ឡាវចេញលិខិតព្រមានបន្ទាន់មួយ ហាមហូបត្រី និងចុះងូតទឹកទន្លេមេគង្គ ដោយសារឡានដឹកអាស៊ីតស៊ុលហ្វួរិក ក្រឡាប់ហូរចូលទន្លេ

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី05 ខែមេសា ឆ្នាំ2024 ម៉ោង 7:24 នាទី ល្ងាច

ដោយ សូរ្យសែង៖

ទីក្រុងហ្លួងព្រះបាង ប្រទេសលាវ បានចេញលិខិតព្រមានបន្ទាន់ ហាម​ប្រជាពលរដ្ឋ​ចុះលេងទឹក និងហូប​ត្រី​ក្នុង​ទន្លេ​ខាន និងទន្លេមេគង្គ ដោយសារ​មាន​ជាតិពុល បន្ទាប់ពីរថយន្តដឹកទំនិញផ្ទុកអាស៊ីតស៊ុលហ្វួរីក ដែលដឹកទៅប្រើនៅអណ្តូងរ៉ែមួយក្នុងខេត្តឈៀងគួង ប្រទេសចិន បានក្រឡាប់ បណ្តាលឲ្យហូរចូលតាមព្រែកទៅក្នុងទន្លេសំខាន់ៗចំនួន ២ ។

កាលពីថ្ងៃទី ៤ ខែមេសា ការិយាល័យរដ្ឋបាលក្រុងហ្លួងព្រះបាង បានចេញលិខិតជូនដំណឹងបន្ទាន់មួយ ​ហាម​ប្រជាជន​នៅ​គ្រប់​តំបន់​ក្នុង​ក្រុង​ហ្លួងព្រះបាង ​មិន​ឲ្យ​ងូត​ទឹក​តាម​ដង​ទន្លេ​ខាន និង​ទន្លេ​មេគង្គ ហើយ​ហាម​ដាច់ខាត​មិន​ឲ្យ​យក​ត្រី​ងាប់​អណ្តែត​មកបរិភោគ ឬ​លក់​បន្ត ។

ចំពោះសារធាតុគីមីដែលផ្ទុកក្នុងរថយន្តនោះ គឺជាអាស៊ីតស៊ុលហ្វួរីក (Sulfuric Acid) ដែលមានរូបមន្តគីមី H2SO4 របស់ក្រុមហ៊ុន Lao Xin'an ។

ហ្លួងព្រះបាង ជិតមានពិធីបុណ្យចូលឆ្នាំឡាវ ឬបុណ្យសង្ក្រាន្ត នេះជាព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងទីក្រុងក្នុងរយៈពេលប្រហែលមួយសប្តាហ៍។ នៅក្នុងព្រឹត្តិការណ៍នេះមានសកម្មភាពជាច្រើនដែលពាក់ព័ន្ធនឹងការប្រើប្រាស់ទឹកយ៉ាងច្រើន។ ការ​លេច​ធ្លាយ​សារធាតុ​ពុល​ចូល​ទន្លេ​ខាន និង​ទន្លេ​មេគង្គ ដែលជាប្រភពទឹកសំខាន់សម្រាប់ហ្លួងព្រះបាង ប្រសិនបើនៅតែមិនអាចរកវិធីដោះស្រាយបានទាន់ពេល វាអាចប៉ះពាល់ដល់ព្រឹត្តិការណ៍ប្រពៃណីនាពេលខាងមុខ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម