អត្ថបទ សូរ្យសែង៖
អាជ្ញាធរថៃខេត្តស៊ីសាកេត បានបិទឧទ្យានម៉អ៊ីដែង មិនឲ្យភ្ញៀវខាងថៃចូលកម្សាន្ត (នៅទល់មុខប្រាសាទព្រះវិហារខ្មែរ) ដែលសារព័ត៌មានថៃចុះផ្សាយថា បណ្តាលមកពីស្ថានភាពភ្លើងឆេះព្រៃពីប្រទេសជិតខាង (ព្រំដែនកម្ពុជា-ថៃ) ។
នៅខាងកម្ពុជា បើបងប្អូនធ្លាប់បានទៅទស្សនាប្រាសាទព្រះវិហារ នឹងឃើញឧទ្យានម៉អ៊ីងដែងនៅទល់មុខហាក់រាងឆ្ងាយ និងមិនមានព្រៃ ជាវាលល្វឹងល្វើយ ។ យើងមិនមានព័ត៌មានពីខាងអាជ្ញាធរកម្ពុជា ឬកងកម្លាំងនៅប្រាសាទព្រះវិហារអំពីភ្លើងឆេះព្រៃនោះទេ ។
កាសែតថៃនិយាយទៀតថា មន្ត្រីថៃត្រូវបានដាក់ពង្រាយដើម្បីតាមដានស្ថានការណ៍យ៉ាងដិតដល់ពេញមួយយប់ ។ ព្រឹកនេះ (១ មីនា) ផ្សែងហុយ និងភ្លើងឆេះព្រៃនៅតែត្រូវបានរកឃើញនៅត្រើយខាងកើតប្រាសាទព្រះវិហារ និងតាមច្រាំងថ្ម ម៉អ៊ីដែង មានខ្យល់បក់ខ្លាំង ដោយខ្យល់បក់ពីខាងត្បូងទៅខាងជើង។ ជាលទ្ធផល ផ្សែង ធូលី និងក្លិនឈ្ងៀមចូលមកខាងថៃ ។ លើសពីនេះទៅទៀត មិនឃើញមានក្រុមស្វាព្រៃនៅតាមមាត់ច្រាំងភ្នំម៉អ៊ីដែង ដូចសព្បដងទេ ព្រោះកន្លងមកគេឃើញស្វាអង្គុយលេងតាមច្រាំងថ្មទាំងព្រលឹម ៕