ប្រឡោះកណ្តាល ដែលចោរលួចយកមួយគំនរ ពួកវាមានគ្នាមិនតិចជាង ១០ នាក់ដោយប្រើរទេះ ព្រោះផ្លូវនោះឡានចូលមិនរួចទេ
អត្ថបទ លីសុខ៖
កំពង់ស្ពឺ៖ ប្រភពរាយការណ៍ពីប្រជាពលរដ្ឋ នៅភូមិតាឡក ឃុំក្សេមក្សាន្ត ស្រុកឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ថា រៀងរាល់យប់មានចោរកម្មច្រើន ដើរលួចឆក់បង្កឲ្យបាត់បង់ទ្រព្យសម្បត្តិច្រើនមិនធម្មតា ។
ជាក់ស្តែង នៅយប់ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ ក្រុមចោរ (មានគ្នាច្រើននាក់ មិនតិចជាង ១០ នាក់) បានចូលលួចគ្រឿងដែកដឺរ៉ាសំណង់ដែលរៀបគរលើគ្នាដ៏សន្ធឹក (ដូចឃើញក្នុងរូប) នៅក្នុងដីទំនេរមួយកន្លែង ស្ថិតនៅអាសយដ្ឋានខាងលើ បណ្តាលឲ្យម្ចាស់ភ្លឺឡើងបាត់បន្ទះពុម្ពដឺរ៉ាមិនចេះតិច គិតប្រមាណ ២០% នៃបន្ទះពុម្ពដឺរ៉ាទាំងអស់ ដែលមានតម្លៃប្រមាណរាប់ម៉ឺនដុល្លារ ។
តាមម្ចាស់ដីឲ្យដឹងថា ព្រលឹមឡើង មេប៉ុស្តិ៍ឃុំក្សេមក្សាន្តបានទៅពិនិត្យមើលដែរ តែក៏ត្រឡប់ទៅវិញ ។ ពលរដ្ឋរងគ្រោះ បានដាក់ពាក្យបណ្តឹងទៅកម្លាំងប៉ុស្តិ៍ខាងលើ ចុះថ្ងៃទី ១៣ មករា ស្នើឲ្យជួយស្រាវជ្រាវ និងវែកមុខក្រុមចោរ តែរហូតមកដល់នឹងថ្ងៃទី ២២ ខែមករា នៅមិនទាន់បានតម្រុយណាមួយពីការរកឃើញមុខសញ្ញាក្រុមជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់នៅឡើយទេ ហើយពលរដ្ឋសុំយ៉ាងទទូច ឲ្យរកសេចក្តីសុខក្នុងការរស់នៅ តាមគោលការណ៍ភូមិ ឃុំមានសុវត្ថិភាព បើពុំដូច្នោះទេ នឹងនៅតែកើតមានចោរកម្ម បាត់បង់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងភ័យខ្លាចរាល់ថ្ងៃ រាល់យប់ ៕
បន្សល់ខ្សែដែលចងបន្ទះដែកជាគំនរ ត្រូវវាលើកដាក់រទេះដោយសុវត្ថិភាព
សូមទស្សនាវីដេអូ