ឃ្លាំងប្រេងសំខាន់មួយរបស់ក្រុមហ៊ុនឯកជនក្នុងទីក្រុង Eilat អ៊ីស្រាអែល
(រូបថតរបស់ MENAHEM KAHANA / AFP កាលពីថ្ងៃទី ១០ កុម្ភៈ ២០២១ )
ប្រភព prachachat
ដោយ សូរ្យរិទ្ធ៖
ចំពេលស្ថានការណ៍សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលអ៊ីរ៉ង់ដែលនៅពីក្រោយក្នុងតំបន់កាហ្សា និងក្រុមហេសបូឡារបស់ប្រទេសលីបង់ ដែលវាយប្រហារអ៊ីស្រាអែលនៅភាគខាងជើង អ៊ីរ៉ង់បានអំពាវនាវឲ្យប្រទេសមូស្លីមកាត់ទំនាក់ទំនង និងធ្វើពហិការអ៊ីស្រាអែល រួមបញ្ចូលទាំងការផ្អាកការលក់ប្រេងទៅឱ្យអ៊ីស្រាអែល ។
តើអ៊ីស្រាអែលនាំប្រេងចូលពីណា ហើយក្នុងមួយថ្ងៃប៉ុន្មាន ? ចុះប្រសិនពួកអ៊ីស្លាមដាក់ទណ្ឌកម្មមិនលក់ទឹកឲ្យ តើអ៊ីស្រាអែលប៉ះពាល់យ៉ាងណា?
កាសែត Bloomberg បានវិភាគថា ប្រសិនអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តព្រួតគ្នាដាក់ទណ្ឌកម្មទៅលើអ៊ីស្រាអែល នោះអ៊ីស្រាអែលគ្មានបញ្ហាសោះឡើយ ដោយសារទីផ្សារប្រេងមានលក់នៅពាសពេញពិភពលោក ។
សព្វថ្ងៃ ប្រទេសពីរដែលលក់ប្រេងឲ្យស្រាអែលច្រើនជាងបំផុត គឺប្រទេសកាហ្សាក់ស្ថាន និង អាស៊ែបៃហ្សង់ ។ ប្រសិនបើអ៊ីរ៉ង់ចង់ដាក់ទណ្ឌកម្មអ៊ីស្រអែល គឺត្រូវការពឹងសហប្រតិបត្តិការជាមួយប្រទេសទាំងពីរនេះ ។
ទិន្នន័យពី Kepler ដែលជាក្រុមហ៊ុនផ្តល់សេវាទិន្នន័យផ្តោតលើឧស្សាហកម្មថាមពល និងដឹកជញ្ជូន បង្ហាញឱ្យឃើញថា តាំងពីពាក់កណ្តាលខែឧសភាកន្លងទៅ អ៊ីស្រាអែលបាននាំចូលប្រេងឆៅប្រហែល 220,000 ធុង (បារ៉ែល) ក្នុងមួយថ្ងៃ។ ប្រមាណ 60% នៃប្រេងដែលអ៊ីស្រាអែលប្រើ នាំចូលពីកាហ្សាក់ស្ថាន និងអាស៊ែបៃហ្សង់ ប្រទេសទាំងពីរគឺជាប្រទេសមូស្លីម នៅសល់ 40% មកពីប្រទេសផលិតប្រេងនៅអាហ្វ្រិកខាងលិច ដែលភាគច្រើនមកពីប្រទេសហ្គាបុង គឺជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងដ៏សំខាន់មួយទៀតដល់ប្រទេសអ៊ីស្រាអែល ។
ប៉ុន្តែទោះបីជាអ៊ីរ៉ង់បានទទួលកិច្ចសហប្រតិបត្តិការពីកាហ្សាក់ស្ថាន និងអាស៊ែបៃហ្សង់ក៏ដោយ ឥទ្ធិពលនឹងប៉ះពាល់លើអ៊ីស្រាអែលត្រឹមតែពីរបីថ្ងៃប៉ុណ្ណោះ ដោយសារអ៊ីស្រាអែលមានជម្រើសសម្រាប់ប្រភពប្រេង ឬផលិតផលផ្សេងទៀតជាច្រើន នេះប្រសិនបើពួកគេត្រូវបានធ្វើពហិកាដោយប្រទេសមូស្លីម ។ ប៉ុន្តែគេមិនត្រូវមើលរំលងសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែលនោះទេ អាមេរិកគឺជាប្រទេសផលិតប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោក។ ម្យ៉ាងទៀត ការនាំចេញប្រេងពីប្រទេសប្រេស៊ីលទៅកាន់ប្រទេសអ៊ីស្រាអែលបានកើនឡើងយ៉ាងខ្លាំងនៅក្នុងប៉ុន្មានខែថ្មីៗនេះ។
បញ្ហាកាន់តែខ្លាំងសម្រាប់អ៊ីស្រាអែល គឺការធានាកំពង់ផែដឹកជញ្ជូនប្រេងនិងដែនទឹកក្បែរនោះ ដើម្បីឱ្យប្រេងអាចនាំចូលដោយសុវត្ថិភាព ។ បច្ចុប្បន្ន អ៊ីស្រាអែលមានស្ថានីយនាំចូលប្រេងឆៅចំនួនបី គឺនៅ Ashkelon និង Haifa នៅលើសមុទ្រមេឌីទែរ៉ាណេ និងទីក្រុងអ៊ីឡាត (Eilat) នៅខាងសមុទ្រក្រហម ។
ស្ថានភាពប្រតិបត្តិការបច្ចុប្បន្ននៃស្ថានីយប្រេងរបស់អ៊ីស្រាអែល សម្រាប់ឃ្លាំងប្រេងនៅ Ashkelon នៅជិត kahjsa វាជាស្ថានីយនាំចូលប្រេងដ៏សំខាន់បំផុតរបស់អ៊ីស្រាអែល ដែលអាចគ្រប់គ្រងបានប្រហែល 180,000 ធុងក្នុងមួយថ្ងៃ ហើយត្រូវបានបិទភ្លាមៗ បន្ទាប់ពីក្រុមហាម៉ាសចាប់ផ្តើមវាយប្រហារអ៊ីស្រាអែល។
ឃ្លាំងប្រេង Eilat ស្ថិតនៅឆ្ងាយពីតំបន់កាហ្សា នេះបើតាម Kepler អ៊ីស្រាអែលមិនបាននាំចូលប្រេងឆៅណាមួយតាមរយៈស្ថានីយ Eilat របស់ខ្លួនតាំងពីឆ្នាំ ២០២០។
ចំណែកឃ្លាំងប្រេងនៅទីក្រុង Haifa នៅតែបើកដដែល ជាមធ្យមមានប្រេងឆៅប្រហែល 40,000 បារ៉ែលហូរចូលឃ្លាំងនេះក្នុងមួយថ្ងៃ ៕