ធនធានព្រៃឈើផ្តល់ឱ្យយើងនូវអត្ថប្រយោជន៍ជាច្រើននៃបរិស្ថាន សង្គម និងសេដ្ឋកិច្ច ហើយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទីក្រុង ឬជនបទដែលរស់នៅបានសុខុដុមរមនា។ នេះជាហេតុផលមួយចំនួនដែលដើមឈើមានប្រយោជន៍ដល់សង្គម ដែលខ្មែររួមគ្នាបន្តដាំ និងថែទាំវាសម្រាប់មនុស្សជំនាន់ក្រោយ ។
ដើមឈើសម្អាតខ្យល់ និងទឹករបស់យើង ផ្តល់ជម្រកដល់សត្វព្រៃ ភ្ជាប់សហគមន៍ និងគាំទ្រសុខភាព និងសុខុមាលភាពរបស់យើង។ រាល់ដើមឈើដែលក្រសួងបរិស្ថានកម្ពុជាប្រឹងជម្នះដាំ ដោយចូលរួមពីគ្រប់មជ្ឈដ្ឋាន គឺជាជំហានមួយដ៏ប្រសើរក្នុងទិសដៅត្រឹមត្រូវ។
ពិព័រណ៍«ពន្លកបៃតង» ដែលក្រសួងបរិស្ថានកម្ពុជា នឹងរៀបចំឡើងនៅថ្ងៃខាងមុខ គឺមានបំណងដ៏សិដ្ឋចែកកូនឈើជូនសាធារណជនដោយឥតគិតថ្លៃ ជាមួយនឹងការដាំដើមត្នោត ១លានដើមនៅកម្ពុជាក្នុងឆ្នាំ២០២៥ នេះ ។ នេះជាការបណ្ដុះផ្នត់គំនិតដល់ប្រជាពលរដ្ឋកម្ពុជា ទាំងកុមារ និងយុវជនជំនាន់ក្រោយ ឱ្យស្រឡាញ់ដើមឈើ ស្រឡាញ់ភាពបៃតង និងស្រឡាញ់បរិស្ថាន»។ នេះជាប្រសាសន៍របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារ ត្រៀមរៀបចំពិព័រណ៍«ពន្លកបៃតង» នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។
ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលបច្ចុប្បន្ន បានបន្តមតរកគោលនយោបាយលើវិស័យបរិសា្ថនដ៏ល្អប្រពៃពីអាណត្តិសម្តេចតេជោ មកដល់អាណត្តិទី ៧ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដោយអនុវត្តបានជោគជ័យនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្នុងការការពារ និងអភិរក្សបរិស្ថាន និងធនធានធម្មជាតិ ដោយបង្កើតបានតំបន់ការពារធម្មជាតិចំនួន ៧៣តំបន់ មានផ្ទៃដីជាង ៧លានហិកតា ស្មើនឹងជាង៤០% នៃផ្ទៃដីប្រទេស។ ហេតុដូច្នេះហើយ ក្រសួងបរិស្ថានក៏បានដាក់ចេញយុទ្ធនាការ«ពន្លកបៃតង» ដើម្បីបណ្តុះផ្នត់គំនិតកូនខ្មែរ ឲ្យចេះស្រឡាញ់ភាពបៃតង តាមរយៈសកម្មភាពបណ្តុះកូនឈើ ចែកកូនឈើ និងដាំដើមឈើយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ។
ព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ធ្វើឡើងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅវិមានឈ្នះ-ឈ្នះ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ក្នុងនេះក៏មានដាក់តាំងបង្ហាញសមិទ្ធផលនានារបស់ក្រសួងបរិស្ថាន អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសមាគម យុវជន ព្រមទាំងផលិតផលខ្មែរ និងផលិតផលជីវៈចម្រុះពីសហគមន៍ផងដែរ ។
ក្រសួងបរិស្ថាន ប្រែក្លាយព្រិត្តិការណ៍ពិព័រណ៍នេះ ឲ្យទៅជាចលនាដ៏ទូលំទូលាយមួយ ដែលលើកកម្ពស់ការដាំដើមឈើ និងលើកតម្កើងប្រពៃណីដ៏ស្រស់បំព្រងបំផុតមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលទំនៀមទម្លាប់នេះ មានតាំងពីសម័យសង្គមរាស្រ្តនិយម ក្រោមព្រះរាជបូជនីយកិច្ច (យុទ្ធនាការ) ដឹកនាំដោយ ព្រះករុណា ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៃយើង ៕