មិនប្រកាសទ្រព្រសម្បត្តិ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ត្រូវជាប់ពន្ធនាគារ ៣ ឆ្នាំ

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី09 ខែសីហា ឆ្នាំ2023 ម៉ោង 8:04 នាទី ព្រឹក

ដោយ សូរ្យសែង៖

កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា អតីត​នាយក​រដ្ឋមន្ត្រី​វ័យ ៧០​ឆ្នាំ លោក អ៊ីមរ៉ង់ ខាន់ (Imran Khan) ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៣ ​ឆ្នាំ​ពី​បទ​ពុករលួយ ក្រោយពី​បាន​រក​ឃើញ​​មាន​ពិរុទ្ធ​ពី​ការ​មិនព្រមប្រកាសទ្រព្យសម្បត្តិ ដែលបានពី​ការ​លក់ «អំណោយ» ​ក្នុង​អំឡុង​ពេល​កាន់​តំណែង​របស់​លោក ។

ទោះ​យ៉ាង​ណា លោក ខាន់ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ហើយ​បាន​និយាយ​ថា លោក​នឹង​បន្ត​ប្តឹង​ទៅឧទ្ធរណ៍ មុន​ពេល​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ពី​ផ្ទះ​របស់​គាត់​ក្នុង​ទីក្រុង ឡាហ័រ ទៅកាន់ពន្ធនាគារក្នុងខេត្ត ប៉ុនចាបភ្លាមៗ ។

ក្រោយ​សាលក្រម​របស់​តុលាការ សេចក្តី​ថ្លែងការណ៍​ជា​វីដេអូ​ដែល​បាន​រៀបចំ​ទុក​ជា​មុន​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​ត្រូវ​បាន​បញ្ចេញ លោក ខាន់ អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​ដើរ​ក្បួន​ទូទាំង​ប្រទេស ដើម្បី​ប្រឆាំង​តវ៉ានឹង​ការ​សម្រេច​ចិត្ត​នេះ ។

លោក ខាន់ គឺជាអតីតកីឡាករ Cricket ដែលប្រែក្លាយអ្នកនយោបាយ ។ លោកបានឈ្នះការបោះឆ្នោតក្នុងឆ្នាំ ២០១៨ ប៉ុន្តែត្រូវបានដកចេញពីតំណែងនៅក្នុងការបោះឆ្នោតមិនទុកចិត្តកាលពីឆ្នាំមុន បន្ទាប់ពីធ្លាក់ចេញពីជួរយោធា ។ តាំងពីពេលនោះមក លោក ខាន់ ក៏​កំពុង​ប្រឈម​នឹង​បណ្តឹង​ជាង ១០០ លើ​អ្វី​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ហេតុផល​នយោបាយ ។

សាលក្រមរបស់តុលាការផ្តោតលើការបកស្រាយខុសរបស់ ខាន់ ចំពោះអំណោយដែលទទួលបានពីថ្នាក់ខ្ពស់នៅបរទេស និងប្រាក់ចំណូលដែលបានមកពីការលក់អំណោយ ។ អំណោយដែលត្រូវបានរាយការណ៍ថាបានលក់រួមមាន: នាឡិកាម៉ាក Rolex ចិញ្ចៀន និងក្រវិលមួយគូ តម្លៃសរុបជាង ៦៣ ម៉ឺនដុល្លារ ។ ជាលទ្ធផល សាលក្រម ក៏​បាន​ហាម​ ខាន់ ​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ផង​ដែរ ៕

 ប្រភព AFP


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម