អត្ថប៍ សូរ្យសែង៖
សម័យឆ្នាំ ១៩៧០-១៩៧៥ ជារបប លន់ នល់ ហើយត្រូវបានគេហៅថា«របបអាយ៉ងរបស់សហរដ្ឋអាមេរិក» ។ សម័យសង្គ្រាមឥណ្ឌូនចិន ឈាមខ្មែរហូរស្រោចធរណី ដោយសារអាមេរិកដឹកជញ្ជូនគ្រាប់បែកមកទម្លាក់លើកម្ពុជា ឡាវ គ្មានប្រណី ។ ដោយឡែកប្រទេសកម្ពុជា បានទទួលរងព្យុះសង្ឃរានៃគ្រាប់ B-52 របស់អាមេរិកឡើងសុះដី រហូតមកទល់នឹងពេលនេះ គ្រាប់មិនទាន់ផ្ទុះនៅសេសសល់នៅឡើយ ។
មន្ត្រីកម្ពុជាបាននិយាយនៅសប្តាហ៍មុនថា បានរកឃើញបំណែកនៃគ្រឿងផ្ទុះមិនទាន់ផ្ទុះរាប់ពាន់គ្រាប់ដែលបន្សល់ពីសង្គ្រាមស៊ីវិលនៅក្នុងសាលាមួយនៅភាគឦសានប្រទេស ។
ជាច្រើនទសវត្សរ៍បន្ទាប់ពីជម្លោះដ៏ឃោរឃៅរបស់សហរដ្ឋអាមេរិក និងការទម្លាក់គ្រាប់បែក ចាប់ពីទសវត្សរ៍ឆ្នាំ 1960 ប្រទេសកម្ពុជានៅតែជាប្រទេសមួយក្នុងចំណោមប្រទេសដែលត្រូវបានទម្លាក់គ្រាប់បែក និងជីកយករ៉ែធ្ងន់បំផុតក្នុងពិភពលោក ។
លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា មានប្រសាសន៍កាលពីសប្តាហ៍ទី ២ ខែសីហាថា ក្រុមអ្នករាវរកគ្រាប់បែក បានរកឃើញគ្រឿងផ្ទុះជាង ២,០០០គ្រាប់ រួមទាំងគ្រាប់បែក M79 ជាង ១,០០០គ្រាប់ នៅអនុវិទ្យាល័យមួយក្នុងខេត្តក្រចេះ ។
គាត់បានប្រាប់ AFP ថា សំណល់សង្គ្រាមទាំងនេះត្រូវបានគេរកឃើញបន្ទាប់ពីសាលាកំពុងរៀបចំទីតាំងពង្រីកឧទ្យាន ហើយពីព្រឹត្តិការណ៍នេះ សាលាត្រូវបិទជាបណ្ដោះអាសន្ន។
«វាពិតជាសំណាងណាស់សម្រាប់សិស្ស។ គ្រឿងផ្ទុះទាំងនេះអាចផ្ទុះបានយ៉ាងងាយប្រសិនបើមាននរណាម្នាក់ជីកដីប៉ះវា»។
ទីតាំងនេះធ្លាប់ជាបន្ទាយយោធាក្នុងសម័យសង្គ្រាម ហើយប្រតិបត្តិការបោសសម្អាតទំនងជាបង្កើនបន្ថែមរាវរកចំនួនគ្រឿងផ្ទុះទាំងនេះទៀត។
ផលវិបាកនៃការទម្លាក់គ្រាប់បែករបស់អាមេរិក និងគ្រាប់មីនដែលនៅសេសសល់ក្នុងរយៈពេល 4 ទសវត្សរ៍កន្លងមកនេះ ប្រជាជនកម្ពុជាប្រហែល 20,000 នាក់ត្រូវបានសម្លាប់ដោយគ្រាប់មីន ឬគ្រាប់បែក ហើយតាមទិន្នន័យ អាមេរិកទម្លាក់គ្រាប់ជាង ២ លានគ្រាប់ រីឯឡាវក៏ជាង ២ លានគ្រាប់ដែរ បណ្តាលឲ្យវិនាសកម្មមកដល់សព្វថ្ងៃ បន្សល់ជនពិការរាប់ពាន់ ម៉ុឺននាក់ ។ អាមេរិកមិនភ្លេចបំណុលពីកម្ពុជា ឯកម្ពុជា ក៏មិនភ្លេចបំណុលឈាមប្រជាជនខ្មែរ ដូចគ្នា ។
កន្លងមក អាមេរិកបានទារបំណុលពីកម្ពុជាដែលមានចំនួនជាង ៥០០ លានដុល្លារដែលជំពាក់ដោយសម័យ លន់ នល់ ឆ្នាំ ១៩៧០-៧៥ ដែលជាអាយ៉ងរបស់ខ្លួន យកមកធ្វើសង្គ្រាម និងពុករលួយ ។ តើបំណុលលុយ និងបំណុលឈាមប្រជាជនខ្មែរ ដែលត្រូវស្លាប់ដោយសារការទម្លាក់គ្រាប់បែក ជួបសោកនាថកម្មមានទំហំប៉ុណ្ណា ? កម្ពុជាទេ ដែលត្រូវទារ«បំណុលឈាម» ពីអាមេរិកមកវិញ ទោះអ្នកស្លាប់ ស្លាប់ទៅហើយក៏ដោយចុះ ។
ការងារបោសសម្អាតនៅតែបន្តរហូតមកដល់សព្វថ្ងៃនេះ រដ្ឋាភិបាលកម្ពុជាបានសន្យាលុបបំបាត់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់នៅឆ្នាំ២០២៥ ៕