របាយការណ៍ព្រមានថា ត្រី ១ ក្នុងចំណោម ៥ ប្រភេទនៅក្នុងទន្លេមេគង្គ ប្រឈមនឹងហានិភ័យផុតពូជ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី19 ខែមេសា ឆ្នាំ2024 ម៉ោង 7:38 នាទី ល្ងាច

 

 

អត្ថបទ សូរ្យសែង បកប្រែពី MGRonline របស់ថៃ ៖

កាសែត AFP បានសរសេរអត្ថបទចេញពីរបាយការណ៍ថ្មីមួយពីក្រុមបរិស្ថានក្នុងតំបន់ និងអន្តរជាតិនិយាយថា ត្រី ១ ក្នុងចំនោម ៥ ប្រភេទនៅក្នុងអាងទន្លេមេគង្គប្រឈមនឹងការគំរាមកំហែងផុតពូជ ។

ទន្លេមេគង្គគឺជាទន្លេមួយក្នុងចំណោមទន្លេចម្រុះជីវសាស្ត្របំផុតនៅលើពិភពលោក វាស្ថិតនៅលំដាប់ទីពីរបន្ទាប់ពីទន្លេអាម៉ាហ្សូន និងទន្លេកុងហ្គោ វាជាជម្រករបស់ត្រីប្រហែល ១.១៤៨ ប្រភេទ ហើយមនុស្សរាប់លាននាក់ពឹងផ្អែកលើទឹកសម្រាប់ចិញ្ចឹមជីវិតរបស់ពួកគេ។

ប៉ុន្តែ​អ្នក​បរិស្ថាន​និយាយថា ត្រី​នៅ​អាង​ទន្លេ​មេគង្គ​ប្រឈម​នឹង​ការ​គំរាម​កំហែង​ជា​ច្រើន រួមទាំងការសាងសង់ទំនប់ ការជីកយករ៉ែខ្សាច់ ជលផលដែលគ្រប់គ្រងមិនបានល្អ ការបាត់បង់ទីជម្រក និង​ការ​ណែនាំ​ពូជ​បរទេស​ចូល​ក្នុង​តំបន់ ។

របាយការណ៍នេះបាននិយាយថា 19% នៃប្រភេទត្រីនៅក្នុងទន្លេ ត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដោយការផ្លាស់ប្តូរបែបខាងលើ និងការគូសបញ្ជាក់អំពីការថយចុះបរិមាណត្រីនឹងប៉ះពាល់ដល់ប្រជាជនរាប់លាននាក់ដែលមានជីវភាពរស់នៅពឹងផ្អែកលើទន្លេមេគង្គ ។

«ការថយចុះគួរឲ្យព្រួយបារម្ភនៃចំនួនត្រីនៅក្នុងទន្លេមេគង្គ គឺជាការដាស់តឿនឱ្យចាត់វិធានការបន្ទាន់។ យើងត្រូវតែធ្វើសកម្មភាពឥឡូវនេះ ដើម្បីបញ្ឈប់និន្នាការមហន្តរាយបន្ត ដោយសារតែសហគមន៍ និងបណ្តាប្រទេសទន្លេមេគង្គ ។ នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក WWF បាន​និយាយ​ថា អាង​ទន្លេ​មេគង្គ​មិន​អាច​មាន​លទ្ធភាព​បាត់បង់​ពួក​វា​បាន​ទេ ។

របាយការណ៍ពីក្រុមក្នុងតំបន់ និងអន្តរជាតិចំនួន 25 បានពិនិត្យលើផលប៉ះពាល់លើវិស័យនានា ក្នុងចំណោមទន្លេប្រវែង ៤.៩០០ គីឡូម៉ែត្រ ដែលជាទន្លេវែងជាងគេនៅអាស៊ីអាគ្នេយ៍ រួមទាំងបឹងទន្លេសាបរបស់កម្ពុជា។ ពួកគេនិយាយថា ចំនួនត្រីបានថយចុះ 88% ចន្លោះឆ្នាំ 2003 និង 2019 ។

អ្នក​សរសេររបាយការណ៍​និយាយ​ថា ប្រភេទ​ត្រី​ចំនួន ៧៤ ប្រភេទ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​ជិត​ផុត​ពូជ និង ១៨ ប្រភេទ​កំពុង​រង​គ្រោះ​ធ្ងន់ធ្ងរ ។ នេះ​មាន​ន័យ​ថា ​ប្រហែល 19% នៃ​ប្រភេទ​ត្រី​ទន្លេមេគង្គ​ដែល​គេ​ស្គាល់ ​ត្រូវ​បាន​គំរាមកំហែង​ ។

ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ក៏បាននិយាយផងដែរថា ប្រភេទត្រីដែលបាត់បង់ បណ្តាលមកពីការកាប់បំផ្លាញព្រៃឈើកាន់តែខ្លាំងនៅក្នុងតំបន់ ​ក៏​ព្រោះ​តែ​មនុស្ស​រាប់​លាន​នាក់​ដែល​ធ្លាប់​ពឹង​លើ​ទន្លេ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​កសិកម្ម ។

«វាច្បាស់ណាស់ថា យើងមានហានិភ័យនៃវិបត្តិជីវចម្រុះថ្មីសម្រាប់អាងទន្លេមេគង្គ ប៉ុន្តែវាមិនយឺតពេលទេ» លោក Herman Vanningen នាយកគ្រប់គ្រងនៃអង្គការ World Fish Migration Foundation និយាយ គាត់ជាផ្នែកមួយនៅក្នុងរបាយការណ៍នេះ។

អនុសាសន៍របស់របាយការណ៍នេះ អំពាវនាវឱ្យប្រទេសទន្លេមេគង្គ ប្តេជ្ញាចិត្តចំពោះគម្រោងស្តារទន្លេ និងការពារ ស្តារប្រព័ន្ធអេកូឡូស៊ីទន្លេ ។

ការបង្កើនលំហូរធម្មជាតិនៃទន្លេ ការកែលម្អគុណភាពទឹក ការពារជម្រក និងប្រភេទសត្វសំខាន់ៗ ហើយការដករបាំងទន្លេហួសសម័យ គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងប្រាំមួយ ដែលរបាយការណ៍បានផ្តល់អនុសាសន៍ដើម្បីជួយស្ដារទន្លេមេគង្គ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម