CNN ផ្សាយថា ក្រុមហ៊ុនថៃបញ្ជូនស្រោមដៃពេទ្យ«ប្រើហើយ» ចូលសហរដ្ឋអាមេរិក រាប់សិបលានស្រោម!

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី27 ខែតុលា ឆ្នាំ2021 ម៉ោង 7:22 នាទី ល្ងាច

ប្រភព CNN

បកប្រែដោយ សូរ្យសែង៖

ទីភ្នាក់ងារព័ត៌មាន CNN របស់អាមេរិករាយការណ៍ថា ក្រុមហ៊ុនថៃ ក្នុងបរិបទកូវីដ-១៩ រាតត្បាតបានបញ្ជូនស្រោមដៃពេទ្យក្លែងក្លាយ (nitrile gloves) និង«ប្រើហើយ» ចូលសហរដ្ឋអាមេរិក និងប្រទេសជាច្រើនសិបលានស្រោម ដែលរឿងនេះខាងសហរដ្ឋអាមេរិក និងថៃកំពុងចាត់ការស៊ើបអង្កេត ។

កាលពីខែធ្នូ ឆ្នាំ ២០២០ មន្ត្រីសុខាភិបាលថៃ បានចូលទៅឆែកឆេរក្នុងឃ្លាំងមួយនៅជាយទីក្រុងបាងកក បានរកឃើញស្រោមដៃពេទ្យដែលប្រើហើយមានចំនួនយ៉ាងច្រើន និងប្រឡាក់យ៉ាងច្បាស់ ស្រោម​ខ្លះ​​មាន​ស្នាម​ឈាម​ផង​ដែរ​​ ក្រៅ​ពី​នេះ​ គេ​បាន​រក​ឃើញ​ថង់​ប្លាស្ទិក​មួយធុង​ដែល​មាន​ពណ៌​ខៀវ​ និង​ស្រោម​ដៃ​មួយចំនួនទៀត ។

មន្ត្រីនិយាយថា កម្មករជាជនបរទេសបានព្យាយាមធ្វើស្រោមដៃទាំងនោះ ឲ្យទៅជាថ្មីវិញ រួចដាក់ក្នុងកញ្ចប់ប្រេនដ៍ដែលគេឃើញប្រើនៅក្នុងប្រទេសថៃ ។

CNN និយាយទៀតថា នៅមានឃ្លាំងបែបនេះក្នុងប្រទេសថៃជាច្រើនកន្លែងទៀត ដំណើរការមកទល់សព្វថ្ងៃនេះ  ស្រោមដៃគុណភាពទាបរាប់សិបលានត្រូវបាននាំចេញទៅកាន់សហរដ្ឋអាមេរិក និងប្រទេសជាច្រើនជុំវិញពិភពលោក ដើម្បីចាប់យកឱកាសចំណេញ ចំពេលមានការកើនឡើងនៃតម្រូវការស្រោមដៃកៅស៊ូផ្នែកវេជ្ជសាស្ត្រ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ។

របាយការណ៍ក៏បានដកស្រង់សម្តីពីលោក Douglas Stein ដែលបានបញ្ជាទិញឈុត PPE ពីអាស៊ីអស់រយៈពេល 10 ឆ្នាំមកហើយ បាននិយាយថា ស្រោមដៃ nitrile គឺជាទំនិញដ៏គ្រោះថ្នាក់បំផុតក្នុងពិភពលោកនាពេលនេះ ។

ប៉ុន្តែទោះបីជាមានហានិភ័យខ្ពស់ចំពោះមន្ត្រីជួរមុខ និងអ្នកជំងឺក៏ដោយ ក៏អាជ្ញាធរអាមេរិកនៅតែប្រឈមបញ្ហាក្នុងការជួញដូរខុសច្បាប់ នេះ​ជា​ផ្នែក​មួយ​ដោយ​សារ​ការ​នាំ​ចូល​ឧបករណ៍​វេជ្ជសាស្រ្ដ​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ចាប់​តាំង​ពី​ការ​ផ្ទុះ​ឡើង ​នៃ​ជំងឺ​រាតត្បាត​រហូត​មក​ដល់​ពេល​នេះ ។

ការរាតត្បាតកូវីដ-១៩ ធ្វើឲ្យសេចក្តីត្រូវការឧបករណ៍ការពារបុគ្គលិក ឬ PPE រួមទាំងស្រោមដៃ nitrile ពេទ្យមានសេចក្តីត្រូវការខ្ពស់ក្នុងទីផ្សារពិភពលោក ៕

រូបភាពពី  Ben STANSALL / AFP


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម