អ្វីជាតំបន់ West Bank ដែលបណ្តាលឲ្យដែនដីមានជម្លោះរវាង អ៊ីស្រាអែល-ប៉ាឡេស្ទីន?

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី10 ខែតុលា ឆ្នាំ2023 ម៉ោង 7:16 នាទី ល្ងាច

បកប្រែដោយ សូរ្យសែង៖

មកស្គាល់ "West Bank" ដែលជាតំបន់មានប្រវត្តិដ៏យូរលង់ ចាប់តាំងពីដែនដីស័ក្តិសិទ្ធិនៅយុគសម័យកណ្តាល រហូតបង្កជម្លោះរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន មកដល់ពេលនេះ ។

សង្គ្រាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលអូសបន្លាយបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី២ បានចាប់ផ្តើមវិលទៅរកចំណុចក្តៅម្តងទៀតក្រោយពីក្រុម«ហាម៉ាស» ឬ «អង្គការនយោបាយប្រដាប់អាវុធប៉ាឡេស្ទីន» បាន​បាញ់​គ្រាប់​រ៉ុក្កែត​នៅ​ភាគ​ខាង​ត្បូង​អ៊ីស្រាអែល ជាពិសេស​តំបន់ហ្គាហ្សា ស្ទ្រីប (Gaza Strip)។ កត្តា​នេះ​បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​អ៊ីស្រាអែល​បើក​ស៊ីរ៉ែន​ដើម្បី​ព្រមាន​ពី​ស្ថានភាព​អាសន្ន ។ ក្រៅពីហ្គាហ្សា តំបន់​ដែល​មាន​ជម្លោះ​ឥតឈប់ឈរ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន គឺមាន​តំបន់​«វេសប៊ែង»មួយទៀត ។

តំបន់ West Bank ក្នុងអតីត មានដើមណើត​ព្រមគ្នាជាមួយ​នឹង​ការ​បង្កើត​រាជាណាចក្រ​យេរូសាឡិម ​ក្នុង​មជ្ឈិមសម័យ(យុគកណ្តាល ក្នុង​អំឡុង​សតវត្ស​ទី​៥-​១៥) ជា​ទីតាំង​នៃ​ទីក្រុង​គ្រិស្ត​សាសនិក​ដ៏​សំខាន់​មួយ គឺ​បេតឡេហេម ដែលគេជឿថាជាទីក្រុងដែលព្រះយេស៊ូប្រសូត និងទីក្រុងសំខាន់ៗនៃសាសនាគ្រិស្ត ឥស្លាម និងសាសនាយូដា (ជ្វីហ្វ ឬ យូដា) ដូចជាក្រុងយេរូសាឡឹម ជាដើម ធ្វើឱ្យតំបន់ West Bank ជាផ្នែកមួយនៃដែនដីបរិសុទ្ធស័ក្តិសិទ្ធិ មុនពេលសង្គ្រាមលោកលើកទី ១ ដែលជាផ្នែកមួយនៃចក្រភពអូតូម៉ង់អស់រយៈពេលជាង 400 ឆ្នាំមកហើយ ។

ត​មក ​ក្រោយ​ចប់​សង្គ្រាម​លោក​លើក​ទី​១ ចក្រភព​អូតូម៉ង់​ត្រូវ​បាន​បរាជ័យ​និង​ដួលរលំ បណ្តាលឱ្យសម្ព័ន្ធមិត្តដែលឈ្នះសង្រ្គាម ដូចជាបារាំង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ប្រកាសតំបន់ West Bank គ្រប់គ្រងដោយរដ្ឋ ប៉ាឡេស្ទីន និងជាផ្នែកមួយនៃតំបន់ក្នុងអាណត្តិរបស់ចក្រភពអង់គ្លេស នៅសន្និសីទសាន់ រ៉េម៉ូ (San Remo) ក្នុងឆ្នាំ 1920 ។

ក្រោយ​មក មុន​សង្គ្រាម​លោក​លើក​ទី​២ ណាស៊ី​អាល្លឺម៉ង់​បាន​ប្រកាស​ពី​គោល​នយោបាយ​សម្លាប់​ជនជាតិ​ជ្វីហ្វ ធ្វើឱ្យជនជាតិយូដានៅទូទាំងពិភពលោកជាពិសេសនៅប្រទេសអាល្លឺម៉ង់ ធ្វើចំណាកស្រុកដ៏ធំទៅកាន់ប៉ាឡេស្ទីន ជាពិសេសនៅតំបន់ West Bank ព្រោះ​ជា​ដែនដីពិសិដ្ឋ​នៃជំនឿ រហូតដល់ក្រោយសង្គ្រាមលោកលើកទី ២ នៅខែឧសភាឆ្នាំ ១៩៤៨ ដែលប្រជាជនជ្វីហ្វបានប្រកាសឯករាជ្យរបស់ពួកគេដោយបង្កើតរដ្ឋអ៊ីស្រាអែល ព្រមជាមួយនឹងការតស៊ូជាមួយប៉ាឡេ ស្ទីនដើម្បីទឹកដីរបស់ខ្លួន រហូត​ដល់​ប្រទេស​ហ្ស៊កដង់បាន​ចូល​មក​ទាមទារ​ការ​គ្រប់​គ្រង​តំបន់ West Bank ក្នុង​ឆ្នាំ​ដដែល ។

រហូតដល់ឆ្នាំ ១៩៦៧ សង្រ្គាមបានផ្ទុះឡើងរយៈពេល ៦ថ្ងៃ រវាងអ៊ីស្រាអែល ជាមួយបណ្តាប្រទេសអារ៉ាប់ រួមមាន អេហ្ស៊ីប ហ្ស៊កដង់ លីបង់ ប៉ាគីស្ថាន អ៊ីរ៉ាក់ ស៊ីរី គុយវ៉ែត និងអារ៉ាប៊ីសាអូឌីត ពេលនោះភាគីអ៊ីស្រាអែលទទួលជ័យជម្នះ ធ្វើ​ឱ្យ​ក្រុម​ប៉ាឡេស្ទីនជាក្រុមមួយក្នុង​ជាតិ​អារ៉ាប់ ត្រូវ​ធ្វើ​ចំណាក​ស្រុក​ពី West Bank ទៅ​ហ្ស៊កដង់ ធ្វើឲ្យ តំបន់ West Bank នៅក្រោមអាណត្តិរបស់អ៊ីស្រាអែលតាំងពីពេលនោះមក ទោះបីជាហ្ស៊កដង់ ទាមទារកម្មសិទ្ធិលើទឹកដីនេះក៏ដោយ ។

ទោះយ៉ាងណា នៅឆ្នាំ ១៩៧៤ នៅឯកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់ មាន​ដំណោះស្រាយ​ថា​ «អង្គការ​រំដោះ​ប៉ាឡេស្ទីន​ដឹកនាំ​ដោយ​លោក យ៉ាស្សេ អារ៉ាហ្វាត (Yasser Arafat) ជា​តំណាង​ស្របច្បាប់​តែ​មួយ​គត់​របស់​ប្រជាជន​ប៉ាឡេស្ទីន ។​ អារ៉ាហ្វាត ​មាន​គោលនយោបាយ​ផ្សះផ្សារ​ជាមួយ​អ៊ីស្រាអែល និងត្រៀម​ខ្លួន​​វិល​ត្រឡប់​របស់​ប៉ាឡេស្ទីន​ទៅ​កាន់តំបន់​ West Bank វិញ ដែលគោលនយោបាយបែបនេះ ផ្ទុយ​ពី​គោល​នយោបាយ​របស់​ក្រុម​ហាម៉ាស ដែលមិនតម្រូវឱ្យមានការសម្របសម្រួល ដូច្នេះ ហាម៉ាស​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ភាគីផ្ទុយ​នឹងក្រុម​ហ្វាតា ហើយ​បាន​ផ្លាស់​ទៅ​បង្កើត​មូលដ្ឋាន​នៅ​ហ្គាហ្សា មុនពេលហ្សកដង់ បានដកការទាមទាររបស់ខ្លួនទៅកាន់តំបន់នេះក្នុងឆ្នាំ ១៩៨៨ ។

រហូតដល់ឆ្នាំ ១៩៩៣ អ៊ីស្រាអែល និងប៉ាឡេស្ទីន បានឈានដល់ចំណុចព្រមព្រៀងសន្តិភាពមួយ ហៅថា «កិច្ចព្រមព្រៀងទីក្រុងអូស្លូ» ដើម្បីដោះស្រាយជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ផ្នែកនៃកិច្ចព្រមព្រៀងគឺ បែងចែកតំបន់ West Bank ជា ៣ ផ្នែក៖

  • តំបន់ A - មានផ្ទៃដីប្រហែល 18% ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប៉ាឡេស្ទីន មានរដ្ឋាភិបាល និងថែរក្សាសន្តិសុខផ្ទាល់ខ្លួន ។
  • តំបន់ B - មានផ្ទៃដីប្រហែល 22% ឱ្យប៉ាឡេស្ទីនជាអំណាចនយោបាយ ប៉ុន្តែការរក្សាសន្តិសុខនឹងក្លាយជាទំនួលខុសត្រូវរបស់អ៊ីស្រាអែល ។
  • តំបន់ C គឺជាតំបន់ដែលនៅសល់ទាំងមូល ឲ្យអ៊ីស្រាអែលទទួលបន្ទុកទាំងផ្នែកនយោបាយ និងសន្តិសុខ។ ក្នុងតំបន់ C ជាកន្លែងដែលអ្នកតាំងទីលំនៅរបស់ជនជាតិអ៊ីស្រាអែល និងជានិគមរបស់អ៊ីស្រាអែល។

ទោះយ៉ាងណា ក្នុងរយៈពេលជាច្រើនឆ្នាំ ជនជាតិអ៊ីស្រាអែលបានចាប់ផ្តើមពង្រីកពីតំបន់ C ហើយបានតាំងទីលំនៅក្នុងតំបន់ B និង A ។ ជនជាតិប៉ាឡេស្ទីន ត្រូវបានបង្ខំឱ្យចាកចេញពីតំបន់ទាំងនោះ បង្ក​ការ​មិន​ពេញ​ចិត្ត​ និង​ការ​ប៉ះ​ទង្គិច​ពី​មួយ​ពេល​ទៅ​មួយ​ពេល​ រហូតបច្ចុប្បន្ននេះ មានជនជាតិប៉ាឡេស្ទីនប្រមាណ 2.9 លាននាក់រស់នៅក្នុងតំបន់ West Bank និង ៤៧៥.០០០ អ្នកតាំងទីលំនៅក្នុងអ៊ីស្រាអែល ។

ដោយសារតែជម្លោះនៅតំបន់ West Bank ចាប់ពីការឈ្លោះគ្នា កុបកម្ម ឧប្បត្តិហេតុបាញ់ប្រហារ រហូត​ដល់​ឆ្មក់​ចូល​ភូមិ​របស់​ភាគី​ម្ខាង​ទៀត ហើយ​ជម្លោះ​រវាង​ភាគី​ទាំង​ពីរមាន​រហូតមក​ដល់​បច្ចុប្បន្ន ៕

សូមប្រិយមិត្ត និងសិស្ស និស្សិត ចងចាំ និងរក្សាទុកជាមេរៀនសិក្សាក្នុងប្រវត្តិសាស្ត្រ ដើម្បីយល់ដឹងពីដើមហេតុជម្លោះក្នុងភូមិភាគ មិនថាតែសង្គ្រាមរវាង អ៊ីស្រាអែល និងប៉ាឡេស្ទីនតែមួយទេ រឿងរ៉ាវពេញពិភពលោកក៏ត្រូវតែផងដឹងដែរ ហើយគេហទំព័រ«មតិអ្នក»នឹងខិតខំរិះរកឯកសារនៃរឿងរ៉ាវរបស់ប្រទេសនីមួយៗនៅលើពិភពលោក មកបង្ហាញជូនជាចំណេះដឹង ៕

ប្រភពពី Britannica / BBC / Wikipedia

រូបភាពពី Jaafar ASHTIYEH / AFP - Menahem KAHANA / AFP


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម