«ខ្ញុំបានទទួលព័ត៌មានអាក្រក់ពីប្រព័ន្ធផ្សព្វផ្សាយបរទេសថា ប្រទេសកម្ពុជាគ្មានសុវត្ថិភាពទេ សម្បូរចោរឆក់ ប្លន់... ប៉ុន្តែនៅពេលខ្ញុំមកដល់ទឹកដីកម្ពុជា ផ្ទុយ ១៨០ ដឺក្រេ…» (មានវីដេអូ)

ទេសចរណ៍ថ្ងៃព្រហស្បត្តិ៍ ទី18 ខែមេសា ឆ្នាំ2024 ម៉ោង 7:18 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ-ម៉ារ៉ា៖

«នៅឯប្រទេសខ្ញុំ ខ្ញុំបានទទួលព័ត៌មានថា ប្រទេសកម្ពុជាគ្មានសុវត្ថិភាពទេ សម្បូរចោរឆក់ ប្លន់... ។ ប៉ុន្តែនៅពេលខ្ញុំមកកម្ពុជាខេត្តសៀមរាបជាលើកដំបូង នៅថ្ងៃទី ១២ ខែមេសា មុនចូលឆ្នាំមួយថ្ងៃ ប្រទេសកម្ពុជាមិនដូចព័ត៌មានដែលគេផ្សាយសោះ...» ។ នេះជាសម្តីរបស់ ថូន (Thorn) ជនជាតិហុល្លង់ (Netherlands ឬ Holland) អាយុ ២៤ ឆ្នាំ ជានិស្សិតឆ្នាំទី ៥ ផ្នែកស្ថាបត្យកម្ម រួមជាមួយមិត្តភក្តិម្នាក់ទៀតឈ្មោះ ប្រេន (Brain) អាយុ ២៣ ឆ្នាំ ជានិស្សិតឆ្នាំទី ៣ ផ្នែកទីផ្សារ និងអាហរ័ណ នីហរ័ណ ដែលមកកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា ។

អ្នកទាំងពីរ បានជម្នះលើព័ត៌មានអាក្រក់ទាំងឡាយ ដែលផ្លោងសំដៅមកលើប្រទេសកម្ពុជា ជាមួយនឹងពាក្យ «កុំទៅកម្ពុជា គ្មានសន្តិសុខទេ... គ្មានសុវត្ថិភាពឡើយ... សម្បូរចោរឆក់ ប្លន់ គ្មានអនាម័យ... ប៉ុន្តែនៅពេលជើងរបស់គាត់ជាន់លើទឹកដីខេត្តសៀមរាបភ្លាម អារម្មណ៍ធ្លាប់តែដិតជាមួយនឹងព័ត៌មានអាក្រក់ បែរជាខុស ១៨០ដឺក្រេ ។ នេះជាព័ត៌មានក្លែងក្លាយមួយដែលប្រទេសកម្ពុជាត្រូវគេបំភ្លៃការពិត ក្នុងពេលពិភពលោកកំពុងប្រយុទ្ធប្រឆាំងជាមួយវា ។ ការវាយប្រហារកម្ពុជាតាមរយៈព័ត៌មានអាក្រក់បែបនេះ ធ្លាប់មានពីយូរយារណាស់មកហើយ ទាំងការវាយប្រហារតាមរយៈការផលិតភាពយន្ត តាមរយៈបណ្តាញសង្គម បំភ័យ បំភ័ន្ត បំផ្លើស បំផ្លាញជំនឿ អំពីបញ្ហាសន្តិសុខនៅកម្ពុជា ក្នុងចេតនា​ទុច្ចរិតមួលបង្កាច់នូវស្ថានភាពជាក់ស្តែងរបស់កម្ពុជា ប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើកិត្តិយស សេចក្តីថ្លៃថ្នូរ សេដ្ឋកិច្ច និងមុខមាត់របស់កម្ពុជា ពិសេសចេតនាបំភិតបំភ័យ មិនឲ្យភ្ញៀវទេសចរណ៍ចូលមកលេងក្នុងកម្ពុជា!

ការវាយបករបស់យើង ត្រូវ«យកព័ត៌មានពិត លុបបំបាត់ព័ត៌មានក្លែងក្លាយ» ប្រព័ន្ធផ្សព្វផ្សាយរបស់យើង គួររួមគ្នា លើកដម្កើងការផ្សព្វផ្សាយ ស្តីពីសន្តិសុខ និងសុវត្ថិភាពរបស់ភ្ញៀវទេសចរណ៍ដែលមកកាន់កម្ពុជា ។

នៅលើទឹកដីអច្ឆរិយៈនៃខេត្តសៀមរាប ធូន និង ប្រេន បានជួលម៉ូតូម្នាក់មួយជិះកម្សាន្តផង និងចង់ដឹងការពិតពីប្រទេសកម្ពុជាផង ។ យើង(មតិអ្នក) បានឃើញពួកគាត់ជិះកាត់វាលស្រែរាប់សិបគីឡូម៉ែត្រដោយក្តីសប្បាយ... និងបានទៅមើលថ្ងៃលិច (Sunset) បាខែង ។ គាត់និយាយទៀតថា «ប្រទេសកម្ពុជា ជាប្រទេសដែលមានអរិយធម៌ វប្បធម៌ដ៏មហិមា និង ប្រវត្តិអាថ៍កំបាំងដ៌អស្ចារ្យនាសតវត្សរ៍ទី 9-13 ដែលមានប្រាង្គប្រាសាទជាតឹកតាង ។

ក្រុមការងាររបស់សារព័ត៌មាន «មតិអ្នក» បានជួបពួកគាត់នៅប្រាសាទ​ភ្នំក្រោម ស្ថិតនៅលើកំពូលភ្នំក្រោម ក្នុងខេត្តសៀមរាប ។ ក្រោមកម្តៅថ្ងៃដ៏ក្តៅហួតហែង គាត់បានប្រាប់អ្នកសារព័ត៌មាន «មតិអ្នក» ថា «ប្រជាជនកម្ពុជាមានភាពរួសរាយ រាក់ទាក់ល្អណាស់ និងសុភាព... ឃើញភាពអធិកអធមខ្លាំងណាស់ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ចំណែកម្ហូបអាហារងាយស្រួលហូបជាងប្រទេសម៉ាឡេស៊ី និងថៃ ដោយសារម្ហូបប្រទេសទាំងនោះមានរសជាតិហិរខ្លាំង» ។

គាត់មកទេសចរណ៍ក្នុងប្រទេសអាស៊ានជាលើកទីមួយ ។ ពីប្រទេសម៉ាឡេស៊ី មកប្រទេសថៃ និងមកកាន់ខេត្តសៀមរាប ប្រទេសកម្ពុជា រួចបន្តមករាជធានីភ្នំពេញ បង្ហួសទៅកោះរ៉ុង ខេត្តព្រះសីហនុ។ ចុងក្រោយទៅប្រទេសវៀតណាម និងលាវ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម