ដោយ សូរ្យសែង៖
កិច្ចប្រជុំកំពូល G20 បានប្រកាសទទួលយកសហភាពអាហ្រ្វិក (African Union) ដែលមាន ៥៥ ប្រទេសជាសមាជិកអចិន្ត្រៃយ៍ ក្នុងកិច្ចប្រជុំនៅប្រទេសឥណ្ឌាកាលពីសប្តាហ៍ទី ១ នៃខែកញ្ញានេះ ។
នាយករដ្ឋមន្ត្រីឥណ្ឌា ណារេនដ្រា ម៉ូឌី (Narendra Modi) បានស្វាគមន៍សមាជិកថ្មីមកពីបណ្តាប្រទេសនៅអាហ្វ្រិកក្នុងពេលបើកកិច្ចប្រជុំកំពូល G20 ដែលអាចចាត់ទុកថា ជាសម័យកាលប្រវត្តិសាស្ត្រ ចំពេលមានការអបអរសាទរពីប្រជាជាតិនានាដែលចូលរួម មានលោក អាហ្សាឡេ អាស៊្សូមាណេ ប្រធាននៃកូម៉ូរ៉ូ បានដើរឡើងឱបលោក ម៉ូឌី បន្ទាប់ពីការប្រកាសនៅក្នុងកិច្ចប្រជុំរួចមក ។
គោលបំណងសំខាន់មួយរបស់ប្រទេសឥណ្ឌា ក្នុងនាមជាប្រធាន G20 គឺការបញ្ចូលសហភាពអាហ្វ្រិកជាសមាជិកអចិន្ត្រៃយ៍ វានឹងធ្វើឱ្យប្រទេស G20 ពង្រីកសមាជិកកាន់តែច្រើន ។ ការសម្រេចចិត្តលើកនេះ ក៏ជំរុញការខិតខំរបស់លោក ម៉ូឌី ផងដែរ ដែលនឹងធ្វើឱ្យប្រទេសឥណ្ឌាក្លាយជាសំឡេងនៃបណ្តាប្រទេសនៃអឌ្ឍគោលខាងត្បូង រួមទាំងប្រទេសនៅអាមេរិកឡាទីន អាស៊ី អាហ្រ្វិក និងតំបន់អូសេអានី ។
លោក ម៉ូឌី បាននិយាយថា «ខ្ញុំជឿថា ការអញ្ជើញសហភាពអាហ្រ្វិកឱ្យក្លាយជាសមាជិក នឹងមានការគាំទ្រពីគ្រប់ប្រទេស» ។
អ្នកវិភាគចាត់ទុកសមាជិកអចិន្ត្រៃយ៍របស់សហភាពអាហ្រ្វិកនៅក្នុង G20 ជាការពង្រឹងសំលេងរបស់អឌ្ឍគោលខាងត្បូង ដែលមានឥណ្ឌាកំពុងព្យាយាមដើរតួនាទីនាំមុខក្នុងបញ្ហានេះ។ ជាងនេះទៅទៀត វាគឺជាការបង្កើតវេទិកាសំឡេងប្រជាជាតិមួយសម្រាប់ទ្វីបអាហ្វ្រិក ដែលអាចលើកឡើងពីបញ្ហាប្រទេសកំពុងអភិវឌ្ឍន៍កំពុងប្រឈម និងមានសំឡេងកាន់តែធ្ងន់ ក្នុងការសម្រេចចិត្តលើបញ្ហាដែលធ្វើឡើងដោយប្រទេសអ្នកមាន។
ឥណ្ឌាចង់ឱ្យរបៀបវារៈនៃប្រទេសកំពុងអភិវឌ្ឍន៍ជាចំណុចសំខាន់នៃកិច្ចប្រជុំ នេះគឺដោយសារតែប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនស្ថិតក្នុងស្ថានភាពដែលត្រូវសងបំណុលទៅប្រទេសចិន និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រដ្ឋាភិបាលឥណ្ឌាចង់ឱ្យប្រទេសអ្នកមានជួយ ៕