ដោយ សូរ្យសែង៖
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានរិះគន់សេចក្តីថ្លែងការណ៍របស់អាស៊ានដែលថ្កោលទោសអំពើហឹង្សាយោធា និងបានកំណត់គោលដៅវាយប្រហារលើជនស៊ីវិលតែភាគីម្ខាង ។ ការផ្លាស់ប្តូរឥរិយាបថនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីវាបាននិយាយថា ខ្លួននឹងមិនទទួលយកតំណែងប្រធានប្តូរវេនអាស៊ាននាពេលខាងមុខនោះទេ ។
ប្រទេសមីយ៉ាន់ម៉ា មានភាពវឹកវរតាំងពីរដ្ឋប្រហារក្នុងឆ្នាំ ២០២១ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កំពុងព្យាយាមដោះស្រាយវិបត្តិនេះ ជាមួយនឹងផែនការសន្តិភាព ៥ចំណុចដែលបានព្រមព្រៀងជាមួយមេទ័ពភូមា ប៉ុន្តែរបបយោធាបានបដិសេធមិនចូលរួមជាមួយគូប្រជែងរបស់ខ្លួន។
នៅឯកិច្ចប្រជុំកំពូលកាលពីថ្ងៃអង្គារ ទី ៥ ខែកញ្ញា មេដឹកនាំអាស៊ានបានអំពាវនាវឱ្យយោធាប្រទេសនេះ កាត់បន្ថយអំពើហិង្សា និងបញ្ចប់ការវាយប្រហារទៅលើជនស៊ីវិល ហើយឥណ្ឌូនេស៊ី ប្រធានកិច្ចប្រជុំនៅឆ្នាំនេះ បាននិយាយថា មិនមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងផែនការប្រាំចំណុចនោះទេ ។ មីយ៉ាន់ម៉ាបានរិះគន់ការពិនិត្យរបស់អាស៊ានថា ជាការលម្អៀងតែម្ខាង។ នេះជាបទវិចារណកថាមួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី ៦ កញ្ញា នៅក្នុងកាសែត Global New Light of Myanmar ដែលគាំទ្រដោយរដ្ឋ។
សេចក្តីថ្លែងការណ៍ផ្លូវការរបស់ភូមាបានអំពាវនាវឱ្យអាស៊ានគោរពយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិ និងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអាស៊ាន ជាពិសេស មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋជាសមាជិក ។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី រ៉េតណូ ម៉ារស៊ូឌី បានប្រាប់អ្នកសារព័ត៌មានថា មីយ៉ាន់ម៉ានឹងមិនធ្វើជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំ 2026 ទេ ដោយហ្វីលីពីនទទួលជំនួសវិញ ។ នេះបើតាមអ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ាលោក ហ្ស័រ មីន ទុន បានបញ្ជាក់ប្រាប់ AFP ដោយមិនផ្តល់ព័ត៌មានលម្អិតទេ ៕