ក្តីបារម្ភរបស់លោកជំទាវ ឱ វណ្ណឌីន៖ សូមកុំឱ្យការសប្បាយភ្លេចខ្លួន ក្លាយទៅជាការបង្ក​ហេតុនៃការចម្លងរោគកូវីដ-១៩​ រាតត្បាតធំធេង ដល់គ្រួសារ​ និងអ្នកដទៃ

ព័ត៌មានសង្គមថ្ងៃពុធ ទី06 ខែតុលា ឆ្នាំ2021 ម៉ោង 6:32 នាទី ល្ងាច

ថ្ងៃទី ៦ តុលា ជាថ្ងៃឆ្លងបុណ្យភ្ជុំធំ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានបង្ហោះសារដ៏វែងគួរសម នៅលើផេកក្រសួងសុខាភិបាល ស្តីពីការបារម្ភចំពោះការឆ្លងកូវីដ បណ្តាលមកអំពីការសប្បាយរបស់ពលរដ្ឋខ្មែរមួយចំនួន ក្នុងឱកាសដើរកម្សាន្ត ដោយមានមានសភាពណែនប្រជ្រៀតគ្នា ។ ខ្លឹមសារទាំងស្រុងមានដូចខាងក្រោម ៖

«ខ្ញុំសូមក្រើនរំលឹកថា​ សូមកុំឱ្យការសប្បាយភ្លេចខ្លួនរបស់បុគ្គលមួយក្រុមណានោះ​ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ក្លាយទៅ​ជាការបង្ក​ហេតុនៃការចម្លងរោគកូវីដ-១៩​ រាតត្បាតធំធេង ដល់គ្រួសារ​ និងអ្នកដទៃ​ នៅក្នុងសហគមន៍ដែលបុគ្គលនោះរស់នៅ​ក្រោយពេលបុណ្យភ្ជុំបិណ្ឌ​ ដែលអាចឈានទៅដល់មានការស្លាប់បាត់បង់ជីវិតនូវមនុស្សជាទីស្រឡាញ់របស់ខ្លួន។

ក្រោយពីខ្ញុំបានឃើញរូបភាពដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ​ នៅតាមទីតាំងមួយចំនួនមក​ ខ្ញុំមានការបារម្ភខ្លាំងណាស់​ នូវស្ថានភាពខ្វះការប្រុងប្រយ័ត្នរបស់ពួកគាត់​ ដោយនាំគ្នាផ្តុំច្រើនកុះករពេក​ហើយៗ មិនមានអនុវត្តន៍វិធានការ​ ៣ការពារ​ និង​ ៣កុំ​។ នៅកន្លែងប្រមូលផ្តុំមួយចំនួនដែលកកស្ទះមនុស្សម្នាច្រេីនហួស​ប្រមាណ ក្នុងពេលដែលវីរុសកូវីដ-១៩​ ជាពិសេសពពួកដែលតា​ កំពុងតែចរាចរយ៉ាងសកម្មនៅក្នុងប្រទេស​ ហានិភ័យនៃការចម្លងបន្តគ្នាលឿននឹងអាចកើតឡើងគ្រប់ពេល​ និងគ្រប់ទីកន្លែង​ ក្នុងសភាពដែលបងប្អូនជួបជុំប្រមូលផ្តុំកកកុញ​ ដោយសារតែភាពមាន:ចង់ចូលទៅលេងទឹក​ ឫកំសាន្តបែបយុវវ័យជុំៗគ្នាច្រើន​ ដោយមិនស្តាប់តាមការណែនាំរបស់អជ្ញាធរ​ និងសមត្ថកិច្ច។ បងប្អូនដឹងទេថា​ មូលហេតុនៃការផ្ទុះជំងឺដ៏ច្រើនសន្ធឹកសន្ធាប់នៅបណ្តាប្រទេសមួយចំនួន​ គឺចេញមកពីកន្លែងដែលកកកុញមនុស្សច្រើន​ ឬនៅកន្លែង​​ (កន្លែងបិទជិត​ កន្លែងជុំៗគ្នា​ច្រើន​ និងនៅជិតកៀកៗគ្នា​)​ ដោយមិនមានអនុវត្ត​វិធានការការពារខ្លួន​នេះឯង។ តាមរូបភាពដែលខ្ញុំបានឃើញមួយចំនួន​ គឺជាការជួបជុំបែបមិនមានការបារម្ភពីហានិភ័យនៃការចម្លងវីរុសកូវីដ-១៩​ ទាល់តែសោះ​។

ជាការពិតហើយ​ ដែលបងប្អូនចង់លេងសប្បាយ​ ក៏ប៉ុន្តែ​មិនត្រូវឱ្យការសប្បាយរបស់ខ្លួន​ ក្លាយជាការកើតទុក្ខដោយការបាត់បង់សាច់ញាតិជាទីស្រឡាញ់របស់ខ្លួនដោយសារការឆ្លងជំងឺកូវីដ-១៩​ នោះទេ។​ ត្រូវចងចាំថា​ “ ជីវិតយើងមានតែ មួយគត់​ បើស្លាប់បាត់ទៅ​ តេីការសប្បាយ​តែមួយភ្លែត​ ឫមួយថ្ងៃ​ ជាផលចំណេញសម្រាប់បុគ្គលដែរទេ​? ហើយយើងអាចនៅមានពេល​ និងទីកន្លែងច្រើនទៀត​ ដើម្បីស្វែងទៅរកការកំសាន្តសប្បាយ​ ដោយមានការប្រុងប្រយ័ត្នខ្ពស់​ ដែលយើងអាចរៀនរស់នៅ​ បានយូរអង្វែង​ ជាមួយនឹងការវិវត្តន៍បម្លែងខ្លួននៃវីរុសកូវីដ-១៩​។ ការដកស្រង់បទពិសោធន៍​ និងរៀនសូត្ររស់នៅកំសាន្តសប្បាយរបស់យើង​ ចាំបាច់ត្រូវធ្វើតាមបែប​ «សន្សឹមៗ​ កុំបំបោល​ ក្រែងពុំដល់ដូចប្រាថ្នា» ទើបយើងអាចឈានទៅដល់ការរក្សាបាននូវសុខសុវត្ថិភាព​ រក្សាបានសុខភាពបុគ្គល​ គ្រួសារ​ និងសហគមន៍​ បានយូរអង្វែងផង ដែរ។ ខ្ញុំសូមក្រើនរំលឹកហើយរំលឹកទៀតថា​ ទោះជាបុគ្គល​ និងក្រុមគ្រួសារ​ ដើរកំសាន្តនៅទីណាក៏ដោយ​ សូមកុំភ្លេចនាំ យកទៅជាមួយខ្លួននូវការអនុវត្តន៍​ «៣ការពារ​ និង​ ៣កុំ» ឱ្យបានខ្ជាប់ខ្ជួន​ រូមគ្នាបញ្ចៀសបាននូវការចម្លងបន្តគ្នា​ ដែលជាមហន្តរាយសុខភាពសាធារណ:​ និងសេដ្ឋកិច្ចជាតិ។ ត្រូវចេះជួយដាស់តឿនគ្នា​ រំលឹកគ្នាទៅវិញទៅមក​ ក្នុងពេលដើរកំសាន្ត​ នូវក្បួនការពារខាងលើនេះ​ ជាចាំបាច់​ ដើម្បីសេចក្តីសុខ​ និងសុខភាពល្អផ្ទាល់ខ្លួន​ និងក្រុមគ្រួសារមានសុវត្ថិភាព​ ហើយមិនត្រូវនាំវីរុសកូវីដ-១៩​ មកចម្លងក្រុមគ្រួសាររបស់ខ្លួនឡើយ​ ជាពិសេសជនវ័យចាស់​ និងវ័យចាស់ជរា។ សូមជូនពរបងប្អូនប្រជាពលរដ្ឋ​ សុខភាពល្អ​ ចៀសផុតការចម្លងរោគកូវីដ-១៩​ ចង្រៃ​ គ្រប់ៗគ្នា​ និងសូមអរគុណច្រើន» ៕

លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន

រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម