ឯកឧត្តម ទេសរដ្ឋមន្ត្រី ៖ ស្រឡាញ់អ្នកណា គឺ«ស្រឡាញ់ស្មើកែវភ្នែក» កែវភ្នែក​ដែលសំខាន់សម្រាប់មនុស្សមើល បន្តមើលឃើញការ​អភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងគណបក្ស​ប្រជាជនកម្ពុជា

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី25 ខែមិថុនា ឆ្នាំ2023 ម៉ោង 1:18 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

ដោយមើលឃើញថា បញ្ហាសុខភាពភ្នែក គឺជារឿងសំខាន់ និងដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ទើបក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌទទួលគោក ដែលមានឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ជាប្រធាន បានសហការជាមួយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យព្រះអង្គឌួង បានរៀបចំ​កម្មវិធីពិនិត្យ និងព្យាបាលភ្នែក ក្នុងខណ្ឌទួលគោក ដែលមាន ១០ សង្កាត់រៀបចំឡើងជាបន្តបន្ទាប់ ហើយថ្ងៃនេះ (២៥ មិថុនា) ជាថ្ងៃបង្គ្រប់ ៤ សង្កាត់ទៀត គឺសង្កាត់ទឹកល្អក់១ ទឹកល្អក់២ បឹងកក់១ និងសង្កាត់បឹងកក២ ក្នុងខណ្ឌទួលគោក ដែលមានពលរដ្ឋ ៤.០០០ នាក់មកពិនិត្យជំងឺភ្នែក ។

ក្រុមគ្រូពេទ្យចំនួន ៤០ រូប បានស្ម័គ្រចិត្ត លះបង់ពេលវេលា មកព្យាបាលពលរដ្ឋដោយឥតគិតថ្លៃ រួមទាំងមានចែកជូនថ្នាក់បន្តក់ភ្នែក វ៉ែនតាតាមវេជ្ជបញ្ជា ពិសេសមានចាក់វ៉ាសាក់សាំង​ការពារ កូវីដ-១៩ ជូនទៀតផង ។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា បញ្ហាភ្នែកជាបញ្ហាសំខាន់មែនទែន ដែលត្រូវយកចិត្តទុកដាក់ ហើយមិនត្រឹមពិនិត្យនៅទីនេះទេ នៅពេលពិនិត្យឃើញមានបញ្ហា ក្រុមការងារនឹងបន្តបញ្ជូនដល់មន្ទីរពេទ្យ រហូតដល់ព្យាបាលវះកាត់ ។ ឯកឧត្តមថា ​ភ្នែកខ្លះបើទុកយូរ វានឹងហួសពេល មានភ្នែកខ្លះវាមិនធ្វើទុក្ខអីទាំងអស់ ដល់ពេលមួយមើលមិនឃើញតែម្តង ដូច្នេះ ថ្ងៃនេះប្រជាពលរដ្ឋមានសំណាស់ណាស់ ដែលបានឯកឧត្តមវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យខ្មែរ សូវៀត បានដឹកនាំវេជ្ជបណ្ឌិតចំណានៗ ៤០ រូប ជាមួយនឹងឧបករណ៍ទំនើប មកពិនិត្យ និង ព្យាបាលថ្ងៃនេះ ។

នេះជាការរួមចំណែកជាមួយ​រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយការលំបាក កាត់បន្ថយការចំណាយថវិកា និងពេលវេលា ដើម្បីសុខភាព​របស់ពលរដ្ឋ ។ ឯកឧត្តមអរគុណសម្តេចតេជោ «គុណធម៌របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជន ស្ថិតក្នុងបេះដូងប្រជាជនកម្ពុជាជានិច្ច» ។ ឯកឧត្តម ទេសរដ្ឋមន្ត្រីបានលើកឡើងថា យើងនឹងមានមន្ទីរពេទ្យថ្មីដ៏ធំជាងគេនៅអាស៊ី មានគ្រែ ១០.០០០ សម្រាប់ ២០-៣០ ឆ្នាំទៀត សម្រាប់ទប់ទល់នឹងជំងឺអ្វីដែលមានថ្មី ដែលនេះជាចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន ​ដែលមានការ​គិតគូរខ្ពស់​ណាស់ដើម្បីប្រជាជនខ្មែរ តកូនតចៅ ។

ចុងបញ្ចប់ ឯកឧត្តម បានលើកយកពាក្យថា ស្រឡាញ់អ្នកណា គឺ«ស្រឡាញ់ស្មើកែវភ្នែក» គឺសំដៅកែវភ្នែក​ដែលសំខាន់សម្រាប់មនុស្សមើល ឲ្យនៅមើលឃើញការ​អភិវឌ្ឍន៍បន្តទៀតរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ។ ដូច្នេះបញ្ហាភ្នែករបស់ពលរដ្ឋ ត្រូវតែ​សង្វាត​យកចិត្តទុកដាក់ កុំទុកឲ្យវាកាន់តែធ្ងន់រហូតមើលមិនជា តែពេលនេះ បានគ្រូពេទ្យចុះមកពិនិត្យពិតជា​សំណាង បើព្យាបាលមិនជាទាំងស្រុង ក៏បានធូរស្រាលដែរ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម