ប្រទេសភូមាខ្វះទឹកប្រើ! ប្រជាជនតម្រង់ជួរយ៉ាងយូរ និងទិញទឹកក្នុងតម្លៃថ្លៃ

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី26 ខែមេសា ឆ្នាំ2023 ម៉ោង 9:10 នាទី ព្រឹក

ដោយ សូរ្យរិទ្ធ៖

នឹកឃើញអតីតកាលនៃប្រទេសកម្ពុជា ដែលទើបងើបផុតពីរបបខ្មែរក្រហម ១៩៧៩-១៩៨០ យើងគ្មានទឹកស្អាតប្រើ និងខ្វះខាតយ៉ាងលំបាក ហើយគ្មាននរណាមកជួយ ក្រៅពីរដ្ឋាភិបាលលោក ហ៊ុន សែន ខ្លួនឯងប៉ុណ្ណោះ ដែលជួយប្រជាជនក្នុងគ្រាដ៏លំបាក និងវេទនា។

ងាកមកពេលនេះ ទីក្រុងធំៗជាច្រើនក្នុងប្រទេសមីយ៉ាន់ម៉ា (ភូមា) កំពុងប្រឈមនឹងការខ្វះខាតទឹកបរិភោគ ទឹកប្រើប្រាស់យ៉ាងខ្លាំង ដោយសារតែទឹកម៉ាស៊ីនមិនចេញ អ្នក​ភូមិ​ត្រូវ​តម្រង់​ជួរ​យ៉ាង​យូរ​ដើម្បី​ទទួល​សេវាទឹក ឬទិញក្នុងតម្លៃថ្លៃមកប្រើ ។

សហគមន៍ជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា ប្រឈម​នឹង​បញ្ហា​ទឹក​មិន​ហូរ​ជាប់​ជាច្រើន​ថ្ងៃ អ្នក​ភូមិ​ត្រូវ​តម្រង់​ជួរ​ដើម្បី​ទទួល​ទឹក​ចែក​ពី​អង្គការ​ផ្សេងៗ ឬ​ត្រូវ​ទិញ​ទឹក​មក​ហូប​ និង​ប្រើ​ក្នុង​តម្លៃ​ថ្លៃហួស​ហេតុ ។

កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ សារព័ត៌មានមេគង្គ (Mekong News)បានរាយការណ៍ថា អ្នកភូមិមកពីសហគមន៍តូចមួយនៅស្រុកដាឡា ទីប្រជុំជន ទុយអាន តេ ភាគខាងត្បូងទីក្រុងយ៉ាំងហ្គោន ត្រូវឈរតម្រង់ជួរយ៉ាងវែង ដើម្បី​​ទទួល​ការ​ចែក​ទឹក​ពី​អង្គការ​សប្បុរស ដោយសារតែសហគមន៍ដែលពួកគេរស់នៅ ទឹក​មិន​ចេញ​ច្រើន​ថ្ងៃ​មក​ហើយ អ្នកភូមិទាំងនេះត្រូវបានផ្តល់ទឹកចំនួន ១០០ លីត្រក្នុងមួយគ្រួសារ ឬប្រហែលពីរធុងធំ ។

សប្បុរសជនបានដឹកជញ្ជូនទឹកពីអាងស្តុកទឹក Cho Pyu ភាគខាងជើងទីក្រុងយ៉ាំងហ្គោន ជាមួយនឹងឡានទឹកធំ ប៉ុន្តែ​ដោយ​សារ​តែ​មាន​អ្នក​ភូមិ​ជា​ច្រើន​នាក់​ចាំ​តម្រង់​ជួរ​ដើម្បី​ចែក​ទឹក រថយន្តដឹកទឹកត្រូវរត់ទៅទទួល និងដឹកជញ្ជូនទឹកយ៉ាងតិច ៦ ជើង ។

អ្នកភូមិម្នាក់បានប្រាប់ Eleven Media Group ថាវាជារដូវប្រាំងកាលពីឆ្នាំមុន តម្លៃ​ទឹក​៦០០០​ ច័ត (លុយភូមា) ឬ​ជិត ៣ ដុល្លារសហរដ្ឋអាមេរិកលក្នុងមួយធុងធំ ប៉ុន្តែ​ឆ្នាំ​នេះ​ឡើង​ដល់ ​៨.០០០-១០.០០០ ​ច័ត ឬប្រមាណ 4-5 ដុល្លារ ។

មិនត្រឹមតែទីក្រុង ម៉លឡាមីន ដែលកំពុងប្រឈមមុខនឹងបញ្ហាកង្វះទឹកប៉ុណ្ណោះទេ ប៉ុន្តែទីក្រុងជាច្រើនក្នុងរដ្ឋមន ដូចជា ចៃថូ បេលីន សាតេម ពុង ចៃមៈរ័រ ចុងសុង មូដុង រេ និង ដាន់ពិសយ៉ា ក៏ប្រឈមនឹងការខ្វះខាតទឹកផងដែរ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម