សិស្សជិត ១ពាន់នាក់ នៅសាលាដាច់ស្រយ៉ាលក្នុងស្រុកស្ទោង ទទួលអំណោយពីសប្បុរសជន

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី01 ខែមេសា ឆ្នាំ2023 ម៉ោង 7:03 នាទី ល្ងាច

មួយថ្ងៃពេញថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានដឹកនាំគណៈប្រតិភូ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (ស.គ.យ.ត) , សមជិក កម្ពុជាប្រឆាំងកូវិដ១៩ សមាគម​វិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ និង សប្បុរសជនពីប្រទេសសិង្ហបុរី ជាច្រើនរូប បាននាំយកសម្ភារសិក្សា សម្លៀកបំពាក់ ភួយ ចែកជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន ៦០០នាក់ នៅសាលាបឋមសិក្សា ដាច់ស្រយ៉ាល ក្នុងស្រុកស្ទោង ស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ងួន រាសីអភិបាលរងខេត្តកំពង់ធំបានឲ្យដឹងថា រដ្ឋបាលខេត្តបានយកអស់កម្លាំងកាយ កម្លាំងចិត្តរិះរកមធ្យោបាយគ្រប់ប្រភេទដើម្បីលើកកម្ពស់វិស័យអប់រំ​ជាអាទិភាពក្នុងការបណ្តុះបណ្តាលធនធានមនុស្ស បំបាត់ភាពមិនចេះអក្សរទាំងស្រុង និងមានជំនាញវិជ្ជាជីវៈ​ច្បាស់លាស់សម្រាប់ប្រកបរបរចិញ្ចឹមជីវិតឱ្យមានលក្ខណៈកាន់តែប្រសើរឡើងៗ ។

ឯកឧត្តមអភិបាលរងបានបន្តថា ជាក់ស្ដែងក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពង់ធំបានអនុវត្តតាមគោលនយោបាយបង្កើតសាលាឱ្យនៅជិតផ្ទះ និងគោលនយោបាយឃុំមួយ​អនុវិទ្យាល័យមួយ ហើយបានកើនឡើងរហូតដល់ ៧៧០ សាលារៀន នៅឆ្នាំ២០១៨ ទៅ ៨០៤សាលា នៅឆ្នាំ២០២៣ ដែលគិតអគារសិក្សាសរុបមានចំនួន២.៣៥៣ ខ្នង ក្នុងនោះអគារសិក្សា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន មានចំនួន ២៣៦ខ្នង ឯកឧត្តម ជា ចាន់តូ មានចំនួន៣៨ខ្នង ឯកឧត្តមនីតិកិត្តិកោសល បណ្ឌិត ងួន ញិល មានចំនួន១៣ខ្នង និងសម្ដេចពោធិសាល ជា ស៊ីម មានចំនួន ៣ខ្នងផងដែរ។


ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំបានថ្លែងអំណរគុណជាអនេកប្បការ ចំពោះការខិតខំប្រឹងប្រែងរបស់​ក្រុមការងារដែលមកពីមន្ទីរពាក់ព័ន្ធជុំវិញរដ្ឋបាលសាលាខេត្ត និងមកពីទីក្រុងភ្នំពេញ ព្រមទាំងក្រុមការងារ​សប្បុរសជន​មកពីប្រទេសសិង្ហបុរី ដែលនាំសម្ភារៈប្រើប្រាស់ជូនទៅតាមសាលាគោលដៅ រួមមាន៖ សៀវភៅ ប៊ិច កាតាប សម្លៀកបំពាក់ ច្រាសដុះធ្មេញ និងថវិកា ហើយបានអំពាវនាវដល់ប្អូនៗសិស្សានុសិស្សខិតខំរៀនសូត្រ​អោយបានគ្រប់ៗគ្នា ហើយក្មួយៗ គឺជាត្រពាំងស្នង​ប្ញស្សីរបស់ប្រទេសជាតិ ។

ដោយឡែកតំណាងសប្បុរសជនមកពីប្រទេសសិង្ហបុរី បានឱ្យដឹងថា ថ្ងៃនេះក្រុមការងារបានយក​សម្ភារៈសិក្សាចែកជូនដល់ប្អូនៗ ក្មួយៗ ដែលកំពុងសិក្សារៀនសូត្រនៅសាលាដាច់ស្រយាល ហើយសម្ភារ​ទាំងអស់​នេះសង្ឃឹមថា ប្អូនៗក្មួយៗ យកទៅប្រើប្រាស់ក្នុងការសិក្សារៀនសូត្រឲ្យបានល្អប្រសើរ ពូកែគ្រប់ៗគ្នា ។

សប្បុរសជនមកពីប្រទេសសិង្ហបុរីបានបន្តថា ចំពោះមុខមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ នឹងខិតខំស្វែងរកជំនួយសម្ភារសិក្សា មកជូនប្អូនៗ ក្មួយៗ សិស្សានុសិស្សទាំងអស់គ្នាបន្ថែមទៀត។ នេះជាលើកទីមួយហើយសម្រាប់ក្រុមការងារសប្បុរសជនប្រទេសសិង្ហបុរី បាននាំយកសម្ភារចែកជូនប្អូនៗក្មួយៗ គ្រប់គ្នា ត្រូវខិតខំសិក្សាទាំងអស់គ្នា ដើម្បីអនាគត ពិសេសថ្ងៃអនាគតបើក្មួយៗសិស្សានុសិស្សប្រឡងជាប់និទ្ទេស A នឹងផ្តល់នូវអាហារូបករណ៍បន្តសិក្សានៅប្រទេសសិង្ហបុរី ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម