បកប្រែដោយ សូរ្យសែង៖
សារព័ត៌មាន springnews របស់ថៃសរសេរថា ប៉ូលិសសម្ងាត់ចិនលាក់ខ្លួនជុំវិញពិភពលោក ភាគច្រើនត្រូវបានរកឃើញនៅក្នុងប្រទេសអ៊ីតាលី ។ ស្ថានីយប៉ូលិសសម្ងាត់ទាំងនេះ ថាមានមុខងារជា «មជ្ឈមណ្ឌលសេវាកម្មចិននៅបរទេស» ដើម្បីបំបាំងមុខ ប៉ុន្តែនៅពីក្រោយឆាក គឺពួកគេកំពុងយាយី និងបង្ខំជនជាតិចិនឱ្យត្រឡប់ទៅប្រទេសវិញ ។
រឿងដែលចិនមានប៉ូលិសធ្វើការនៅបរទេស ធ្លាប់ជារឿងគួរឲ្យចាប់អារម្មណ៍ជាសកល ដោយនៅចុងឆ្នាំ 2022 ។ ទីភ្នាក់ងារផ្សេងៗ នៃប្រទេសលោកខាងលិចបានបង្ហាញថា ប្រទេសចិនបានបើកប៉ុស្តិ៍ប៉ូលិសខុសច្បាប់ចំនួន 100 រាលដាលនៅពាសពេញពិភពលោក ។
នៅពេលដែលត្រូវបានបង្ហាញដូចនេះ អាជ្ញាធរចិនបានឆ្លើយតបថា ស្ថានីយទាំងនោះ មិនមែនជារបស់ប៉ូលិសទេ វាគ្រាន់តែជាមជ្ឈមណ្ឌលជួយសម្រួលដល់ប្រជាជនចិនដែលរស់នៅក្រៅប្រទេសប៉ុណ្ណោះ ប៉ុន្តែ Safeguard Defenders ជាអង្គការសិទ្ធិមនុស្សមកពីប្រទេសអេស្ប៉ាញបានបង្ហាញថា ប៉ុស្តិ៍ប៉ូលិសសម្ងាត់ទាំងនេះបានធ្វើការបំភិតបំភ័យប្រជាជនចិននៅបរទេស ដើម្បីបំបិទមាត់អ្នកប្រឆាំងនយោបាយ និងបង្ខំឱ្យពួកគេត្រឡប់ទៅប្រទេសរបស់ពួកគេវិញ ។
សហគមន៍អន្តរជាតិបានចាប់ផ្តើមបិទប៉ុស្តិ៍ប៉ូលីសសម្ងាត់ជាច្រើនរួចខ្លះមកហើយ ដោយនៅឆ្នាំ 2022 សហរដ្ឋអាមេរិកបានបិទស្ថានីយប៉ូលីសសម្ងាត់របស់ចិនមួយនៅកណ្តាលទីក្រុងញូវយ៉ក ដែលមានភស្តុតាងបំភិតបំភ័យពលរដ្ឋចិនដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ។ លោក Matthew Olsen អគ្គមេធាវីមកពីនាយកដ្ឋានសន្តិសុខជាតិ លើកឡើងពីករណីនេះថា៖ «រដ្ឋាភិបាលចិនបានឆ្លងផុតបន្ទាត់ហើយ មិនអាចទទួលយកបានទេ ហើយយើងត្រូវការពារសិទ្ធិសេរីភាពរបស់ប្រជាជនដែលរស់នៅក្នុងប្រទេសរបស់យើង ដើម្បីគេចពីការបៀតបៀនពីជនផ្តាច់ការ» ។
ប្រទេសអឺរ៉ុបផ្សេងៗទៀតដូចជា ហុល្លង់ និង អៀរឡង់ បានបិទទីតាំងប៉ូលិសសម្ងាត់របស់ចិនជាច្រើនកន្លែងរួចមកហើយ ហើយសាធារណរដ្ឋឆេក អាល្លឺម៉ង់ ព័រទុយហ្គាល់ អេស្ប៉ាញ ស៊ុយអែត និងចក្រភពអង់គ្លេសកំពុងចាត់វិធានការស្រដៀងគ្នានេះដែរ ។
ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺករណីរបស់អាល្លឺម៉ង់ ព្រោះក្រៅពីរកឃើញប៉ុស្តិ៍ប៉ូលិសសម្ងាត់របស់ចិននៅក្នុង ទីក្រុងហ្វ្រែងហ្វើតហើយ ក្រសួងមហាផ្ទៃអាល្លឺម៉ង់ក៏បានលាតត្រដាងបន្តថា វៀតណាមក៏បានមកធ្វើប្រតិបត្តិការសម្ងាត់ស្រដៀងគ្នានេះដែរ ។ យោងតាមរបាយការណ៍ថា ជនជាតិវៀតណាមត្រូវបានចាប់ពង្រត់ទាំងយប់ទាំងថ្ងៃដោយអ្នកស៊ើបការណ៍ពីទីក្រុងហាណូយ ដើម្បីនាំពួកគេត្រឡប់ទៅទទួលទោសនៅប្រទេសវៀតណាមវិញ ។
នៅទ្វីបអាហ្រ្វិក ក៏មានរបាយការណ៍ស្រដៀងគ្នានេះផងដែរ ប៉ុន្តែអ្នកកាសែតនីហ្សេរីយ៉ាដែលព្យាយាមលាតត្រដាងរឿងនេះត្រូវបានក្រុមអាថ៌កំបាំងគំរាមកំហែងឥតឈប់ឈរ ។
ទោះយ៉ាងណាក៏ដោយ អ្នកការពារសុវត្ថិភាពលើកទឹកចិត្តឲ្យ «រដ្ឋាភិបាលនៃប្រទេសជាច្រើន យកចិត្តទុកដាក់លើបញ្ហានេះ ព្រោះវាមិនត្រឹមតែការពារជនជាតិចិននៅបរទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីការពារគោលការណ៍ប្រជាធិបតេយ្យក្នុងប្រទេសរបស់ខ្លួនផងដែរ»។
ជាងនេះទៅទៀត អង្គការសិទ្ធិមនុស្សអេស្ប៉ាញមួយបានបញ្ជាក់ដូច្នេះ នៅមានប៉ុស្តិ៍ប៉ូលិសសម្ងាត់ជាច្រើនទៀតដែលមិនទាន់រកឃើញលាក់ខ្លួនក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ហើយទិន្នន័យបានបង្ហាញថា ចន្លោះឆ្នាំ 2021 និង 2022 ប៉ូលីសសម្ងាត់ចិនបានបញ្ចុះបញ្ចូលជនជាតិចិនក្រៅប្រទេសចំនួន 230,000 នាក់ឱ្យត្រឡប់ទៅប្រទេសរបស់ពួកគេវិញដោយជោគជ័យ ។
ប្រទេសអ៊ីតាលី ជាប្រទេសដែលមានប៉ុស្តិ៍ប៉ូលីសសម្ងាត់របស់ចិនធំជាងគេក្នុងពិភពលោក
Safeguard Defenders រាយការណ៍ថា ប្រទេសអ៊ីតាលីមានស្ថានីយប៉ូលីសសម្ងាត់របស់ចិនធំជាងគេបំផុតនៅលើពិភពលោក ដោយសារតែប្រទេសនេះជាផ្ទះរបស់ពលរដ្ឋចិនចំនួន 330,000 នាក់ យោងតាមស្ថិតិឆ្នាំ 2021 ។
ត្រឡប់ទៅឆ្នាំ 2015 ប្រទេសអ៊ីតាលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រសួងសន្តិសុខសាធារណៈជាទ្វេភាគីជាមួយប្រទេសចិន។ ជាលទ្ធផល ចាប់តាំងពីពេលនោះមក ប៉ូលីសអ៊ីតាលី និងចិនបានល្បាតទីក្រុងទេសចរណ៍ជាមួយគ្នា រួមទាំងទីក្រុង Milan និងទីក្រុងផ្សេងៗទៀត ។
ប៉ុន្តែក្រោយមក វាត្រូវបានគេរកឃើញប៉ុស្តិ៍ប៉ូលីសគ្មានការអនុញ្ញាត ប៉ុន្តែពួកគេបានបើកទីតាំងសម្ងាត់ចំនួន ១១ កន្លែង ដែលជាទីតាំងច្រើនបំផុតក្នុងប្រទេសអឺរ៉ុប ដែលជាមធ្យមមានតែ 2-3 កន្លែងប៉ុណ្ណោះ ។ ស្ថានីយទាំងនេះត្រូវបានគេនិយាយថា ដើម្បីបំភិតបំភ័យពលរដ្ឋចិនដែលមានជម្លោះនយោបាយក្នុងតំបន់ ដូចអ្វីដែលបានលេចឡើងនៅលើព័ត៌មានពាសពេញអឺរ៉ុប បណ្តាលឱ្យប្រទេសអ៊ីតាលីលុបចោលការនាំចូល «ប៉ូលីសចិន» ចូលទៅក្នុងប្រទេស ។
ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានថា ប៉ុស្តិ៍ប៉ូលីសសម្ងាត់របស់ចិន ត្រូវបានរកឃើញជាផ្លូវការនៅក្នុងប្រទេសថៃនោះទេ ប៉ុន្តែអ្វីដែលប្រាកដនោះ គឺប្រទេសថៃពោរពេញទៅដោយមូលធនចិនពណ៌ប្រផេះយ៉ាងច្រើនដែលបង្ក្រាបមិនចេះអស់ បណ្តាលឲ្យឱកាសនេះ តម្រូវឲ្យប៉ូលិសថៃធ្វើការជាមួយប៉ូលិសចិននាពេលអនាគត។
ពីករណីដែលមាននិន្នាការថា អាជ្ញាធរថៃត្រៀមប៉ូលិសចិនដើរល្បាតតាមទីក្រុងទេសចរណ៍នានា ដើម្បីលើកកម្ពស់សុវត្ថិភាព និងទំនុកចិត្តភ្ញៀវទេសចរចិនឱ្យកាន់តែខ្ពស់ តែបណ្តាលឱ្យមានការរិះគន់ជាច្រើននៅក្នុងពិភពអនឡាញ ដូចជា មានសំណួរសួរថា តើប៉ូលីសថៃមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេឬយ៉ាងណា? ឬយើងជាអាណានិគមរបស់ចិនរួចហើយមែនទេ? តើនេះនាំឲ្យមានសង្គ្រាមចូលផ្ទះឬអត់?