តោះមកដឹងទ្រព្យសម្បត្តិរបស់ ពូទីន មានប៉ុន្មាន?

សេដ្ឋកិច្ចថ្ងៃព្រហស្បត្តិ៍ ទី10 ខែមិីនា ឆ្នាំ2022 ម៉ោង 8:02 នាទី ល្ងាច

បកប្រែពីវេបសាយថៃ prachachat.net

ដោយ សូរ្យសែង៖

ពេញ​ ២ ទសវត្សរ៍​ក្រោមស្រមោល «សម័យទំនើបនៃប្រទេសរុស្ស៊ី» លោក វ្ល៉ាឌីមៀរ ពូទីន បានទទួលជោគជ័យក្នុងការបង្វែរសេដ្ឋកិច្ចរបស់ប្រទេសឱ្យត្រឡប់ទៅរកកំណើនជាបន្តបន្ទាប់, មានមហាសេដ្ឋីរុស្ស៊ីកើតថ្មីកម្រិត billionaire ចំនួន ១១៧ រូប ចុះក្នុងបញ្ជីរបស់ទស្សនាវដ្តី Forbes ដែលត្រូវបានគេហៅថា Russian oligarch ដែលជាក្រុមមហាសេដ្ឋីដែលមានឥទ្ធិពលទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ។

សង្គ្រាមអ៊ុយក្រែន មិនត្រឹមតែធ្វើឲ្យប្រទេសលោកខាងលចិដាក់ទណ្ឌកម្មដល់ក្រុម Russia oligarch ដែលនៅជុំវិញខ្លួនលោក ពូទីន ប៉ុនណោះទេ តែត្រូវបានកំណត់គោលដៅទៅលើការបង្កកទ្រព្យសម្បត្តិរបស់លោក ពូទីន ផងដែរ ។

ទិន្នន័យផ្លូវការពីវិមានក្រឹមឡាំងបាននិយាយថា ពូទីន រកចំណូលបានក្នុងនាមជាមេដឹកនាំរុស្ស៊ីប្រហែល ១៤០.០០០ ដុល្លារក្នុងមួយឆ្នាំ និងមានគេហដ្ឋានមួយកន្លែងនៅចំកណ្តាលទីក្រុងម៉ូស្គូ ។

ទោះ​ជា​យ៉ាង​ណា​ព័ត៌មាន​ពី​ភ្នាក់ងារ​ស៊ើបការណ៍​ត្រូវគេជឿថា លោក ពូទីន មានទ្រព្យសម្បត្តិយ៉ាងហោចណាស់ ១០០ ពាន់លានដុល្លារ ប្រហាក់ប្រហែលនឹងបុរសអ្នកមានបំផុតលើលោក គឺលោក អ៊ីឡន មុសក៍ (Elon Musk) ។

ព្រះរាជវាំងពូទីន (Poutin Palace) ត្រូវបានគេស្គាល់ទូទាំងពិភពលោក នៅពេលលោក អាឡិចស៊ី ណាវ៉ាល់នីយ៍ ដែលជាបក្សប្រឆាំងបានបង្ហាញទំហំដ៏ធំធេងនៃវិមានប្រណីតនៅលើផ្ទៃដីដ៏ធំមួយនាឆ្នេរសមុទ្រ ដែលមានតម្លៃមិនទាបជាង ១ ពាន់លានដុល្លារនោះទេ ។

វាមិនគ្រាន់តែជាវិមានដ៏ប្រណិតប៉ុណ្ណោះទេ តែត្រូវបានគេបង្ហាញផងដែរថា លោក ពូទីន ក៏ជាម្ចាស់ទូក Graceful ប្រវែង ៨២ ម៉ែត្រផងដែរ ដោយកត់សម្គាល់ថាទូកនេះបានធ្វើដំណើរពីប្រទេសអាល្លឺម៉ង់ទៅកាន់ប្រទេសរុស្ស៊ីពីរបីសប្តាហ៍មុនពេលការផ្ទុះនៃសង្រ្គាមអ៊ុយក្រែន ។

មិត្តជិតស្និទ្ធរបស់ ពូទីន ម្នាក់គឺលោក សឺហ្គេ កូឡេសនីកូវ (Sergei Kolesnikov) បានសរសេរសំបុត្រចំហមួយថា ពូទីន ដែលពេលនោះជានាយករដ្ឋមន្ត្រីកំពុងសាងសង់អចលនទ្រព្យ នៅលើផ្ទៃដីដ៏ធំមួយនៅមាត់សមុទ្រខ្មៅ ដែលមានតម្លៃជាង ១ ពាន់លានដុល្លារ ដែលប្រមូលបានតាមរយៈ «អំពើពុករលួយ ការសូកប៉ាន់ និងការរឹបអូស» ។

ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីការវិលត្រឡប់របស់លោក ពូទីន ឡើងកាន់អំណាច វិមានក្រឹមឡាំងបានព្យាយាមបង្ហាញលោក ពូទីន ជាមេដឹកនាំសាមញ្ញ គាត់ចូលចិត្តចំណាយពេលវិស្សមកាលទៅបោះជំរំ និងនេសាទនៅក្នុងព្រៃស៊ីបេរី  ប៉ុន្តែក៏​បាន​បដិសេធ​ថា ​មិន​មាន​វាំង​ប្រណីត​ណា​មួយ​ទេ ។

ព័ត៌មានស៊ីជម្រៅក៏បានរកឃើញផងដែរ លោក ពូទីន មាន​ផ្ទះ​ជាន់​ខ្ពស់​តម្លៃ ៤,១ លាន​ដុល្លារ​នៅ​ប្រទេស​ម៉ូណាកូ ​ត្រូវ​បាន​​ទិញ​ទុក​តាម​រយៈ​ក្រុមហ៊ុន​ក្រៅ​ប្រទេស​ក្រោម​ឈ្មោះរបស់​មិត្ត​ស្រីម្នាក់ ។

នៅមានវិហារប្រណីតមួយនៅភាគខាងត្បូងនៃប្រទេសបារាំង ដែលភ្ជាប់ជាមួយអតីតភរិយា ឡុដមីឡា ពូទីណា (Ludmila Putina) ដែលបានលែងលះគ្នាកាលពីឆ្នាំ ២០១៤ ។ ព័ត៌មានរបស់លោកខាងលិចគ្រប់គ្រាន់ដើម្បីដឹងអំពីទ្រព្យសម្បត្តិរបស់លោក ពូទីន ទោះយ៉ាងណា បញ្ហាធំនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី គ្មានទ្រព្យសម្បត្តិណាមួយអាចត្រូវបានបញ្ជាក់ថា មានពាក់ព័ន្ធដោយផ្ទាល់ជាមួយលោក ពូទីន នោះទេ ។

លោក ប៉ូល ម៉ាស្សារ៉ូ (Paul Massaro) ទីប្រឹក្សាជាន់ខ្ពស់សភាខុនហ្គ្រេសខាងទណ្ឌកម្មរុស្ស៊ី បាននិយាយថា ទណ្ឌកម្មនេះប៉ះពាល់តែអ្នកដែលជិតស្និទ្ធនឹងលោក ពូទីន ប៉ុណ្ណោះ វាមិនច្បាស់ថាប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់លោក ពូទីន ប៉ុនណានោះទេ ក្នុង​ចំណោម​មនុស្ស​ស្និទ្ធ​នឹង​លោក ​ពូទីន មានលោក ហ្សេណាឌី ទិមឆេនកូ (Gennady Timchenko) ជា​មហាសេដ្ឋី​ទី​ ៦ ​នៅ​រុស្ស៊ី ។

តួលេខ​ទ្រព្យសម្បត្តិ​របស់ ​ពូទីន ​គឺ​ជា​តួលេខ «រាប់រយពាន់លានដុល្លារ» មិនមែនជាការប៉ាន់ស្មានទេ  នោះបានប្រមើលមើលតាំងពីឆ្នាំ ២០០៥ ដោយលោក ប៊ីល ប្រៅឌើ (Bill Browder) ហិរញ្ញិក ធ្លាប់ធ្វើជំនួញជាមួយក្រុមអ្នកមានដ៏មានឥទ្ធិពលរបស់រុស្ស៊ី ។

រហូតដល់មានបញ្ហា ហើយត្រូវបាននិរទេសចេញពីរុស្ស៊ី លោក​ធ្លាប់​បាន​ផ្តល់​សក្ខីកម្ម​ដល់​សភា​ថា លោក ពូទីន អាច​មាន​ទ្រព្យ​សម្បត្តិ ២ សែន​លាន​ដុល្លារ ​បើ​ជា​ការ​ពិត ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អ្នក​មាន​បំផុត​ក្នុង​លោក​នា​ពេល​នោះ ។

អង់ដ្រេ អាស្លុន (Andres Aslund) សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Georgetown និងជាអ្នកនិពន្ធសៀវភៅឈ្មោះ  «Russia’s Crony Capitalism»ឆ្នាំ ២០១៩ បានប៉ាន់ប្រមាណទ្រព្យសម្បត្តិរបស់ ពូទីន មានប្រហែល ១២៥ ពាន់ លានដុល្លារ ដោយលើកឡើងពីភ័ស្តុតាងដ៏គួរឱ្យជឿជាក់ ដែលថា ពូទីន បានលួចទ្រព្យសម្បត្តិតាមរយៈក្រុមហ៊ុន offshore នៅឯនាយសមុទ្រក្រោមឈ្មោះសហការីជិតស្និទ្ធជាច្រើន ។

កាសែត ប៉ាណាម៉ា ផេភើរ (Panama Papers) និយាយថា ស្ថិតក្នុងចំណោមអ្នកស្គាល់គ្នារបស់លោក ពូទីន គឹមិត្តស្រីរបស់គាត់ មានផ្ទះប្រណីតជាច្រើននៅម៉ូណាកូក្នុងតម្លៃសាច់ប្រាក់មិនតិចជាង ១០០ លានដុល្លារនោះទេ ។

លោក ណេត ស៊ីប្ល៊ី (Nate Sibley) អ្នកស្រាវជ្រាវនៅវិទ្យាស្ថានហាដសុន (Hudson) បាននិយាយថា វាមិនមានបញ្ហាថា តើលោក ពូទីន ជាអ្នកមាននោះទេ ដោយសារតែឋានៈរបស់គាត់មិនខុសពីមេដឹកនាំល្បីៗដូចជា គីម ជុងអ៊ុន របស់កូរេខាងជើង ឬ ហ្គាដាហ្វ៊ី (Gaddafi) នៃប្រទេសលីប៊ី ដែលជាជនផ្តាច់ការដែលជាម្ចាស់អ្វីៗទាំងអស់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម