រំឭកប្រសាសន៍របស់ឯកឧត្តម ឃួង ស្រេង៖ «បើស្មៀនមិនស្តាប់ចៅសង្កាត់ទេ អាចប្រឈមនឹងការដកតំណែង»

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី01 ខែសីហា ឆ្នាំ2022 ម៉ោង 3:25 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

ស្មៀនជានរណា មានតួនាទី ភារកិច្ចជាអ្វី? មានពលរដ្ឋភាគច្រើន នៅមិនទាន់យល់ពីតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ស្មៀនមានត្រឹមកម្រិតណា នៅក្នុងឃុំ-សង្កាត់?

ស្មៀនឃុំ សង្កាត់គឺជាមន្រ្តីស្ថិតក្នុងក្របខណ្ឌលេខាធិការនៃក្រសួងមហាផ្ទៃ ដែលតែងតាំងដោយរដ្ឋមន្រ្តីក្រសួង​មហាផ្ទៃតាមរយៈការប្រឡងជ្រើសរើសពីមន្រ្តីរាជការ សិស្ស និស្សិត និងមានភារកិច្ចជួយកិច្ចការឃុំ សង្កាត់ ។

នៅក្នុងការអនុវត្តន៍ជាក់ស្តែងសព្វថ្ងៃនេះ មានស្មៀនមួយចំនួនបានក្លាយទៅជាចៅហ្វាយរបស់មេឃុំ ចៅសង្កាត់ ដោយ សារខ្វះការយល់ដឹងរបស់មេឃុំ-ចៅសង្កាត់មួយចំនួន ខណៈដែលស្មៀនសម្អាងលើច្បាប់ស្តីពីកាគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ត្រង់មាត្រា ២៨ ចែងថា ឃុំ-សង្កាត់ត្រូវមានបុគ្គលិកក្របខណ្ឌរដ្ឋបាលនៃក្រសួងមហាផ្ទៃមួយរូប ធ្វើជាស្មៀនឃុំ-សង្កាត់ ។

ស្មៀនឃុំ សង្កាត់ តែងតាំងដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានភារកិច្ចជួយកិច្ចការឃុំ សង្កាត់ និងធានានិរន្តរភាពនៃកិច្ចការរដ្ឋបាលក្នុងឃុំ សង្កាត់ ។

ស្មៀនឃុំ-សង្កាត់ អាចនឹងត្រូវ​ផ្លាស់ប្តូរក្នុងករណីបើមានសំណើពីមេឃុំ-ចៅសង្កាត់ អនុលោមតាមការសម្រេចពីសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់តាមសំលេងភាគច្រើនដាច់ខាត ។

ស្មៀននៅឃុំ សង្កាត់មួយចំនួន ត្រូថ្នាំងថ្នាក់ពីពលរដ្ឋ ដោយសារអត្តចរិត «វាយប្ញក»ផង ត្រូវអង្គុយរង់ចាំលោកស្មៀនបោះត្រាមួយដំណាក់ទៀតផង, ជួនកាលម៉ោង ៨ ទៅហើយ នៅមិនទាន់មកដល់សាលាសង្កាត់ទៀត ។ មេឃុំ ចៅសង្កាត់ស៊ីញ៉េឯកសារងាយស្រួលទេ ប៉ុន្តែយឺត ឬលឿន ស្ថិតនៅលើលោក «ស្មៀន» ។

ក្រៅពីភារកិច្ច ធ្វើរបាយការណ៍កិច្ចការ នៅក្នុងឃុំ-សង្កាត់ ជូនទៅក្រសួងមហាផ្ទៃ ស្មៀនឃុំ-សង្កាត់ មានភារកិច្ច ត្រូវធ្វើជា«សេនាធិការ» របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងថែរក្សាការពារសម្ភារៈសាធារណៈ ឯកជន នៅក្នុងឃុំ-សង្កាត់នោះ រួមទាំងត្រាឃុំ-សង្កាត់ តែការរក្សាការពារ«ត្រា» មិនមែនមានន័យថា ការសម្រេចវាយត្រា ទៅលើលិខិតស្នាមណាមួយ របស់ឃុំ-សង្កាត់នោះ ជាសិទ្ធិរបស់ស្មៀនឡើយ ។

តាមប្រសាសន៍របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅចុងខែវិច្ឆិកា ឆ្នាំ ២០១៧ បានលើកចំៗទៅលើស្មៀនថា «កន្លងមកខ្ញុំបានទទួលព័ត៌មានថា មានស្មៀន សង្កាត់មួយចំនួន នៅរាជធានីភ្នំពេញ មិនសូវស្តាប់ចៅសង្កាត់នោះទេដោយអាងថា ខ្លួនជាមន្ត្រីមានក្របខណ្ឌរបស់ក្រសួងមហាផ្ទៃ តែបើតាមពិតទៅស្មៀនមានតួនាទីគ្រាន់ តែជាអ្នកកាន់ត្រា អ្នកសរសេរ បំរើការងារឲ្យចៅសង្កាត់ប៉ុណ្ណោះ ដូច្នេះត្រូវតែស្តាប់ការ ណែនាំ​របស់ចៅសង្កាត់ និងធ្វើយ៉ាងណា កុំឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ជាមួយចៅសង្កាត់ ដោយសារតែស្មៀនមិនបោះត្រាលើលិខិតស្នាមជូនប្រជាពលរដ្ឋ ។ ដូច្នេះស្មៀន ត្រូវបំពេញការងារឲ្យបានល្អទៅតាមតួនាទីរបស់ខ្លួន ពិសេសត្រូវរួមគ្នាជាមួយចៅសង្កាត់ ដើម្បីបំរើប្រជាពលរដ្ឋ ឲ្យសមទៅហ្នឹង អ្វីដែលប្រជាពលរដ្ឋមានទំនុកចិត្ត» ។

ឯកឧត្តម ឃួង ស្រេង លើកឡើងទៀតថា «បើស្មៀនមិនស្តាប់ចៅសង្កាត់ទេ ស្មៀនអាចប្រឈមនឹងការដកតំណែង ព្រោះរដ្ឋបាលខណ្ឌ រដ្ឋបាលរាជធានី មានសិទ្ធិគ្រប់គ្រាន់ក្នុងការស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីដកតំណែងនិងតួនាទីនេះ ដូច្នេះស្មៀនមិនអាចធ្វើព្យុះធ្វើភ្លៀងស្រេចតែចិត្តនោះទេ។ ដោយឡែក លោកមេប៉ុស្តិ៍ក៏ត្រូវស្តាប់ចៅសង្កាត់ដែរ ដោយលោកមេប៉ុស្តិ៍ ស្ថិតក្រោមគណៈបញ្ជាការឯកភាពសង្កាត់ ប៉ុន្តែទោះបីជាយ៉ាងណាក្តីចៅសង្កាត់ត្រូវតែស្អាតស្អំដែរ» ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម