មេរោគកូវីដ ព្រាត់ប្រាសនិរាសគ្រួសារ បន្សល់ទុកត្រឹមតែទឹកភ្នែក និងភាពចងចាំ

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី18 ខែកក្កដា ឆ្នាំ2021 ម៉ោង 9:35 នាទី ព្រឹក

ប្រែសម្រួលពី matichon:

ដោយ សូរ្យរិទ្ធ៖

នេះជារឿងរ៉ាវរបស់កុមារដែលបានបាត់បង់ឪពុកម្តាយដែលមិនគួរឱ្យជឿ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ។ កុមារខ្លះមិនទាំងចាំមុខឪពុកម្តាយដែលបានទទួលអនិច្ចកម្មផង ដោយសារពួកគេនៅក្មេងពេក ។ នេះជាសោកនាដកម្មមួយមិនអាចបំភ្លេចបានទេក្នុងសតវត្សរ៍ទី ២១ ។

នៅលើពិភពលោកសព្វថ្ងៃ រាប់ទាំងប្រទេសខ្មែរយើងផង មានចំនួនជាង ៤ លាននាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ ។ គ្រួសារខ្លះត្រូវកំព្រានិរាសទាំងឪពុកម្តាយ ខ្លះនៅសល់ម្តាយ ខ្លះនៅសល់ឪពុក ដែលកំពុងសោកសៅបាត់បង់មនុស្សជាទីស្រឡាញ់ និងខ្វះភាពកក់ក្តៅក្នុងគ្រួសារ ។ ការបាត់បង់កើតឡើង មិនថាអ្នកនោះមានផ្ទះតូច គេហដ្ឋានធំ អ្នកមាន ឬអ្នកក្រនោះទេ ។

វិចតូរៀ អេលីហ្សាប៊េត សូតូ (AP Photo/Natacha Pisarenko)

វិចតូរៀ អេលីហ្សាប៊េត សូតូ (Victoria Elizabeth Soto) កើតមកមិនទាន់ទាំងបានដឹងពីមេរោគអ្វីយាយីមនុស្សលោកទេ ព្រោះនាងបានកើតកាលពី ៣ ខែមុន បន្ទាប់ពីម្តាយរបស់នាងឈ្មោះ អេលីហ្សាប៊េត សូតូ (Elizabeth Soto) ត្រូវបានពិនិត្យនៅមន្ទីរពេទ្យមួយនៅ Lomas de Zamora ក្នុងប្រទេសអាហ្សង់ទីន នៅពេលនោះនាងមានគភ៌ ៨ ខែ និងមានជំងឺពីកូវីដ-១៩ ។

នាងតូច ស៊ិម៉ូឡូកូ បូណូឡូ អាយុ ៨ ឆ្នាំ បានបាត់បង់ឪពុកដោយសារកូវីដ-១៩ កាលពីខែកក្កដា ឆ្នាំ ២០២០ ដោយប្រែជីវិតថ្មីនៅស្រុកសូវេតូ ប្រទេសអាហ្វ្រិកខាងត្បូងដោយគ្មានឪពុក ។

ស៊ិម៉ូឡូកូ បូណូឡូ អាហ្វ្រិកអាត្បូង (AP Photo/Jerome Delay)

នាង ថាក្រា អាយុ ១៣ ឆ្នាំ បានបាត់បង់ឪពុកជាទីស្រឡាញ់នៅក្នុងមន្ទីរពេទ្យមួយជិតទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេសដោយសារកូវីដ-១៩ ព្យាបាលនៅពេទ្យរយៈពេលពីរខែ ។ នាងដើរតួចជំនួសឪពុក កាត់ស្មៅ លាងរថយន្តរបស់គ្រួសារដូចឪពុកធ្លាប់ធ្វើកន្លងមក ។

នីវ៉ា ថាក្រា កុមារអង់គ្លេស (AP Photo/Thanassis Stavrakis)

ចេស្មី ណារសារី បាត់បង់ទាំងឪពុក និងម្តាយកាលពីខែឧសភា នៅស្រុក កូក្រាហារ (Kokrajhar) ក្នុងរដ្ឋអាសាម របសឥណ្ឌា ។ អាយុទើបបាន ១០ ឆ្នាំត្រូវកំព្រា នាងត្រូវទៅនៅជាមួយអ៊ុំ ។ ការរស់នៅបែបថ្មីមានភាពតឹងរឹងណាស់ នាងត្រូវពាក់ម៉ាស និងលាងដៃជាប់ជានិច្ច ជាពិសេសមុនពេលញ៉ាំ នាងបាននិយាយថា នាងដឹងថាមេរោគនេះគឺជាជំងឺដែលអាចសម្លាប់មនុស្សបាន ។

ចេស្មី ណារសារី ឥណ្ឌា (AP Photo/Anupam Nath)

កេអ៊ិទី កូយ៉ាន់តេស អាយុ ៦ ឆ្នាំ ដឹងក្តីថា មេរោគកូវីដ-១៩ បានសម្លាប់ម្តាយរបស់នាងដែលជាគ្រូពេទ្យ នៅសានទី​យេហ្គោ ប្រទេសឈីលី ឥឡូវនាងត្រូវធ្វើផេកខេកដោយខ្លួនឯង ។

កេអ៊ិទី ក្មេងឈីលី (AP Photo/Esteban Felix)

ពីរនាក់បងប្អូន សេវីយុង និង ចេស្មីន កុស្មាន់ បាត់បង់ទាំងម្តាយ និងឪពុកដោយសារមេរោគកូវីដ-១៩ តាំងពីរលកដំបូងនៅសហរដ្ឋអាមេរិក ។

 សេវេយុង កុស្មាន់ ឱបប្អូនស្រី ចេស្មីន (AP Photo/Mary Altaffer)

ការបាត់បង់របស់គ្រួសារ ណាវ៉ាឡេស ក្នុងស្រុកកេសន ប្រទេសហ្វីលីពីន ក្រោយពី អាធើ ណាវ៉ាឡេស អាយុ ៣៨ ឆ្នាំអនិច្ចកម្មទៅកាលពីថ្ងៃទី ២ មេសា ឆ្នាំ ២០២១ ហើយត្រូវមនុស្សជិតខាងស្អប់ខ្ពើម នៅសល់ភរិយាក្លាយជាស្ត្រីមេម៉ាយ ប្រឹងរស់ចិញ្ចឹមកូនតូចៗ ។

ឌីអាន់ ណាវ៉ាឡេស ហ្វីលីពីន (AP Photo/Aaron Favila)

ណាវ៉ាឡេស ហ្វីលីពីន (AP Photo/Aaron Favila)

មេរោគអប្រិយ ប្រល័យមនុស្សលោកគ្មានស្រាកស្រាន្ត តើវាអស់នៅពេលណា នេះជាសំណួរដែលមនុស្សក្នុងលោក សួរដូចៗគ្នា ហើយក៏គ្មាននរណាម្នាក់ច្បាស់ចិត្ត ឆ្លើយបាននោះទេ ៕

 

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម