កាសែតថៃ ប្រៀបធៀបសម្តេច ហ៊ុន សែន រវាសរវៃជាងអ្នកដឹកនាំថៃ អំពីភាពរួសរាន់ចូលក្នុងគម្រោងកូវ៉ាក់ និងការខ្នះខ្នែងរកវ៉ាក់សាំងចាក់ជូនពលរដ្ឋ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី23 ខែកក្កដា ឆ្នាំ2021 ម៉ោង 1:51 នាទី ល្ងាច

ដោយសូរ្យរិទ្ធ៖

អ្នកនិពន្ធកាសែតថៃមួយរូបបានសរសេរអត្ថបទ ផ្សាយតាមវេបសាយ komchadluek និយាយអំពីការប្រៀបធៀប រវាងអ្នកដឹកនាំនៅប្រទេសអាស៊ាន ពិសេសអ្នកដឹកនាំកម្ពុជា សម្តេច ហ៊ុន សែន និង អ្នកដឹកនាំលាវ អំពីការរួសរាន់ស្វែងរកវ៉ាក់សាំងចាក់ជូមប្រជាជនរបស់ខ្លួន ។

ភាពព្រងើយកន្តើយមិនចូលក្នុងគម្រោងការរបស់កូវ៉ាក់ (Covax)ពីមុន ធ្វើឲ្យលោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិថៃ ត្រឡប់ជាទៅរកការចរចាជាថ្មីជាមួយគម្រោងកូវ៉ាក់ ដោយប្រៀបធៀបជាមួយអ្នកដឹកនាំ «កម្ពុជា និង លាវ» អំពីភាពរវាសរវៃស្វែងរកវ៉ាក់សាំងមកក្នុងប្រទេស ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ក្នុងទីបំផុត លោក ណាខន ព្រេមស្រ៊ី នាយកស្ថាប័នវ៉ាក់សាំងថៃ បានសុំទោសប្រជាជនថៃ ក្នុងករណីមិនអាចចាត់ការ រកវ៉ាក់សាំងការពារកូវីដ-១៩ ឲ្យបានគ្រប់គ្រាន់ចំពោះហានិភ័យនៃការរាតត្បាតកាន់តែខ្លាំងឡើងៗ ។

លោក ណាខន បានបង្ហើបប្រាប់ថា ប្រទេសថៃកំពុងស្ថិតក្នុងដំណើរការចូលរួមជាមួយកូវ៉ាក់ (Covax) ប៉ុន្តែមិនបានចុះហត្ថលេខាលើកិច្ចសន្យាដើម្បីផ្តល់វ៉ាក់សាំងទេ ។ វិទ្យាស្ថានវ៉ាក់សាំងនឹងធ្វើការសម្របសម្រួលជាមួយភ្នាក់ងារមួយដែលមានឈ្មោះថា Gavi ដើម្បីចរចារកលទ្ធកម្មនៃការរកវ៉ាក់សាំងជាមួយ Covax ដើម្បីផ្តល់វ៉ាក់សាំងនៅឆ្នាំ ២០២២ ។

យោងតាមព័ត៌មានស្តីពីផែនការវាយតម្លៃការចែកចាយថ្នាំបង្ការ Covax COVID-19 នៅដើមឆ្នាំ ២០២១ បណ្តាប្រទេសជាសមាជិកអាស៊ានចំនួន ៩ នឹងទទួលបានវ៉ាក់សាំងការពារកូវីដ-១៩ ពីកូវ៉ាក់ដោយគ្មានប្រទេសថៃក្នុងបញ្ជីនេះឡើយ ។ ប្រទេសម៉ាឡេស៊ី សិង្ហបុរី, ប៊្រុយណេ ស្ថិតនៅក្នុងក្រុមបញ្ជាទិញវ៉ាក់សាំងដោយថវិកាប្រទេសខ្លួនឯង ចំណែកប្រទេសកម្ពុជា, ឥណ្ឌូនេស៊ី, លាវ, មីយ៉ាន់ម៉ា, ហ្វីលីពីន និងវៀតណាម បានចុះកិច្ចសន្យាកក់ទុកមុន ដោយប្រទេសខ្លះទទួលបានមូលនិធិពីកូវ៉ាក់ ប្រសិនជាចាត់ចូលទៅក្នុងប្រទេសខ្សត់ខ្សោយ ហើយប្រសិនបើពួកគេមិនបំពេញតាមលក្ខខណ្ឌទេ ពួកគេត្រូវចំណាយថវិកាដើម្បីទិញវ៉ាក់សាំងកូវីដតាមតម្លៃដែលបានព្រមព្រៀងជាមួយ Covax ។

ចំណែករដ្ឋាភិបាលថៃ បានបញ្ជាក់តាំងពីដើមឆ្នាំ ២០២១ ថាមិនចូលរួមគម្រោងការកូវ៉ាក់ទេ ធ្វើឲ្យប្រទេសថៃជាប្រទេស ឯកោក្នុងអាស៊ានដែលមិនចូលរួមក្នុងគម្រោងនេះ ។

ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា បានបញ្ជាក់នៅក្នុងការពិភាក្សាលើសេចក្តីព្រាងថវិកាឆ្នាំ ២០២២ ក្នុងផ្នែកមួយបានពន្យល់ពីមូលហេតុដែលរដ្ឋាភិបាលថៃមិនចូលរួមក្នុងគម្រោងកូវ៉ាក់ ដោយសារពួកគេមិនស្ថិតនៅក្នុងក្រុមទទួលវ៉ាក់សាំងឥតគិតថ្លៃ តែប្រសិនបើប្រទេសថៃចូលរួម ពួកគេនឹងចំណាយថ្លៃវ៉ាក់សាំងថ្លៃ និងមិនអាចជ្រើសរើសម៉ាក រួមទាំងត្រូវបង់ប្រាក់ជាមុន ។

ក្នុងដំណាក់កាលដែលមេរោគកូវីដ-១៩ វាយលុកទូទាំងប្រទេសយ៉ាងខ្លាំង ទើបប្រទេសថៃផ្លាស់មកចូលរួមក្នុងគម្រោង កូវ៉ាក់វិញ ប៉ុន្តែវាយឺតពេលទៅហើយ ព្រោះត្រូវចរចានៅវគ្គក្រោយក្នុងឆ្នាំ ២០២២ ។

លោក ផាន់ខាំ វិផាវ៉ាន់ នាយករដ្ឋមន្ត្រីលាវ

ប្រទេសលាវមានប្រជាជនបានទទួលវ៉ាក់សាំងទាំងពីរម្ជុលចំនួន ១.៨០០.៦២១ នាក់ ។ លាវបានទទួលវ៉ាក់សាំង ចនសាន់ និង ចនសាន់ (J&J) ១ លានដូស ។ រដ្ឋាភិបាលលាវចូលរួមក្នុងគម្រោងការរបស់កូវ៉ាក់តាំងពីពាក់កណ្តាលឆ្នាំ ២០២០ បើរាប់ពីខែកុម្ភៈ ឆ្នាំ ២០២១ មក លាវបានទទួលវ៉ាក់សាំងចំនួន ១.៤១១.០០០ ដូស មាន AstraZeneca ១៣២.០០០ ដូស, Pfizer ១០១.០០០ ដូស និង Johnson & Johnson ចំនួន ១.០០៨.០០០ ដូស ។ ក្រៅពីនេះ ប្រទេសលាវបានទទួលពីភឿនមិត្តចិននូវ Sinofarm ចំនួន ១.៩០០.០០០ ដូស និង Sputnik V របស់រុស្ស៊ីជួយ ហើយនិងបន្តទទួលជាដំណាក់កាលៗចំនួន ៦.៦០៦.០៨៤ ដូស ។

នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផុសនៅលើហ្វេសប៊ុកថា វ៉ាក់សាំង Sinofarm ចំនួន ១លានដូសទៀតដែលទិញពីចិនបានមកដល់កម្ពុជាហើយ ហើយនៅខែសីហាខាងមុខ នឹងទទួលបាន Sinofarm ចំនួន ៤ លានដូស និង Sinovac ចំនួន ២ លានដូសបន្ថែមទៀត ចំណែកនៅខែកញ្ញា នឹងបាន Sinovac ចំនួន ៥ លានដូសទៀត ។ នៅយប់ថ្ងៃទី ២៣ ខែកក្កដានេះ សម្តេចតេជោនឹងអញ្ជើញទៅទទួលវ៉ាក់សាំង AstraZeneca ចំនួន ១ លានដូសផ្ទាល់ ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ។

វេបសាយ komchadluek របស់ថៃបានសរសេរថា «អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺស​ម្តេចតេជោ ហ៊ុន សែន បានចូលរួមក្នុងគម្រោងការ Covax យើងរួសរាន់ ។ បន្ទាប់ពីមានការផ្ទុះរាតត្បាតជាសហគមន៍ សម្តេចតេជោបានពង្រីកផែនការទិញវ៉ាក់សាំង Sinovac និង Sinofram ពីប្រទេសចិនជាបន្ទាន់ ដើម្បីចាក់ជូនពលរដ្ឋខ្លួនឲ្យបានរួសរាន់នៅទូទាំងប្រទេស រហូតគិតត្រឹមថ្ងៃទី ២០ កក្កដា ២០២១ រដ្ឋាភិបាលកម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៦,២ លាននាក់ ឬស្មើ៦២% នៃគោលដៅសរុប ១០ លាននាក់ ។  បើគិតនៅក្នុងតំបន់អាស៊ាន កម្ពុជាកំពុងឈរលំដាប់ទី២ បន្ទាប់ពីប្រទេសសិង្ហបុរី ដែលទទួលបានជោគជ័យក្នុងយុទ្ធនាការចាក់វ៉ាក់» ។

វេបសាយនេះបានសរសេរទៀតថា «យើងនឹងឃើញបានថា សម្តេច ហ៊ុន សែន សម្របខ្លួនបានលឿន ដើម្បីបានទទួលវ៉ាក់សាំងពីកូវ៉ាក់ ទើបកម្ពុជាបានបញ្ជាទិញវ៉ាក់សាំងពីចិនបានលឿនបន្ទាន់នៅក្នុងខែកក្កដានេះ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម