ដោយ សូរ្យសែង៖
ប្រទេសអ៊ីស្រាអែលអះអាងថា អ្នកឆ្លងកូវីដ-១៩ បានថយចុះក្នុងក្រុមមនុស្សអាយុ ៦០ ឆ្នាំឡើងទៅ ក្រោយពីបានចាក់វ៉ាក់សាំងម្ជុលទី ៣ ឬ វ៉ាក់សាំងជម្រុញរួចរាល់ ។
កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ ទីភ្នាក់ងារ REUTERS រាយការណ៍ថា ប្រទេសអ៊ីស្រាអែលបានផ្សព្វផ្សាយថា ក្រោយ ពីចាប់ផ្តើមចាក់វ៉ាក់សាំងការពារកូវីដ-១៩ ម្ជុលទី ៣ ជូនប្រជាជនទូទៅរួចមក ឃើញថា ក្រុមមនុស្សអាយុ ៦០ ឆ្នាំឡើងទៅ ក្នុងរយៈពេល ១០ ថ្ងៃកន្លងទៅ កំពូលឆ្លងកូវីដបានថយចុះគួរកត់សម្គាល់ ។
ប្រទេសអ៊ីស្រាអែលបានចាប់ផ្តើមចាក់វ៉ាក់សាំងការពារកូវីដ-១៩ ម្ជុលទី ៣ ទៅលើមនុស្សអាយុ ៦០ ឆ្នាំឡើងទៅនិងចុងក្រោយកាលពីសប្តាហ៍កន្លងមក អ្នកដែលមានអាយុ ៤០ ឡើងទៅដែលចាក់វ៉ាក់សាំងគ្រប់ ២ ដូសលើស ពី ៥ ខែ អាចទៅចាក់ម្ជុលទី ៣ បាន ។ មកទល់នឹងពេលនេះ មានប្រជាជនក្នុងប្រទេសបានចាក់វ៉ាក់សាំងម្ជុលទី ៣ បានច្រើនលាននាក់ហើយ ។
មុននេះ ប្រទេសអ៊ីស្រាអែលបានចាក់ឲ្យប្រជាជនបានយ៉ាងលឿន ហើយឃើញថា ខែមិថុនាអត្រាឆ្លងមេរោគកូវីដ-១៩ ថ្មីមិនមានឆ្លង តែក្រោយពីបានប្រឈមនឹងកូវីដ បម្លែងថ្មី «ដែលតា (Delta)» មក ក៏ចាប់ផ្តើមមានអ្នកឆ្លងដល់ ៧.៥០០ នាក់ក្នុងមួយថ្ងៃ ។
ចំណែកនៅកម្ពុជាយើង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានកំណត់គោលដៅដ៏វាងវៃក្នុងការចាក់វ៉ាក់សាំងម្ជុលទី ៣ (AstraZeneca) ជូនមន្ត្រីរាជការ កងកម្លាំង និងប្រជាជនទូទាំងប្រទេសដើម្បីការពារមេរោគកូវីដ-១៩ បម្លែងថ្មី «Delta» ឲ្យកាន់តែមានប្រសិទ្ធភាព ។ ប្រជាជនបានអបអរសាទរ ចំពោះការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ចំពោះអាយុជីវិតរបស់ប្រជាពលរដ្ឋ ហើយមកទល់នឹងពេលនេះ ការចាក់ម្ជុលទី ៣ បានដំណើរការបណ្តើរៗហើយ ៕
រូបមន្តមាស ៣ ការពារ ៣ កុំ!