អង្គភាពប្រឆាំងអំពើពុករលួយ នឹងធ្វើជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំលេខាធិការដ្ឋាន នៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន (ASEAN-PAC) នៅខេត្តសៀមរាប នាថ្ងៃទី 16-17 សីហា

ព័ត៌មានសង្គមថ្ងៃសុក្រ ទី04 ខែសីហា ឆ្នាំ2023 ម៉ោង 7:36 នាទី ល្ងាច

អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ អ.ប.ព. នឹងធ្វើជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំលេខាធិការដ្ឋាននៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន (អា​ស៊ាន-ផេក = ASEAN-PAC) លើកទី ១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែសីហា ឆ្នាំ២០២៣ នៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ។

កិច្ចប្រជុំនេះនឹងពិនិត្យពិភាក្សា ទៅលើកិច្ចការដែលនៅសេសសល់កាលពីកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-ផេកលើកទី១៨ នៅភ្នំពេញនាថ្ងៃទី​២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដែល អ.ប.ព.ជាម្ចាស់ផ្ទះ និងត្រៀមរៀបចំរបៀបវារៈសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-ផេកបន្ទាប់។ កិច្ចប្រជុំនេះ នឹងមានការគាំទ្រដល់សកម្មភាព និងជួយជំរុញឲ្យសម្រេចបាននូវពហុគោលបំណងរបស់អាស៊ាន-ផេក ស្របតាមឯកសារគោលរបស់អាស៊ាន-ផេក ដោយមានតំណាងនៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ានទាំង ១០ និងតំណាងគណៈកម្មការប្រឆាំងអំពើពុករលួយនៃប្រទេសទីម័រទ្បេស្ត (CAC) ដែលជាភាគីសង្កេតការណ៍ចូលរួមផងដែរ ។

ឯកសារគោលរបស់អាស៊ាន-ផេក គឺជាឯកសារដែលចែងអំពីរបៀបរបបធ្វើការរបស់អាស៊ាន-ផេក ក្នុងនោះមានចែងអំពីតួនាទីរបស់ប្រធានអាស៊ាន-ផេក, របៀបរបបប្រជុំ ទាំងកិច្ចប្រជុំថ្នាក់ដឹកនាំ និងលេខាធិការដ្ឋាន និងភារកិច្ចរបស់លេខាធិការដ្ឋាននៃម្ចាស់ផ្ទះនីមួយៗ ក្នុងកិច្ចការគាំទ្រដល់កម្មវិធី និងជំរុញការអនុវត្តផែនការសកម្មភាពរបស់អាស៊ាន-ផេក ។

សូមរំលឹកផងដែរថាអាស៊ាន-ផេក (ASEAN-PAC) ដែលពីមុនមានឈ្មោះថាភាគីប្រឆាំងអំពើពុករលួយ​អាស៊ី​អាគ្នេយ៍ (SEA-PAC) ត្រូវបានបង្កើតទ្បើងក្នុងឆ្នាំ២០០៤ និងត្រូវបានទទួលស្គាល់ជាអង្គភាពភ្ជាប់ខ្លួន​ជាមួយ​អាស៊ាន (Entity Associated with ASEAN) នៅក្នុងឆ្នាំ២០១៧ ។ ស៊ី-ផេក (SEA-PAC) បន្ទាប់មកបានប្តូរឈ្មោះ​ទៅជាអាស៊ាន-ផេក (ASEAN-PAC) នៅឆ្នាំ ២០១៩ ដែលបច្ចុប្បន្នមានសមាជិកទាំងអស់ចំនួន ១០ គឺ អាស៊ាន ១០ប្រទេស។

អាស៊ាន-ផេក រៀបចំកិច្ចប្រជុំទៀងទាត់របស់ខ្លួនចំនួន ២លើក ក្នុងមួយឆ្នាំ គឺកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-ផេក និង កិច្ចប្រជុំ​លេខា​ធិការដ្ឋានសម្រាប់ត្រៀមរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំ។  ជាមួយគ្នានេះអាស៊ាន-ផេក​ក៏​មាន​រៀបចំជា​សិក្ខាសាលាថ្នាក់តំបន់ ក្រោមកិច្ចសហការជាមួយដៃគូដែលបានព្រមព្រៀងដោយអាស៊ាន-ផេក ផងដែរ៕​


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម