និស្សិតសកលវិទ្យាល័យ RUPP ទទួលបានចំណេះដឹងស្តីអំពីការប្រឆាំងអំពើពុករលួយ !

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី02 ខែធ្នូ ឆ្នាំ2023 ម៉ោង 12:32 នាទី ល្ងាច

យុវជនមាន​តូ​នាទី​យ៉ាងសំខាន់ ក្នុងការ​ចូលរួមចំណែកប្រយុទ្ធប្រឆាំង​អំពើពុករលួយ ​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ អាចធ្វើ​ទៅបាន​តាមរបៀបផ្សេងៗពីគ្នា ដួច​ជា៖ ការចាប់​ផ្តើមចេញពី​ខ្លួនឯង ហ៊ាន​រាយការណ៍​អំពី​អំពើពុករលួយផ្សព្វ ផ្សាយ និង​ចែករំលែក​ដល់​អ្នកដទៃ ​ជាដើម។


ដើម្បីជ្រោងឆន្ទៈឲ្យយុវជនក្លៀវក្លា ក្លាហាន ស្វាហាប់ហ៊ានរាយការណ៍ពីអំពើទុច្ចរិត អសកម្មក្នុងសង្គម យុវជនអាចចូលរួមជាមួយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) តាមរយៈការផ្សព្វផ្សាយ ចែករំលែកព័ត៌មាន ដើម្បីលើកស្ទួយសុចរិតភាព ភាពស្អាតស្អំរបស់មនុស្សក្នុងសង្គម ឲ្យមានតម្លាភាព និងការទទួលខុសត្រូវ ។

ក្នុងនាមយុវជន មុននឹងចូលរួមក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ត្រូវយល់ដឹងអំពីបទប្បញ្ញត្តិ និងច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ និងយន្តការដាក់ពាក្យប្តឹង ឬរាយការណ៍មកកាន់អង្គភាពប្រឆាំងអំពើពុករលួយ តាមរយៈទូរ​សព្ទ​ទៅកាន់​លេខ 1282 ឬដាក់​ក្នុង​ប្រអប់​សំបុត្រសរបស់ ACU ​នៅតាម​ដងផ្លូវ​នានាក្នុងរាជធានីភ្នំពេញ ​តាមរយៈប្រៃសណីយ៍ និងការមកដាក់ពាក្យប្តឹងផ្ទាល់នៅអង្គភាពផ្ទាល់ក៏បាន រួមទាំងយុទ្ធសាស្ត្រមុខព្រួញ ៣ គឺអប់រំ ទប់ស្កាត់បង្ការ និងបង្ក្រាបបទល្មើស ។

ជាមួយនឹងការបញ្ជ្រាបយល់ដឹងឲ្យកាន់តែទូលំទូលាយ ក្រុមការងារ ACU បានបើកយុទ្ធនាការផ្សព្វផ្សាយអំពី​អត្ថន័យ​នៃទិវាជាតិ-អន្តរជាតិប្រឆាំងអំពើពុករលួយ ៩ ធ្នូ នៅតាមគ្រឹះស្ថានសិក្សា និងតាមបណ្តាខេត្តមួយចំនួន ចាប់តាំងពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ៩ ធ្នូ ២០២៣ ក្រុមការងារនៅបន្តចុះផ្សព្វផ្សាយ​ដល់យុវសិស្ស និងយុវនិស្សិត ដែលត្រូវទទួលយកចំណេះដឹងបន្ថែមអំពីការប្រឆាំងអំពើពុករលួយ ពីព្រោះយុវជន​មាន​សក្តានុពល​ខ្លាំងណាស់ ​នៅក្នុង​ការចូលរួម​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នាពេល​បច្ចុប្បន្ន និង​អនាគត ។

នៅព្រឹកថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារទី៦ របស់ ACU បានចុះទៅផ្សព្វផ្សាយ អំពីទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ ធ្នូ នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ (RUPP) ដែលមាននិស្សិតចូលរួមសរុបចំនួន ៦០ នាក់ ជាការបន្ថែមនូវចំណេះដឹង ដើម្បីយកទៅចែករំលែកមិត្តភក្តិ ញាតិសន្តាន និងសាធារណជន ។

យុវជនមានតួនាទីចូលរួមដោយក្លាហាន សកម្ម ក្លៀវក្លា ស្របតាមស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺ ១) ការពង្រឹង និងកំណែទម្រង់ស្ថាប័ន ២) ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ៣) ការលើកកម្ពស់និងការពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ ៤) ការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងទី ៥) ការពង្រឹងអភិបាលកិច្ចវិស័យឯកជន និងធុរកិច្ច ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលអាណត្តិទី ៧ នៃរដ្ឋសភា ដែលចាំបាច់រៀបចំ​សង្គម​​ឲ្យ​មាន​ភាព​ស្អាត​ស្អំ​ ​ដើម្បី​ឲ្យ​កូន​ចៅ​យើង​ជំនាន់​ក្រោយ​ឲ្យ​រស់​នៅ​ក្នុង​សង្គម​ដែល​មាន​ភាព​ថ្លៃថ្នូរ និង​យុត្តិធម៌ ៕


 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម