សម្ដេចធិបតី៖ នៅក្នុងយុទ្ធសាស្ដ្រចតុកោណ និងយុទ្ធសាស្ដ្របញ្ចកោណ ស្នួលធំបំផុត គឺអភិបាលកិច្ចល្អ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី13 ខែកុម្ភៈ ឆ្នាំ2024 ម៉ោង 1:02 នាទី ល្ងាច

ដោយ សូរ្យសែង៖

គោលការណ៍ស្នូលធំបំផុតរបស់រាជរដ្ឋាភិបាល បន្ដពីអាណត្តិចាស់ រហូតមកដល់អាណត្តិទី៧នេះ គឺ«អភិបាលកិច្ចល្អ»។ នេះជាប្រសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច នាថ្ងៃទី១៣ កុម្ភៈនេះ ។

សម្ដេចធិបតីបន្ថែមថា កិច្ចការងារអភិបាលកិច្ច ត្រូវបន្ដធ្វើពីមួយអាណត្តិ ទៅមួយអាណត្តិ ហើយក្រសួងអធិការកិច្ច បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាឲ្យតាមបណ្ដាក្រសួង ស្ថាប័ន តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ត្រូវតែស្អាតស្អំ ដើម្បីការគ្រប់គ្រងមានប្រសិទ្ធភាព។

សម្ដេចធិបតីថ្លែងថា «រាជរដ្ឋាភិបាលអាណត្តិទី៧ នៅក្នុងយុទ្ធសាស្ដ្របញ្ចកោណ ក៏ដូចជាយុទ្ធសាស្ដ្រចតុកោណកន្លងទៅ ស្នួលធំបំផុត គឺអភិបាលកិច្ច។ អភិបាលកិច្ចមានន័យថា រៀបចំផ្ទះខ្លួនយើងឲ្យស្អាត មុននឹងចេញទៅមើលផ្ទះគេ រៀបចំផ្ទះយើងឲ្យស្អាតទើបមានផាសុកភាពល្អ ទើបយើងអាចធ្វើការងារបម្រើប្រជាជនបានល្អ ទស្សនៈនេះគឺត្រូវបន្ដ»

សម្ដេចធិបតី គូសបញ្ជាក់ថា ការធ្វើកំណែទម្រង់អធិការកិច្ច និងស្ថាប័នរបស់ជាតិ គឺជាកិច្ចការសំខាន់ ខណៈការងារតាមដានត្រួតពិនិត្យ ជាគោលការណ៍ស្នូលរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ប្រៀបដូចជាការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឲ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម