ក្តីសង្ឃឹមថានឹងបានទៅសាលារៀនវិញ ក្រោយសម្តេចតេជោប្រកាសចាក់ឲ្យកុមារអាយុ ១២ ឆ្នាំដល់ ១៧ ឆ្នាំ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី17 ខែកក្កដា ឆ្នាំ2021 ម៉ោង 1:50 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

តាមបណ្តាញសង្គមហ្វេសប៊ុកក្តី Tik Tok ក្តី យើងឃើញក្មួយសម្តែងចេញមកថា «នឹកសាលា... នឹកមិត្តរួមថ្នាក់ ។ល។» ។ កូវីដ-១៩ បានរំខានការសិក្សារបសក្មួយៗ មិនថាតែប្រទេសផ្សេងៗលើពិភពលោកទេ ការសិក្សាអប់រំនៅប្រទេស​កម្ពុជាក៏ជួបបញ្ហាបិទផងដែរ ទាំងសាលារដ្ឋ និងឯកជន ហើយងាកមករៀនតាមអនឡាញ មិនទាំងអស់ទេ តែមួយចំនួនតូច វាមិនបានទូលំទូលាយទេ ពីព្រោះតែបញ្ហាអ៊ីធើណេត ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់សេចក្តីសង្ឃឹមដល់មាតា បិតា ឬអាណាព្យាបាល ឲ្យត្រៀមកូនក្មួយដែលមានអាយុពី១២-១៧ឆ្នាំ មកទទួលវ៉ាក់សាំងការពារមេរោគកូវីដ-១៩ ដែលតាមប៉ាន់ប្រមាណ មានប្រមាណ ២ លាននាក់ ។

«ខ្ញុំសូមអំពាវនាវដល់ឪពុកម្តាយ និងអាណាព្យាបាល ត្រៀមរៀបចំឲ្យកូនៗមកចាក់វ៉ាក់សាំងការពារកូវីដ-១៩, ដល់ពេលវេលាដែលយើងត្រូវរួមគ្នា និងធ្វើឲ្យយើងអាចស្តារសេដ្ឋកិច្ច និងសង្គមជាថ្មី ពិសេសសាលារៀនដែលត្រូវបិទ ហើយប្តូរទៅបង្រៀនតាមអ៊ីនធឺណេតជំនួសវិញ នេះគឺជាការខាតបង់សម្រាប់យើង» ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ។

សម្តេចតេជោបញ្ជាក់ថា  «ប្រសិនយុវជនយើងចាក់វ៉ាកសាំងការពារមេរោគកូវីដ-១៩ រួចហើយ សាលារៀនពីមធ្យមសិក្សាឡើងទៅ នឹងអាចបើកបានឡើងវិញ ដោយចាប់ផ្តើមចាក់វ៉ាក់សាំងពីទីក្រុងភ្នំពេញ ខេត្តកណ្តាល និង ខេត្តព្រះសីហនុ មុននឹងពង្រីកដល់ខេត្តផ្សេងៗទៀត» ។ 

ប្រទេសកម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ ពីថ្ងៃទី ១០ កុម្ភៈ ឆ្នាំ ២០២១ ដែលភាគច្រើនជាវ៉ាក់សាំងរបស់ចិន រហូតមកទល់បច្ចុប្បន្នបានចាក់ឲ្យប្រជាជនបានចំនួន ៥,៤១ លាននាក់ ឬបាន ៥៤,១% នៃប្រជាពលរដ្ឋដែលត្រូវចាក់ ។ សម្តេចតេជោបានដាក់ផែនការចាក់វ៉ាក់សាំងឲ្យប្រជាជនដែលមានអាយុត្រូវទទួលវ៉ាក់សាំង ១០ លាននាក់នៅក្នុងវិច្ឆិកាឆ្នាំនេះ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម