សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ដ៏មានន័យថា «គ្មានសង្គ្រាម បងប្អូនអាចរៀនសូត្រ និងមានការវិនិយោគ តែបើមានសង្គ្រាមលុយជាតិ ត្រូវយកទៅទិញគ្រាប់ ដើម្បីវាយគ្នា និងសម្លាប់គ្នា ។ រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្តេជ្ញាការពារឲ្យបានសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីការអភិវឌ្ឍ»។
សម្តេចធិបតី ថ្លែងបែបនេះ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ពេលអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,១០៤នាក់ មកពីរោងចក្រ សហគ្រាសនានា ក្នុងស្រុកបាទី ខេត្តតាកែវ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា សង្គ្រាមមិនត្រឹមតែនាំឱ្យប្រជាពលរដ្ឋបែកបាក់គ្នានោះទេ សូម្បីសម្បត្តិដូនតាខ្មែរ ក៏ត្រូវបានព្រាត់ប្រាស់ឆ្ងាយពីប្រទេសជាតិដែរ តែសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋរួបរួមគ្នា ហើយព្រលឹងដូនក៏បានត្រឡប់មកកាន់ប្រទេសវិញដែរ ។
ជាមួយគ្នានេះ សម្តេចធិបតី បន្តថា បើគ្មានសន្តិភាព ប្រុសៗត្រូវទៅច្បាំងគ្នា ចំណែកឯស្រីៗ ចូលទៅវិស័យឧស្សាហកម្មពាក់ព័ន្ធនឹងយោធា។ សម្តេចធិបតី លើកឧទាហរណ៍ថា នៅរុស្ស៉ី និងអ៊ុយក្រែន សុទ្ធតែមានបញ្ហា ដោយសារតែសង្គ្រាម ដែលធ្វើឲ្យបុរសនិងស្ត្រី គ្មានជម្រើសក្រៅពីចូលរួមធ្វើសង្គ្រាម។
បើតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នៅអ៊ុយក្រែន ដោយសារសង្គ្រាម ប្រុសៗអាយុ ១៨ឆ្នាំ ដល់ ៦៥ឆ្នាំ មិនឲ្យចេញពីក្រៅប្រទេស គឺត្រូវចូលទៅច្បាំងគ្នា ខណៈស្រីៗចូលទៅឧស្សាហកម្មមួយចំនួន ដើម្បីបំពេញបន្ថែម ដោយអត់មានជម្រើសដូចខ្មែរ ដែលមានសន្តិភាពទេ ៕