អត្ថបទ សូរ្យសែង៖
ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដេន (Joe Biden) បានព្រមានប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន (Vladimir Putin) ថា ប្រសិនរុស្ស៊ីចាត់ការជាមួយនឹងអ៊ុយក្រែន គេនឹងប្រឈមនឹង «គ្រោះមហន្តរាយ» ធ្ងន់ធ្ងរ ប៉ុន្តែការឈ្លានពានតិចតូច ទម្រង់តូចៗ ក៏នឹងប្រឈមមុខនឹងការតបស្នងតិចតួចពីលោកខាងលិចដែរ ។
កាលពីថ្ងៃពុធ ទី ១៩ ខែមករា ឆ្នាំ ២០២២ លោក ចូ បៃដេន បានថ្លែងសារនៅសេតវិមានរយៈពេល ២ ម៉ោង ប៉ុន្តែសាររបស់គាត់បានបង្កើតភាពច្របូកច្របល់ និងមិនច្បាស់លាស់អំពីគោលជំហររបស់លោកខាងលិចអំពីរបៀបទប់ទល់នឹងរុស្ស៊ី ប្រសិនបើប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន សម្រេចចិត្តឈ្លានពានអ៊ុយក្រែនមែន ។
រុស្ស៊ីដាក់កម្លាំងយោធា ១០០.០០០ នាក់ ជាមួយនឹងយុទ្ធោបករណ៍នៅកៀកព្រំដែនប្រទេសអ៊ុយក្រែន ដែលបង្កឲ្យមានការ បារម្ភដល់លោកខាងលិច ។ ក្រុមសម្ព័ន្ធមិត្តបានចោទ ពូទីន ថាកំពុងរៀបចំផែនការឈ្លានពាន ដើម្បីការពារអ៊ុយក្រែនពីការចូលជាសមាជិកNATO ប៉ុន្តែរដ្ឋាភិបាលរុស្ស៊ីបានបដិសេធការចោទប្រកាន់នេះ ។
លោក បៃដេន និយាយថា សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្ត ព្រមគ្នានឹងបង្កមហន្តរាយដល់ការបាត់បង់សេដ្ឋកិច្ចរបស់ រុស្ស៊ី ។ «រុស្ស៊ីត្រូវទទួលខុសត្រូវចំពោះការរុករាន និងការប្រព្រឹត្ត ប្រសិនជាការរុករានទន្ទ្រានតិចតួច វាជារឿងមួយ ចុងក្រោយត្រូវតស៊ូជាមួយនឹងអ្វីដែលគួរធ្វើ និងមិនគួរធ្វើ... ប៉ុន្តែប្រសិនបើពួកគេពិតជាធ្វើអ្វីដែលអាចធ្វើបាន ជាមួយនឹងកងកម្លាំងដែលចល័តតាមព្រំដែន វានឹងក្លាយជាគ្រោះមហន្តរាយសម្រាប់រុស្ស៊ី ។ «តម្លៃនៃការចូលទៅកាន់អ៊ុយក្រែនទាក់ទងនឹងការបាត់បង់ជីវិតដល់ជនជាតិរុស្ស៊ី និងមានការខាតបង់យ៉ាងធ្ងន់ធ្ងរ»។
ស្របពេលដែលត្រូវបានគេរាយការណ៍ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានផ្តល់ភ្លើងខៀវដល់ប្រទេសលីទុយអានី, ឡាតវី និងអេស្តូនី ៣ ជាតិសាសន៍បាល់ទិក ដែលធ្លាប់ជាអតីតសមាជិកសហភាពសូវៀតដូចអ៊ុយក្រែន អាចបញ្ជូនមីស៊ីល និងអាវុធដែលផលិតដោយសហរដ្ឋអាមេរិកចូលអ៊ុយក្រែនបាន ។ កិច្ចព្រមព្រៀងផ្ទេរអាវុធរបស់ប្រទេសទីបីនឹងអនុញ្ញាតឱ្យអេស្តូនីបញ្ជូនមីស៊ីលប្រឆាំងរថក្រោះទៅកាន់អ៊ុយក្រែន ខណៈដែលប្រទេសលីទុយអានីនឹងត្រូវបានអនុញ្ញាតឱ្យបញ្ជូនមីស៊ីល Stinger ទៅកាន់អ៊ុយក្រែនផងដែរ ។
ពាក្យសម្តីរបស់លោក បៃដេន អំពី «ការឈ្លានពានតិចតួច» បានបង្កើតភាពច្របូកច្របល់ ហើយធ្វើឲ្យសមាជិកសភាគណបក្សសាធារណរដ្ឋចេញមុខស្តីបន្ទោស ដោយចោទថា បានផ្តល់ភ្លើងខៀវយុទ្ធសាស្ត្រសម្រាប់រុស្ស៊ីក្នុងការបញ្ជូនទ័ពទៅឈ្លានពានអ៊ុយក្រែន ។
សេតវិមានត្រូវតែប្រញាប់ប្រញាល់បំភ្លឺសេចក្តីថ្លែងការណ៍ភ្លាមៗ បន្ទាប់ពីលោក បៃដេន បានបញ្ចប់សន្និសីទសារព័ត៌មាន ។ លោកបញ្ជាក់ជាថ្មីថា ចលនាយោធារុស្ស៊ីចូលអ៊ុយក្រែនក្នុងកម្រិតណាមួយ នឹងប្រឈមមុខនឹងការឆ្លើយតបវិញដ៏អាក្រក់ ។
«ប្រសិនបើទាហានរុស្ស៊ីឆ្លងកាត់ព្រំដែនអ៊ុយក្រែន នោះគឺជាការលុកលុយថ្មី ហើយនឹងប្រឈមមុខនឹងការតបស្នងយ៉ាងឆាប់រហ័ស និងការឯកភាពពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង» អ្នកនាំពាក្យសេតវិមាន ជេន សាគី (Jane Saki) បាននិយាយដោយពន្យល់ពីចេតនារបស់លោក បៃដេន ។ រុស្ស៊ីមានយុទ្ធសាស្ត្រទូលំទូលាយនៃការឈ្លានពានមិនប្រើយោធា នេះរួមបញ្ចូលទាំងការវាយប្រហារតាមអ៊ីនធឺណិត (សាតបឺរ) និងយុទ្ធវិធីពាក់កណ្តាលយោធា ។
រីឯរុស្ស៊ីវិញបានថ្កោលទោសពាក្យគំរាមរបស់លោក បៃដេន ។ លោក ឌីមីទ្រី ប៉េសខស អ្នកនាំពាក្យវិមានក្រឹមឡាំងថា សេចក្តីថ្លែងការណ៍នោះធ្វើឲ្យស្ថានការណ៍គ្មានសន្តិសុខ ព្រោះអាចបង្កើតការបំផុសគំនិតឲ្យពួកក្បាលរឹងអ៊ុយក្រែន មានសង្ឃឹមបែបខុស ។
អេនតូនី ប្លីងខេន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានទៅទស្សនកិច្ចនៅអ៊ុយក្រែនកាលពីថ្ងៃទី ១៩ មករា ហើយបានប្រឹក្សាជាមួយសម្ព័ន្ធមិត្តក្នុងអឺរ៉ុប មុនទៅជួបលោក សឺហ្គេយ៍ ឡារ៉ូស រដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅចេនេវ៉ា នាថ្ងៃសុក្រទី ២១ មករា នេះ ៕