អូស្ត្រាលីព្រួយបារម្ភតម្លៃឧបករណ៍តេស្តកូវីដខ្លួនឯងឡើងថ្លៃ ៥០ដង

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី17 ខែមករា ឆ្នាំ2022 ម៉ោង 7:06 នាទី ល្ងាច


គណៈកម្មការគ្រប់គ្រងការប្រកួតប្រជែងពាណិជ្ជកម្មអូស្ត្រាលី បាននិយាយនៅថ្ងៃចន្ទ ទី ១៧ មករានេះថា មានក្តីបារម្ភយ៉ាងខ្លាំងលើរបាយការណ៍ឡើងថ្ងៃឧបករណ៍តេស្តអង់ទីហ្សែន (Antigen Test Kit) ហើយកំពុងស្វែងរកព័ត៌មានពីអ្នកផ្គត់ផ្គង់ អ្នកលក់រាយ និងបណ្តាញឱសថស្ថាន ដែលដំឡើងថ្លៃប្រមាណ ៥០ ដង ។

ប្រទេសអូស្ត្រាលីកំពុងប្រឈមមុខនឹងការខ្វះឧបករណ៍តេស្តអង់ទីហ្សែនបន្ទាន់ដោយខ្លួនឯង បន្ទាប់​ពី​មន្ត្រី​បាន​ណែនាំ​អ្នក​​ទាំង​នោះ​ដែល​មិន​មាន​រោគ​សញ្ញា ជៀសវាងឲ្យមជ្ឈមណ្ឌលធ្វើតេស្តរកកូវីដ ដែលទទួលបានការគាំទ្រពីរដ្ឋាភិបាល ហើយធ្វើការពិនិត្យដោយខ្លួនឯងជំនួសវិញ ។

លោក រ៉ដ ស៊ីម (Rod Sims) ប្រធានគណៈកម្មការប្រកួតប្រជែង និងការពារអ្នកបរិភោគអូស្ត្រាលី បាននិយាយថា «ចំពេលមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ តម្លៃ​ខ្ពស់​ហួសហេតុ​នៃ​ឧបករណ៍​តេស្ត​អង់ទីហ្សែនបែបបន្ទាន់​ គឺចាំបាច់សម្រាប់ការធ្វើរោគវិនិច្ឆ័យ និងការការពារសាធារណជនផ្សេងៗ ​ជារឿងគួរ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង»។

លោក ស៊ីម បានផ្តល់ទិន្នន័យថា មានព័ត៌មានថា តម្លៃឧបករណ៍តេស្តបានឡើងថ្លៃដល់ ៥០០ ដុល្លារអូស្ត្រាលី ឬប្រមាណ ៣៦០ ដុល្លារអាមេរិក មានលក់តាមអនឡាញ និង ៧០ ដុល្លារអូស្ត្រាលី ឬប្រមាណ ៥០ ដុល្លារអាមេរិកក្នុងតម្លៃលក់តាមហាងផ្សេងៗ ។ កាលពីសប្តាហ៍មុន តាមហាងផ្សេងៗមានតម្លៃត្រឹម ១០ ដុល្លារអូស្ត្រាលី ឬប្រមាណ ៧ ដុល្លារអាមេរិកប៉ុនណោះ ។

ក្រោយ​ពី​បាន​ជោគជ័យ​ក្នុង​ការ​គ្រប់​គ្រង​មេរោគកូវីដនៅ​គ្រា​ដំបូងៗនៃជំងឺរាតត្បាត ប្រទេសអូស្ត្រាលីបានរាយការណ៍អំពីករណីឆ្លងវីរុសនេះជិត ១,៣ លានករណីក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ។ នាំឱ្យស្ថានភាពអ្នកជំងឺលើសចំណុះនៅក្នុងមន្ទីរពេទ្យ និងគ្លីនិក ចំ​ពេល​មាន​សេចក្តី​រាយការណ៍​ថា ឧបករណ៍​ពិនិត្យ​តេស្តដោយ​ខ្លួន​ឯង​ត្រូវ​បាន​ស្តុក​ទុក ៕

ប្រភព REUTERS

ដោយ សាវុឌ្ឍ

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម