មួយឆ្នាំជួបគ្នាបានម្តង... ឃ្លាតតែកាយ មិនរំសាយចិត្ត នឹកជានិច្ច ចំពោះវីរៈកងទ័ពការពារទឹកដី

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី01 ខែមេសា ឆ្នាំ2024 ម៉ោង 2:28 នាទី ល្ងាច

ផ្តើមចេញពីមនោសញ្ចេតនាគោរព ស្រឡាញ់ ដឹងគុណដល់វីរភាពកងទ័ព នៅទិសប្រាសាទព្រះវិហារការពារទឹកដីជាប់ព្រំដែនថៃ ឡាវ ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ តែងបានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូននាយទាហាន នាយទាហានរង និងពលទាហាន ចំណុះកងពលធំអន្តរាគមន៍លេខ ៣ ប្រចាំទិសព្រះវិហារ និងមុំបី នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤ ។

ទោះមួយឆ្នាំបានជួបមុខគ្នាម្តង ឆ្ងាយតែកាយ តែចិត្តនៅវេត្របាញ់គិតដល់ជានិច្ច ។ អ្នកជួរក្រោយ គាំទ្រអ្នកជួរមុខ ក្នុងស្មារតីសាមគ្គីភាព និងវប្បធម៌ចែករំលែក ស្របតាមទិសស្លោក «សមរភូមិក្រោយ ជួយសមរភូមិមុខ» និង «សមរភូមិមុខការពារ សមរភូមិក្រោយអភិវឌ្ឍ» ។ឯកឧត្តម ទេសរដ្ឋមន្ត្រី បានសម្តែងនូវក្តីមោទនភាព រំភើបរីរាយក្រៃលែង ដែលបានមកជួបជួបមុខនិងសំណេះសំណាល ចាប់ដៃដោយផ្ទាល់ ជាមួយនាយទាហាន នាយទាហានរង និងពលទាហាននៅពេនេះ។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាកងពលធំអន្តរាគមន៍លេខ ៣ ប្រចាំទិសព្រះវិហារ មានប្រសាសន៍ថា ដោយមានការជួយឧបត្តមគាំទ្រពីឯកឧត្តម ទេសរដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យអង្គភាពទ័ពឈរជើងទិសប្រាសាទព្រះវិហារ សម្រេចកសាងបាននូវហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ តាមខ្សែបន្ទាត់ព្រំដែនបានយ៉ាងរឹងមាំ ក្នុងការការពារបូរណភាពទឹកដី តាមជួរភ្នំដងរែក។

ពេលវេលាមុនចូលឆ្នាំ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង តែងនាំមកថវិកា ដើម្បីអបអរសាទរបុណ្យឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងឧបត្ថម្ភជាប្រេងម៉ាស៊ូត គ្រឿងឧបភោគ បរិភោគ ជូនដល់ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និង ជូនថវិកាដល់នាយ និងពលទាហាន ៕

 

អត្ថបទ សូរ្យសែង

រូបថត ឈិត សុភ័ក្ត្រ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម