អ្នកយល់«អវិជ្ជមាន»នៅកម្ពុជា ចូរក្រឡេកមើលនៅប្រទេសសិង្ហបុរី អ្នកចាក់វ៉ាក់សាំងហើយ មាន ៣ ក្នុង ៤នាក់នៅឆ្លង

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី24 ខែកក្កដា ឆ្នាំ2021 ម៉ោង 12:11 នាទី ល្ងាច

admin សូរ្យរិទ្ធ៖

ពិភពលោកសព្វថ្ងៃនៅជួបបញ្ហាខ្លះៗអំពីការចាក់វ៉ាក់សាំងគ្រប់ដូសហើយ នៅតែមានមនុស្សឆ្លងកូវីដ-១៩ ដដែល ប៉ុន្តែមានមិនច្រើនទេបើប្រៀបទៅនឹងប្រជាជនលើពិភពលោកដែលបានចាក់រួចរាល់ រាប់ទាំងប្រទេសកម្ពុជាយើងផង។

មានមតិ«អវិជ្ជមាន»មួយចំនួនតូចនៅកម្ពុជា បាននិយាយថា វ៉ាក់សាំងរបស់ចិនគ្មានប្រសិទ្ធភាព ចាក់គ្រប់ដូសហើយនៅតែមានឆ្លង ប៉ុន្តែការលើកឡើងនេះមិនមានហេតុផលទេ បើយើងក្រឡេកទៅមើលប្រទេសសិង្ហបុរីវិញ វ៉ាក់សាំងដែលនាំមកចាក់ឲ្យប្រជាជនគេ សុទ្ធតែវ៉ាក់សាំងពីប្រទេសលោកខាងលិច គឺ Pfizer និង Moderna ប៉ុន្តែនៅមានអ្នកឆ្លង ៣ ក្នុង ៤ នាក់ ។

ពីទិន្នន័យរបស់រដ្ឋាភិបាលសិង្ហបុរីកាលពីម្សិលមិញ (២៣ កក្កដា) ថា អ្នកឆ្លងវីរុសកូវីដ-១៩ថ្មីក្នុង ៤ សប្តាហ៍កន្លងមក មាន ៣ ក្នុង ៤ នាក់ជាអ្នកចាក់វ៉ាក់សាំងរួច ។ នេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ព្រោះអ្នកជំនាញខាងផ្នែកវេជ្ជសាស្ត្រលើកឡើងថា សមាមាត្រនៃមនុស្សដែលបានទទួលថ្នាំបង្ការបានកើនឡើងដោយសារតែចំនួនប្រជាជនតិចតួចដែលមិនបានចាក់ ប៉ុន្តែសូមនិយាយម្តងទៀតថា អ្នកដែលបានចាក់ថ្នាំពេញលេញហើយ គ្មាននរណាម្នាក់ឈឺធ្ងន់ធ្ងរទេ ។

ទិន្នន័យពីភ្នាក់ងារព័ត៌មាន REUTERS ឲ្យដឹងថា ប្រទេសសិង្ហបុរីចាក់វ៉ាក់សាំងឲ្យប្រជាជនបានប្រមាណ ៧៥% ក្នុងប្រចំនួនប្រជាជន ៥,៧ លាននាក់ មានលំដាប់ទី ២ របស់ពិភពលោកបន្ទាប់ពីប្រទេសអារ៉ាប់រួម អេមីរ៉ាត់ ។ ប្រទេសសិង្ហបុរីចាក់វ៉ាក់សាំង Pfizer-Biontech និង Moderna ដែលជាវ៉ាក់សាំងល្បីថាល្អរបស់លោកខាងលិច ។

សេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលសិង្ហបុរីកាលពីថ្ងៃទី ២៣ ខែកក្កដាថា ក្នុងរយៈពេល ២៨ ថ្ងៃ មានអ្នកឆ្លងក្នុងប្រទេសមានចំនួន ១.០៩៦ នាក់ ក្នុងចំនួននេះ ៤៨៤ នាក់ ឬ ៤៤% បានចាក់វ៉ាក់សាំងគ្រប់ដូស ហើយ ៣០% ទៀតបានចាក់ម្ជុលទីមួយ និងនៅសល់ ២៥% ទៀតនៅមិនទាន់បានចាក់ ហើយអ្នកឆ្លងមានត្រឹម ៧ នាក់ប៉ុនណោះដែលត្រូវប្រើអុកស៊ីហ្សែន ដោយ ៦ នាក់ជាអ្នកមិនបានចាក់ និង ១ នាក់ទៀតបានចាក់ ១ ម្ជុល ។

ក្រសួងនេះឲ្យដឹងទៀតថា មានព័ស្តុតាងបញ្ជាក់ថា ការចាក់វ៉ាក់សាំងជួយការពារជំងឺធ្ងន់ធ្ងរនៅពេលឆ្លងវីរុស ក្រៅពីនេះគ្មាននរណាម្នាក់ឈឺទេ ឬមានរោគសញ្ញាស្រាលប៉ុនណោះ ។ អ្នកជំនាញជាច្រើនបានបញ្ជាក់ក្នុងរបាយការណ៍ថា អ្នកដែលចាក់រួចរាល់ហើយឆ្លង គឺមិនមានន័យថា វ៉ាក់សាំងនោះគ្មានប្រសិទ្ធភាពនោះទេ ។

ទិន្នន័យឲ្យដឹងថាទៀតថា ការឆ្លងមេរោគក្នុងរយៈពេល ១៤ ថ្ងៃកន្លងទៅក្នុងក្រុមដែលចាក់វ៉ាក់សាំងហើយមានអាយុ ៦១ ឆ្នាំឡើងទៅ មានប្រមាណ ៨៨% ខ្ពស់ជាងក្រុមមានអាយុតិចជាង ។ លោក លីន ហ្វាវ៉ាំង សាស្រ្តាចារ្យនៅសាលាវេជ្ជសាស្ត្រ NUS បានមានប្រសាសន៍ថា «ដោយសារតែមនុស្សវ័យចំណាស់មានប្រតិកម្មភាពស៊ាំតិចជាង»។

នៅអ៊ីស្រាអែលអត្រាចាក់វ៉ាក់សាំងក៏ខ្ពស់ដែរ, ទិន្នន័យពីភ្នាក់ងារសុខាភិបាលបង្ហាញថា ប្រហែលពាក់កណ្តាលនៃអ្នកជំងឺ ៤៦ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរហូតដល់ដើមខែកក្កដា អ្នកដែលមានអាការធ្ងន់ធ្ងរ គឺជាអ្នកដែលបានចាក់វ៉ាក់សាំងហើយ ភាគច្រើនមកពីក្រុមហានិភ័យ ។

ប្រទេសសិង្ហបុរីបានរាយការណ៍ពីការឆ្លងថ្មីចំនួន ១៦២ កាលពីថ្ងៃព្រហស្បតិ៍ទី ២២ កក្កដា វាជិតដល់កម្រិតខ្ពស់រយៈពេល ១១ ខែកាលពីដើមសប្តាហ៍នេះ ។ ការកើនឡើងនៃចំនួនការឆ្លងបាននាំឱ្យមានការរឹតត្បិតកាន់តែខ្លាំងលើការជួបជុំសង្គម និងពន្លឿនការផ្សព្វផ្សាយការចាក់វ៉ាក់សាំងបន្ថែមទៀត ជាពិសេសក្នុងចំណោមមនុស្សចាស់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម