កម្ពុជា-ជប៉ុន សហការជួយឧបត្ថម្ភការសិក្សាសិស្សក្រីក្រ តាមរយៈការកែច្នៃសំរាម

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី01 ខែកក្កដា ឆ្នាំ2025 ម៉ោង 7:07 នាទី ល្ងាច

ជំនួបរវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក Yusuke Okumura ប្រធានក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន សង្ឃឹមថានឹងទទួលលទ្ធផលផ្លែផ្កាក្នុងការឧបត្ថម្ភការសិក្សាដល់សិស្ស-និស្សិតក្រីក្រនៅតាមសាលាជនបទដាច់ស្រយាល ដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន ។

ក្រុមហ៊ុន GOMI RECYCLE110 CO., LTD មានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងការកែច្នៃ និងគ្រប់គ្រងសំណល់ បាន បើកចំហចិត្តចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន។ ក្រុមហ៊ុនមានផែនការរៀបចំម៉ាស៊ីនកែច្នៃសំរាមប្លាស្ទិក អំបែងដប និងសំណល់ផ្សេងៗ ដែលអាចដំណើរការបាននៅតំបន់ដាច់ស្រយាល ដើម្បីផលិតជាសម្ភារៈប្រើប្រាស់ ដែលឆ្លើយតបតាមអនុសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រពេញទំហឹងចំពោះគំនិតផ្តួចផ្តើមនេះ ហើយបានជំរុញឱ្យក្រុមហ៊ុនចាប់ផ្ដើមដាក់ម៉ាស៊ីនកែច្នៃសំរាមស្តង់ដារជប៉ុន នៅស្រុកមួយនៃខេត្តជាតំបន់គោលដៅ ដើម្បីសាកល្បងជាមុនសិន រួចចាំបន្តឱ្យបានពេញលេញនៅក្នុងខេត្តទាំងអស់ ដើម្បីឱ្យក្រុមហ៊ុនទទួលបានជោគជ័យខ្ពស់។ ក្រសួងនឹងផ្តល់សំរាមប្លាស្ទិក និងសំណល់ដែលសិស្សានុសិស្សប្រមូលបានពីយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ឱ្យក្រុមហ៊ុនយកទៅកែច្នៃ។ ចំណែកថវិកាដែលបានពីការលក់ផលិតផលកែច្នៃនឹងត្រូវយកមកឧបត្ថម្ភគាំទ្រការសិក្សារបស់សិស្ស-និស្សិតនៅតាមសាលាជនបទ។

ការវិនិយោគទៅលើការកែច្នៃសំរាមប្លាស្ទិកនៅតាមតំបន់ឆ្ងាយៗនេះ គឺស្របតាមអនុសាសន៍ និងវត្ថុបំណងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជំរុញឱ្យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម