សភាពាណិជ្ជកម្មថៃជំរុញឱ្យរដ្ឋាភិបាលបើកតុចរចាជាមួយកម្ពុជាជាបន្ទាន់ ដើម្បី «បើកព្រំដែន» ឡើងវិញ ដែលសព្វថ្ងៃរងផលប៉ះពាល់ធ្ងន់ធ្ងរ។ រោងចក្រដំឡើងរថយន្តអន្តរជាតិក្នុងប្រទេសថៃ រំខានដំណើរការខ្សែចង្វាក់ផ្គត់ផ្គង់ខ្វះវត្ថុធាតុដើមពីប្រទេសកម្ពុជា និង«ទំនិញឆ្លងដែន» ពីប្រទេសផ្សេងៗបានជន់លិចឃ្លាំងនៅកំពង់ផែ ឡែមឆៈបាប់ ដែលបណ្តាលឱ្យការចំណាយប្រចាំថ្ងៃកើនឡើង។
លោក ជិរ៉ាផាន់ អាសវ៉ាណាគុល អនុប្រធានសភាពាណិជ្ជកម្មថៃ និងជាប្រធានគណៈកម្មាធិការពាណិជ្ជកម្មព្រំដែន និយាយថា ថ្មីៗនេះ គណៈកម្មាធិការពាណិជ្ជកម្មព្រំដែន បានជួបប្រជុំជាមួយសភាពាណិជ្ជកម្មនៃខេត្តចំនួន 7 ជាប់ព្រំដែនកម្ពុជា ដើម្បីពិភាក្សាដែលសហគ្រិនត្រូវការនៅពេលនេះ។ គឺខេត្តទាំងអស់បានអំពាវនាវដល់រដ្ឋាភិបាល និងយោធាថៃ ការចរចាជាមួយកម្ពុជាជាបន្ទាន់ ដោយសារប្រជាពលរដ្ឋកំពុងរងគ្រោះ ហើយមិនអាចធ្វើពាណិជ្ជកម្មបាន ។ លោកថា ដើម្បីឲ្យប្រតិបត្តិការសេដ្ឋកិច្ចវិលមករកប្រក្រតីឡើងវិញ ច្រកព្រំដែនគោកត្រូវកំណត់ម៉ោងបើក និងបិទក្នុងពេលតែមួយ រួមទាំងបើកច្រកទ្វារសមុទ្រពីកំពង់ផែឡែមឆៈបាប់ ដល់កំពង់ផែក្រុងព្រះសីហនុ។
បញ្ហាសំខាន់មួយទៀតគឺកម្ពុជាជាប្រភពវត្ថុធាតុដើមមួយចំនួនសម្រាប់ផ្គត់ផ្គង់រោងចក្រឧស្សាហកម្មរបស់ថៃ ជាពិសេសផ្នែករថយន្ត។ កន្លងមក សហគ្រិនថៃបានបញ្ជូនវត្ថុធាតុដើមពីរោងចក្រនៅកម្ពុជា ដោយប្រើប្រាស់សិទ្ធិពន្ធរបស់កម្ពុជា រួមទាំងតម្លៃពលកម្មថោក។ បន្ទាប់មក គ្រឿងបន្លាស់ត្រូវបានបញ្ជូនត្រឡប់មកវិញដើម្បីដំឡើងជារថយន្តនៅប្រទេសថៃ។ ដូច្នេះហើយ រោងចក្រនៅក្នុងប្រទេសកម្ពុជាត្រូវបានចាត់ទុកថាជាខ្សែចង្វាក់ផ្គត់ផ្គង់ដ៏សំខាន់មួយនៅក្នុងឧស្សាហកម្មរថយន្ត ដែលមានតម្លៃប្រហែល 3,000-4,000 លានបាត។
ការណ៍នេះ អ្នកដែលរងការខូចខាតមិនមែនត្រឹមតែប្រតិបត្តិករទេ គឺប្រទេសទាំងមូលតែម្តង។ អនុប្រធានសភាពាណិជ្ជកម្មថៃ នៅបាននិយាយទៀតថា រដ្ឋាភិបាល និងយោធា មិនគួរយកសន្តិសុខព្រំដែន និងប្រជាជនទៅពាក់ព័ន្ធជាមួយសេដ្ឋកិច្ចទេ វាប៉ះពាល់ខ្លាំងណាស់ ហើយអ្នកធុរកិច្ចថៃមានជាប់បំណុលច្រើនណាស់ ។
ប្រសិនបើបិទព្រំដែនយូរជាងនេះ ផលប៉ះពាល់នឹងធ្ងន់ធ្ងរជាងនេះ ជាពិសេសចំពោះទំនិញប្រើប្រាស់ប្រចាំថ្ងៃ។ កន្លងមកគេបញ្ជូនពីរោងចក្រនៅប្រទេសថៃមកភ្នំពេញ និងសៀមរាប តែបច្ចុប្បន្ន កម្ពុជាអាចនាំចូលពីវៀតណាមនិងចិនមកជំនួសផលិតផលថៃ។ ដូច្នេះ ថៃគួរបើកព្រំដែនឲ្យបានលឿន ដើម្បីរក្សាអតិថិជនរបស់ខ្លួន។
លើសពីនេះវាប៉ះពាល់ដល់ទំនិញឆ្លងកាត់ព្រំដែនពីប្រទេសផ្សេងដែលដឹកតាមកប៉ាល់មកកាន់កំពង់ផែឡែមឆៈបាប់។ ពួកគេត្រូវរក្សាទុកក្នុងឃ្លាំងដែលមិនបង់ពន្ធដើម្បីរង់ចាំបញ្ជូនមកកម្ពុជា ប៉ុន្តែឥឡូវមិនអាចទេ ព្រោះព្រំដែនមិនបើក ទំនិញហូរចូលក្នុងឃ្លាំង ធ្វើឲ្យមានការចំណាយប្រចាំថ្ងៃច្រើន។
កន្លងមកយើងបានពិភាក្សាជាមួយសហគ្រិននៅតាមព្រំដែនកម្ពុជា-ថៃ ព្រំដែនថៃ-មីយ៉ាន់ម៉ា និងព្រំដែនថៃ-ឡាវ។ យើងបានរកឃើញថា បញ្ហាបច្ចុប្បន្ន វាហួសពីអំណាចរបស់គណៈកម្មាធិការពាណិជ្ជកម្មព្រំដែន ។ យើងបានព្យាយាមពន្យល់ដល់សហគ្រិននូវអ្វីដែលអាចធ្វើបាន ឬមិនអាចធ្វើបាន ហើយព្យាយាមស្វែងរកដំណោះស្រាយ ដើម្បីកុំឱ្យឧបសគ្គទាំងនេះរារាំងពាណិជ្ជកម្មរបស់ សហគ្រិន។ ក្នុងករណីខ្លះ សហគ្រិនត្រូវស្វែងរកវិធីសាស្ត្រផ្ទាល់ខ្លួន។ ពួកគេមិនអាចពឹងផ្អែកលើរដ្ឋាភិបាលតែម្នាក់ឯងបានទេ ។
រឿងបើកព្រំដែន ទាំងសម្តេចតេជោ ហ៊ុន សែន ទាំងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ហើយបញ្ជាក់ទៀតថា សូមកុំស្នើមកខាងកម្ពុជា ចូរប្រជាជនថៃសុំទៅខាងរដ្ឋាភិបាល និងក្រុមយោធារបស់ខ្លួនទៅ ព្រោះពួកយោធាជាអ្នកបិទឯកតោភាគី តាំងពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៥ មកម៉្លេះ ៕