អត្ថបទ លៀង សូរ្យរិទ្ធ៖
ថ្ងៃទី ៩ កក្កដា ឆ្នាំ ២០២២ នេះ ក្រុមបាតុកម្មជាច្រើនពាន់នាក់ បានសម្រុកទៅក្នុងបរិវេណគេហដ្ឋានប្រធានាធិបតីស្រីលង្កា គឺលោក កូតាបាយ៉ា រ៉ាចប៉ាក់សា ក្នុងទីក្រុងកូឡុំបូ អំពាវនាវឲ្យចុះចេញពីតំណែង ក្នុងការទទួលខុសត្រូវដឹកនាំប្រទេសឲ្យធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុង ៧ ទសវត្សរ៍ ។
ក្រុមបាតុករចូលដល់គេហដ្ឋានលោកប្រធានាធិបតី នាំគ្នាមុជទឹកអាង
ក្រុមអ្នកតវ៉ាបានធ្វើដំណើរទៅកាន់ការិយាល័យរដ្ឋាភិបាលក្នុងទីក្រុងកូឡុំបូ ពួកគេបានស្រែកពាក្យស្លោកដូចជា «ទៅផ្ទះ កូតា» ហើយបានទម្លុះរបាំងប៉ូលីសនៅចំណុចជាច្រើនដែលនាំទៅដល់លំនៅដ្ឋានប្រធានាធិបតី ។ ប៉ូលិសបានបាញ់កាំភ្លើងឡើងលើ ប៉ុន្តែមិនបានលទ្ធផល រឹតតែធ្វើឲ្យបាតុករសម្រុកចូលកាន់តែខ្លាំង ។ តាមព័ត៌មាន កងអង្គរក្សបានជម្លៀសលោកប្រធានាធិបតីទៅកាន់កន្លែងសុវត្ថិភាព ហើយកម្លាំងទាហានមួយវរសេនាបានការពារយ៉ាងមធ្យ័ត ។
តាមព័ត៌មានពីមន្ទីរពេទ្យមួយក្នុងទីក្រុងកូឡុំបូឲ្យដឹងថា មានអ្នករបួស ៣៣ នាក់ រួមទាំងកងកម្លាំងប៉ូលិសផងដែរ ។
ទីក្រុងទាំងមូលបានទទួលបញ្ជាបិទបម្រាមគោចរកាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ តែមិនអាចរារាំងសន្ទុះចិត្តក្រុមបាតុករបានឡើយ តែក្រោយមកបន្តិច ក៏បានបើកបម្រាមគោចរវិញ ក្រោយពីក្រុមបាតុករកាន់តែកញ្ជ្រោលខ្លាំងៗ ។
លោកប្រធានាធិបតី (ខាងឆ្វេង)
លោកនាយករដ្ឋមន្ត្រី រានិល វិគ្រុមសីងហេ បានកោះប្រជុំជាបន្ទាន់នូវគណបក្សនយោបាយ ដើម្បីពិភាក្សាពីវិបត្តិកើតឡើង ព្រមទាំងស្នើឲ្យប្រធានសភាកោះប្រជុំជាបន្ទាន់ផងដែរ ។
ភាវៈសេដ្ឋកិច្ចបានធ្លាក់ទាបបំផុត ចាប់តាំងពីប្រទេសស្រីលង្កាទទួលបានឯករាជ្យពីអង់គ្លេសនៅឆ្នាំ ១៩៤៨ បណ្តាលមកពីបញ្ហាខ្វះទុនបម្រុងអន្តរជាតិ ធ្វើឲ្យស្រីលង្កាគ្មានថវិកានាំចូលទំនិញដែលចាំបាច់ពីបរទេស ដូចជា ប្រេងឥន្ធនៈ អគ្គិសនី ការខ្បះស្បៀងអាហារ និងឱសថ ជាដើម ។ ម្យ៉ាងទៀត ត្រូវឆ្លងកាត់ជំងឺកូវីដ-១៩ ក៏ជាមូលហេតុដ៏ធំមួយដែរ ដែលធ្វើឲ្យប្រទេសជាតិជួបវិបត្តិសេដ្ឋកិច្ច ៕