ដោយ សាវុឌ្ឍ៖
ថ្ងៃទី ៣ កក្កដា វេលាម៉ោង ១០.៣០ នាទី (ម៉ោងក្នុងស្រុកជប៉ុន) មានឧប្បត្តិហេតុបាក់ដីដ៏ខ្លាំងហូរមកលើផ្ទះសម្បែងរបស់ប្រជាជនក្នុងស្រុកអាតាមិ ខេត្តឈិស៊ូអូកុៈ ភាគខាងត្បូងទីក្រុងតូក្យូ ប្រទេសជប៉ុន បណ្តាលឲ្យបាត់ខ្លួនប្រមាណ ២០ នាក់ និងខូចខាតផ្ទះជាច្រើន ។
ក្រុមអ្នកជួយសង្គ្រោះកំពុងបំពេញបេសកកម្មយ៉ាងមមាញឹក ដើម្បីស្វែងរកមនុស្សដែលបាត់ខ្លួននៅក្នុងតំបន់បាក់ដី ។ ទន្ទឹមនឹងនេះដែរខេត្តឈិស៊ូអូកុៈ បានស្នើសុំជំនួយពីកងកម្លាំងស្វ័យការពារក្នុងការដោះស្រាយគ្រោះមហន្តរាយនេះ ។
ខណៈពេលដែលនាយករដ្ឋមន្រ្តី យ៉ូស៊ីហ៊ិដៈ (Yoshihide) បានពិភាក្សាជាមួយរដ្ឋមន្រ្តីគ្រោះមហន្តរាយ លោក យ៉ាស៊ូហ៊្វូមិ (Yasufumi) អំពីការបាក់ដីនិងគ្រោះមហន្តរាយផ្សេងទៀត បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ។
ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្រមានឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត និងជំរុញឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការបាក់ដី ទឹកជំនន់ និងការកើនឡើងនូវកម្ពស់ទឹកទន្លេ ៕
រូបភាព STR / JIJI PRESS / AFP