កុំមើលរំលងប្រទេសឥណ្ឌា! ឥណ្ឌានឹងក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោកក្នុងឆ្នាំ ២០២៤-២០២៥

សេដ្ឋកិច្ចថ្ងៃច័ន្ទុ ទី25 ខែធ្នូ ឆ្នាំ2023 ម៉ោង 7:19 នាទី ល្ងាច

ដោយ សូរ្យសែង៖

ស្ថាប័នពិនិត្យ និងវាយតម្លៃ (Fitch Ratings) រំពឹង​ទុកថា ឥណ្ឌា​នឹង​ក្លាយ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​ក្នុង​ពិភពលោក ដោយផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបានព្យាករណ៍ថានឹងកើនឡើង 6.5% ក្នុងឆ្នាំ ២០២៤-២៥ ខណៈដែលកំណើន GDP របស់ឥណ្ឌាក្នុងឆ្នាំ ២០២៣-២០២៤ ដែលជាឆ្នាំសារពើពន្ធបច្ចុប្បន្នគឺ 6.9%។ ប្រជាជនឥណ្ឌា គិតត្រឹមឆ្នាំ ២០១៩ មានប្រមាណជាង ១.៣០០នាក់ បន្ទាប់ពីប្រទេសចិនដីគោក។

Fitch បាននិយាយនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃសុក្រទី ២២ ខែធ្នូថា «តម្រូវការនឹងនៅតែរឹងមាំសម្រាប់ស៊ីម៉ងត៍ អគ្គិសនី និងផលិតផលប្រេង» ដោយតម្រូវការនៅឆ្នាំ ២០២៣ នៅតែខ្ពស់ជាងកម្រិតមុនកូវីដ-១៩ ទៅទៀត។ ការកើនឡើងនៃការចំណាយលើហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានរបស់ឥណ្ឌា ក៏នឹងជំរុញតម្រូវការដែក និងការលក់រថយន្តបន្តកើនឡើងផងដែរ។ បច្ចុប្បន្នឥណ្ឌាគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី ៥ នៅលើពិភពលោកបន្ទាប់ពី សហរដ្ឋអាមេរិក ចិន អាល្លឺម៉ង់ និងជប៉ុន។

នៅឆ្នាំ ២០៣០ GDP របស់ឥណ្ឌា ត្រូវបានគេរំពឹងថានឹងជែងដាច់ប្រទេសជប៉ុន ដែលនឹងធ្វើឱ្យឥណ្ឌាក្លាយជាប្រទេសសេដ្ឋកិច្ចធំទីពីរនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។

Fitch ថា ការពង្រីកសេដ្ឋកិច្ចដ៏រឹងមាំរបស់ឥណ្ឌា នឹងគាំទ្រដល់តម្រូវការសាជីវកម្ម គឺទោះបីជាមានភាពទន់ខ្សោយពីកំណើនយឺតនៅក្នុងទីផ្សារអន្តរជាតិសំខាន់ៗក៏ដោយ។

កាលពីដើមសប្តាហ៍នេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏រំពឹងផងដែរថា សេដ្ឋកិច្ចឥណ្ឌានឹងកើនឡើងក្នុងអត្រា 6.3% ក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន (២០២៣-២០២៤) និងឆ្នាំសារពើពន្ធបន្ទាប់ ហើយរំពឹងថាកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌានឹងនៅតែរឹងមាំ​ ដែលត្រូវបានជំរុញដោយម៉ាក្រូសេដ្ឋកិច្ច និងស្ថិរភាពហិរញ្ញវត្ថុ។

ក្រុមហ៊ុន Goldman Sachs Research បានព្យាករណ៍នៅក្នុងខែធ្នូឆ្នាំនេះថា អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌានឹងមានចំនួន 6.2% ដែលជាកម្រិតខ្ពស់បំផុត ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំៗចំនួន ១៣ ក្នុងឆ្នាំ ២០២៤ ដោយប្រទេសចិនឈរនៅលំដាប់ទីពីរគឺ 4.8% ៕

ដោយ ទីភ្នាក់ងារព័ត៌មាន InfoQuest (២៣ ធ្នូ ២៣)

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម