ​ដីកា​ស្រាវ​ជ្រាវ​ដើម្បី​ត្រួត​ពិនិត្យ​មុខ​សញ្ញា​នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា។​ ជនសង្ស័យ​ទាំង​២​នាក់​ជា​មេខ្លោង និងរកឃើញបញ្ជីឈ្មោះជនជាតិអូស្ត្រាលីចំនួន ១៤.០០០ នាក់ ដែលត្រូវបានបោកបញ្ឆោត ដើម្បីវិនិយោគលើមូលបត្របំណុលដោយទាមទារប្រាក់ចំណេញខ្ពស់ និងរយៈពេលសងត្រលប់វិញប្រហែល 1-3 ឆ្នាំ ជាមួយនឹងប្រាក់ចំណេញថេរ 7-10% ក្នុងមួយឆ្នាំ ដែលមនុស្សជាច្រើនជឿ ជាមួយនឹងការខាតបង់សរុបជាង ២ លានដុល្លារអូស្ត្រាលី ឬស្មើនឹង ៤២ លានបាត។

(thaipbs)

 

+ ប៉ូលីស PCT ឆ្មក់ចូលក្រុមជនខិលខូចចិន បង្កើតមជ្ឈមណ្ឌលបញ្ជានៅប្រទេសថៃ ដើម្បីបញ្ឆោតជនរងគ្រោះ។ ការរកឃើញដំបូងបង្ហាញថា ចំណូលប្រចាំខែគឺ 100 លានបាត។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ២០២២ នៅ​អគារ​ខុនដូ​មួយ​ក្នុងតំបន់សុសុមវិត 39 សង្កាត់ខ្លងតឺយនឿ ខណ្ឌ​វឌ្ឍនា ក្រុង​បាងកក ប៉ូលិសបង្ក្រាបបទល្មើសបច្ចេកវិទ្យាថៃ (TCSD ឬ PCT) និងមន្ត្រីនគរបាលទេសចរណ៍ បានដឹកនាំកម្លាំងចុះបង្រ្កាបក្រុមជនខិលខូចជនជាតិចិន ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​១០​នាក់ ក្នុងនោះ​៦​នាក់​តាម​ដីកា​ចាប់ខ្លួន​ជនជាតិ​ចិន រួម​នឹង​វត្ថុ​តាង​រួមមាន កុំព្យូទ័រ​យួរ​ដៃ​១៩​គ្រឿង ទូរស័ព្ទ​ដៃ​៧៩​គ្រឿង ស៊ីម​កាត​១៦៧ ឧបករណ៍​ចែកចាយ​សញ្ញា ឧបករណ៍​បញ្ជូន OTP ឧបករណ៍​ប្រើប្រាស់​ជាង​៣០០​មុខ​សម្រាប់​បើក​គេហទំព័រ​ល្បែងស៊ីសង​តាម​អ៊ីនធឺណិត នាឡិកា​ទំនើប​១៤​គ្រឿង សៀវភៅ​គណនី​ ១០ ​រថយន្ត ម៉ូតូ​១​គ្រឿង​។

ការស្រាវជ្រាវបានរកឃើញថា ជនសង្ស័យដែលចាប់ខ្លួនបានបើកគេហទំព័រលេងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណែត និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។ ពួកគេបានផ្ទេរប្រាក់ពីប្រទេសចិន ហើយផ្ទេរទៅធនាគារមួយផ្សេងទៀត ដើម្បីដកប្រាក់ ដែលសុទ្ធសឹងជាគណនីរបស់ចិន។ ពីការស៊ើបអង្កេតដំបូងគេបានរកឃើញ ជនសង្ស័យមានគេហទំព័រល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណែតធំៗចំនួន៦ ដែលមានចំណូលជាង១០០លានបាតក្នុងមួយខែ។

(policetv)

 

+ មានសេចក្តីប្រកាសពីការចាប់ខ្លួនក្រុមជនខិលខូចដ៏ធំបំផុតនៅក្នុងប្រទេសថៃ។ នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) និងប៉ូលីសអ៊ីនធឺណិតបានប្រកាសពីការចាប់ខ្លួនជនជាតិថៃ និងជនជាតិចិនជាង 70 នាក់ ឧបករណ៍ជាងមួយពាន់នៅក្នុងខេត្តណាខន  ស្រ៊ី ថាំម៉ារ៉ាត  ។

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ប៉ូលិសនាយកដ្ឋានឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងព័ត៌មានថៃ បានប្រតិបត្តិការរួមគ្នាស្វែងរកបណ្តាញ Call Center ដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសថៃ ដែលលទ្ធផលបានឈានដល់ការចាប់ខ្លួនជនបរទេសដែលប្រព្រឹត្តបទល្មើស និងដកហូតវត្ថុតាងមួយចំនួនធំ។

តាមការស៊ើបអង្កេត ខែវិច្ឆិកាឆ្នាំ 2023 មានបណ្តាញជនជាតិថៃ និងចិនបានចូលមកប្រើប្រាស់ទីតាំងក្នុងប្រទេសថៃដើម្បីបង្កើតការិយាល័យដើម្បីបោកប្រាស់ជនរងគ្រោះតាមទូរស័ព្ទ ឬក្រុម Call Center ។

គេ​បាន​រក​ឃើញ​ថនៅ​សណ្ឋាគារ​នៅ​ខេត្ត​ណាខនស្រ៊ីថាំម៉ារ៉ាត ​ដោយ​មាន​រឿង​រ៉ាវ​ផ្សេង​ៗ​បាន​បង្កើត​ឡើង​ដូច​ជា៖

  • បញ្ចុះបញ្ចូលឱ្យវិនិយោគក្នុងរូបិយប័ណ្ណគ្រីបតូ
  • បញ្ចុះបញ្ចូលឱ្យលេងល្បែងអនឡាញ
  • បោកបញ្ឆោតឱ្យទិញផលិតផលដើម្បីធ្វើឱ្យជនរងគ្រោះជឿនិងផ្ទេរប្រាក់ទៅក្រុមរបស់ពួកគេ។

បន្ទាប់មក ឧក្រិដ្ឋជនបង្កើតទំព័រ ឬបាញ់ផ្សាយពាណិជ្ជកម្មលើ Facebook និង Google ដើម្បីបោកបញ្ឆោតជនរងគ្រោះបន្តទៀត ដោយថានឹងជួលមេធាវីឱ្យកាត់ទោសក្រុមមនុស្សដែលបោកប្រាស់ជនរងគ្រោះ ហើយឱ្យជនរងគ្រោះផ្ទេរប្រាក់ទៅគណនីធនាគារដែលបណ្តាញរបស់ពួកគេបានបើកនៅប្រទេសថៃ។ ប្រការនេះបានធ្វើឲ្យប្រជាជនក្នុងប្រទេសថៃ និងក្រៅប្រទេស ជាពិសេសសាធារណៈរដ្ឋប្រជាមានិតចិន និងរុស្ស៊ី ជឿជាក់ និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ខុនដូនេះ មានជនជាតិចិន និងថៃរាប់សិបនាក់ធ្វើការនៅទីនោះ ដែលពួកគេ​មួយ​ចំនួន​ត្រូវ​បាន​បោក​បញ្ឆោត ​និង​បង្ខិត​បង្ខំពីប្រទេសចិនមកទៅ​ធ្វើ​ការ​ Call Center ​នៅ​ប្រទេស​ថៃ។ 

(Policetv)

 

+កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ២០២៤ កម្លាំងចម្រុះថៃ បាននាំយកដីកាឆែកឆេររបស់តុលាការខេត្តឈៀងម៉ៃ ដើម្បីបើកប្រតិបត្តិការបង្ក្រាបក្រុមជនខិលខូចហៅទូរស័ព្ទចិន ដែលលួចលាក់បង្កើតមូលដ្ឋាន Call Center នៅឈៀងម៉ៃ ដើម្បីបោកប្រាស់ជនរងគ្រោះថៃ។

គេ​បាន​រក​ឃើញ​ថា ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​មាន​កម្រិត​ខ្ពស់​ខុស​ពី​ធម្មតា មិន​ស្រប​នឹង​ចំនួន​ភ្ញៀវ​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ចោរ​ហៅ​ទូរស័ព្ទ។

(dailynews)

 

នៅមានច្រើនទៀតរាប់មិនអស់ អ្វីដែលយើងបានលើកមកនិយាយក្នុងអត្ថបទនេះ ប្រទេសថៃពិតជាខ្មៅងងឹត ជាទីជម្រកប្រតិបត្តិការឆបោកតាមអនឡាញដ៏ធំនៅក្នុងអាស៊ីយើងនេះ ។ បានស្តាប់ បានអាន បានដឹង ពិតជាគួរឲ្យព្រឺសម្បុរ និងគួរឲ្យខ្លាច ។ ហេតុដូច្នេះហើយបានជា UN ច្របាច់កសួរចម្លើយថៃអំពីករណីឆបោកតាមអនឡាញ ដោយដាក់គំនាបទៅរដ្ឋាភិបាលថៃ ឲ្យឆ្លើយបំភ្លឺពីការជាប់ពាក់ព័ន្ធប្រតិបត្តិការទៅលើរឿងនេះ ដែលរាយការណ៍ដោយកាសែត The Nation ថៃ។ មិនត្រឹមតែប៉ុណ្ណោះ UN បានឲ្យប្រទេសថៃរាយការណ៍ពីការជួញដូរមនុស្សមកពីជុំវិញពិភពលោក ដែលរងគ្រោះដោយអំពើឧក្រិដ្ឋកម្មនៅក្នុងប្រទេសថៃ។

រឿងនេះ ក៏សារព័ត៌មានប្រទេសសិង្ហបុរី ចេញផ្សាយ ពីអំពើឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅក្នុងប្រទេសថៃដ៏ធំមួយនៅក្នុងទ្វីបអាស៊ី ដោយឡែកនៅភូមិភាគអាស៊ីអាគ្នេយ៍ផងដែរ ។

រឿងរ៉ាវទាំងនេះ ប្រទេសថៃមិនចេះអៀនខ្មាស់ ពិសេសនាយករដ្ឋមន្ត្រី ផែថងថាន ដែលបានដាក់វិធានការមកកម្ពុជាថា នឹងសហការជាមួយអន្តរជាតិក្នុងការបង្ក្រាប Call Center នៅក្នុងប្រទេសកម្ពុជា ដែលកម្ពុជាជាប្រទេសមួយស្អាតស្អំ ថ្លៃថ្នូរ បានប្រឹងប្រែងបោសសម្អាត និងបង្ក្រាបមិនឲ្យមាននៅលើទឹកដីរបស់ខ្លួន ។ នេះពិតជាដំរីងាប់ យកចង្អេរទៅបាំង បាំងឯណាជិត បើប្រទេសខ្លួនលាងគូទមិនទាន់ជ្រះ មកជះលើប្រទេសគេ គួរឲ្យអៀនខ្មាស់ពិភពលោកណាស់ !! ថៃស៊ីបាយខ្លួនឯង ទៅលាបមាត់ពពែ!!

 

អត្ថបទ សូរ្យកាន្ត


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម