ឱនភាព​ពាណិជ្ជកម្ម​ដំបូង​របស់​កូរ៉េ​ខាង​ត្បូង​ជាមួយ​ចិន​មាន​ចំនួន ១៨ ពាន់​លាន​ដុល្លារ មិនធ្លាប់មាន​ក្នុង​រយៈពេល ៣១ ឆ្នាំ

សេដ្ឋកិច្ចថ្ងៃសុក្រ ទី05 ខែមករា ឆ្នាំ2024 ម៉ោង 7:47 នាទី ល្ងាច

 

ពី prachachat ដោយ សូរ្យសែង ៖

កូរ៉េខាងត្បូងមានឱនភាពពាណិជ្ជកម្មជាមួយប្រទេសចិនជាលើកដំបូងក្នុងរយៈពេល 31 ឆ្នាំ ដោយសារតែបាននាំចេញទៅកាន់ប្រទេសចិនតិចជាងមុន ។

ទីភ្នាក់ងារសារព័ត៌មាន Nikkei Asia បានរាយការណ៍កាលពីថ្ងៃទី 1 ខែមករា ឆ្នាំ 2024 ថា ផលិតផលចិនកំពុងឈានជើងចូលទីផ្សារជាច្រើននៅចុងឆ្នាំ 2023 រីឯប្រទេសកូរ៉េខាងត្បូងមានឱនភាពពាណិជ្ជកម្មជាមួយប្រទេសចិនចំនួន 18 ពាន់លានដុល្លារក្នុងឆ្នាំ 2023 ដែលជាការកត់សម្គាល់ឱនភាពលើកដំបូងរបស់កូរ៉េខាងត្បូងក្នុងរយៈពេល 31 ឆ្នាំ។

ការនាំចេញរបស់កូរ៉េខាងត្បូងទៅកាន់ប្រទេសចិនក្នុងឆ្នាំ 2023 មានតម្លៃ 124.8 ពាន់លានដុល្លារ ធ្លាក់ចុះ 20% ពី 155.7 ពាន់លានដុល្លារក្នុងឆ្នាំ 2022 ខណៈដែលការនាំចូលពីប្រទេសចិនមានតម្លៃ 142.8 ពាន់លានដុល្លារ ធ្លាក់ចុះ 8% ពី 154.5 ពាន់លានដុល្លារនៅឆ្នាំ 2022 ។ ការធ្លាក់ចុះយ៉ាងខ្លាំងនៃការនាំចេញនេះ នឹងធ្វើឱ្យកូរ៉េខាងត្បូង មានឱនភាពពាណិជ្ជកម្មជាមួយចិន ពីអតិរេក (ច្រើនក្រៃ ច្រើនលើស ដែលលើសពីកំណត់ ដែលហួសពីចំនួន) ចំនួន 1.2 ពាន់លានដុល្លារកាលពីឆ្នាំមុន។

ផ្ទុយទៅវិញ ការនាំចេញរបស់កូរ៉េខាងត្បូងទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ 2023 បានកើនឡើង 5% និងមួយខែធ្នូ 2023 ដែលការនាំចេញប្រចាំខែទៅកាន់សហរដ្ឋអាមេរិក គឺខ្ពស់ជាងការនាំចេញប្រចាំខែទៅប្រទេសចិន ជាលើកដំបូងក្នុងរយៈពេល 20 ឆ្នាំ ដោយការលក់យ៉ាងមមាញឹកនៅក្នុងប្រភេទរថយន្ត គ្រឿងបន្លាស់រថយន្ត និងអាគុយរថយន្ត ។

ការនាំចេញទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងនេះ ​គឺ​ស្រប​តាម​ការទូត​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង Yoon Suk Yeol ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​អាមេរិក និងគាំទ្រគោលជំហរនយោបាយផងដែរ ។ ក្រុម​ហ៊ុន​កូរ៉េ​ខាង​ត្បូង មាន​ដូច​ជា Samsung, Hyundai Motor, LG, SK និង Lotte បាន​បង្កើន​ការ​វិនិយោគ​របស់​ពួក​គេ​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​អំឡុង​ឆ្នាំ​កន្លង​ទៅ ។

ការនាំចេញសរុបរបស់កូរ៉េខាងត្បូងក្នុងឆ្នាំ 2023 មានតម្លៃ 632.7 ពាន់លានដុល្លារ ធ្លាក់ចុះ 7% ធៀបនឹងឆ្នាំមុន ដោយសារការនាំចេញបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលបីឆ្នាំ ចំណែកការនាំចូលក៏ធ្លាក់ចុះផងដែរ ដោយធ្លាក់ចុះ 12% មកនៅត្រឹម 642.7 ពាន់លានដុល្លារ។

ចំពោះសមតុល្យពាណិជ្ជកម្មរួម ប្រទេសកូរ៉េខាងត្បូងមានឱនភាពពាណិជ្ជកម្មចំនួន 10 ពាន់លានដុល្លារ ដែលជាឆ្នាំទីពីរជាប់ៗគ្នានៃឱនភាពពាណិជ្ជកម្ម ទោះបីជាឱនភាពនេះធ្លាក់ចុះពីឆ្នាំ2022 ចំនួន 47.8 ពាន់លានដុល្លារក៏ដោយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម