ដោយ ម៉ារ៉ា៖
ថ្ងៃទី ៩ សីហា សង្គ្រាមអ៊ុយក្រែនបានឈានដល់ ៥៣២ ថ្ងៃហើយ ចៅហ្វាយក្រុងម៉ូស្គូ សឺហ្គេ សបយ៉ានិន បានឲ្យដឹងថា ប្រព័ន្ធការពារផ្លូវអាកាសរបស់រុស្ស៊ីបានបាញ់ស្កាត់ដ្រូនមីស៊ីល ២ គ្រឿងរបស់អ៊ុយក្រែនធ្លាក់នៅទីក្រុងម៉ូស្គូ និងតំបន់ដូម៉ូឌីដូវ៉ា ជាយទីក្រុងម៉ូស្គូ ។ ដ្រូនទាំងពីរគ្រឿងនេះ គឺប៉ងមកបាញ់កម្ទេចនៅទីក្រុងម៉ូស្គូនេះតែម្តង តែមិនមានព័ត៌មានបឋមពីការធ្លាក់យន្តហោះដ្រូននោះទេ។
ខាងរុស្ស៊ីបានដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស «Pantsyr S-1» នៅលើដំបូលអគារទីស្នាក់ការកណ្តាល ក្រសួងការពារជាតិនៅទីក្រុងមូស្គូ ។
មន្ត្រីសន្តិសុខរុស្ស៊ីពិនិត្យអគារមួយដែលរងការខូចខាតដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែននៅក្នុងក្រុងមូស្គូ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣
នេះជាការប៉ុនប៉ងលើកទី៣ ក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់ពីដ្រូនពិឃាតរបស់អ៊ុយក្រែន ដែលប៉ុនប៉ងវាយប្រហារទីក្រុងមូស្គូ ត្រូវបានបាញ់ទម្លាក់ដោយរុស្ស៊ី នៅក្នុងសង្កាត់ Podolsky ជាយក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ ទី៦ ខែសីហា ហើយនៅថ្ងៃបន្ទាប់ យន្តហោះគ្មានមនុស្សបើកត្រូវបានបាញ់ទម្លាក់នៅជិត តំបន់ Kaluga ។
ទីក្រុងមូស្គូគឺជាគោលដៅនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដែលបញ្ជូនពីអ៊ុយក្រែន ប្រធានាធិបតីអ៊ុយក្រែនលោក សេលេនស្គី បានព្រមានកាលពីថ្ងៃទី 30 ខែកក្កដា ឆ្នាំ 2023 ថា «សង្រ្គាម» នឹងមកដល់ប្រទេសរុស្ស៊ី ខណៈដែលមជ្ឈមណ្ឌលនិមិត្តសញ្ញា និងជំរំយោធារបស់រុស្ស៊ីបានក្លាយជាគោលដៅសម្រាប់ការវាយប្រហារផងដែរ ៕
ប្រភពពី Aljazeera