វៀតណាមកំពុងឡាំប៉ា កើតទុក្ខមិនសុខចិត្ត ដេកមិនលក់ បក់មិនល្ហើយ ឲ្យកម្ពុជា ពន្យារពេល ជីកព្រែកហ្វូណនតេជោ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី29 ខែមេសា ឆ្នាំ2024 ម៉ោង 7:08 នាទី ល្ងាច

ដោយ សូរ្យសែង៖

កាសែតថៃ mgronline កាលពីថ្ងៃទី ២៨ មេសា បានចុះផ្សាយអត្ថបទមួយអំពីព្រែកជីក​ហ្វូណនតេជោ ដែលខាង​វៀតណាមមានបើកកិច្ចប្រជុំពិគ្រោះយោបល់ដែលរៀបចំឡើង ដោយទទួលការគាំទ្រពីរដ្ឋាភិបាលវៀតណាម ​ស្នើ​ឲ្យ​មេដឹកនាំទី​ក្រុង​ហាណូយ ​គួរ​ស្នើ​ឲ្យ​រាជរដ្ឋាភិបាលកម្ពុជា​ពន្យារពេល​គម្រោង​ព្រែកជីកហ្វូណនតេជោសិន ដើម្បី​ពិភាក្សា​គ្នាបន្ថែម​ទៀត អំពីផលប៉ះពាល់សេដ្ឋកិច្ច និងបរិស្ថាន ។

ខ្លឹមសាររបស់ mgronline សរសេរថា គម្រោងព្រែកជីក​នេះ​នឹង​គ្របដណ្ដប់​ផ្នែក​នៃ​ទន្លេមេគង្គ ដែល​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​នៅ​ក្នុង​ប្រទេស​វៀតណាម​អំពី​ផល​ប៉ះ​ពាល់​នៃផ្នែកទឹក​ខាងក្រោម ដោយឡែកតំបន់ដីសណ្ដទន្លេមេគង្គ ដែលជាតំបន់ដាំស្រូវនៅប្រទេសវៀតណាម ហើយនឹងអាចកាត់បន្ថយកម្រិតលំហូរទឹកទន្លេបានរហូតដល់ 50% នៅពេលវាទៅដល់ប្រទេសវៀតណាម ។

លោក  ឡេ អាញ់ ទួន (Le Anh Tuan) ថ្លែងនៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីក្រុងកាន់ថូ ដែលស្ថិតនៅក្នុងតំបន់ ដីសណ្តទន្លេមេគង្គថា វៀតណាមត្រូវការពេលវេលាបន្ថែមទៀតសម្រាប់ការពិគ្រោះយោបល់ដើម្បីការពារដីសណ្ដទន្លេមេគង្គរបស់ខ្លួន ដែលវាជាទីអាស្រ័យប្រជាជនវៀតណាម 17.4 លាននាក់ ។

អ្នក​ជំនាញវៀតណាម​ម្នាក់​ទៀត​មក​ពី​ក្រសួង​កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ​បាន​និយាយ​ថា៖ វៀតណាមត្រូវតែស្នើសុំរបាយការណ៍ផលប៉ះពាល់បរិស្ថានពីកម្ពុជា។

ខាងស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ ​ក៏បាន​អំពាវនាវ​សុំ​ព័ត៌មាន​បន្ថែម​ ដោយ​លើកឡើងថា ខណៈពេលដែល​សហរដ្ឋអាមេរិក​គោរព​អធិបតេយ្យភាព​របស់​កម្ពុជា​ក្នុង​ការសម្រេចចិត្ត​អភិវឌ្ឍន៍ និង​អភិបាលកិច្ច​ផ្ទៃក្នុង​របស់ខ្លួន​ ប៉ុន្តែ​ប្រជាជន​កម្ពុជា និង​ប្រជាជន​នៃ​ប្រទេស​ជិត​ខាង​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ទៀត​ពី​តម្លាភាព​ក្នុង​សកម្មភាព​ណាមួយ ទោះយ៉ាងណាក៏ដោយ វាប៉ះពាល់ដល់និរន្តរភាពនៃទឹក និងកសិកម្មនៅក្នុងតំបន់ ។

អ្នកនាំពាក្យស្ថានទូតអាមេរិកនិយាយថា «យើងអំពាវនាវឱ្យមន្ត្រីសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការទន្លេមេគង្គ ដើម្បីផ្តល់ព័ត៌មានលម្អិតអំពីគម្រោងបន្ថែមទៀត និងចូលរួមយ៉ាងពេញលេញក្នុងការសិក្សាពីផលប៉ះពាល់បរិស្ថានឱ្យបានត្រឹមត្រូវ ដើម្បីជួយគណៈកម្មការទន្លេមេគង្គ និងប្រទេសជាសមាជិកឲ្យយល់ វាយតម្លៃ និងត្រៀមសម្រាប់​ផលប៉ះពាល់ពីគម្រោងព្រែកជីកនេះ»។

កម្ពុជា​បញ្ជាក់​ដូច្នេះថា គម្រោងនេះត្រូវបានគាំទ្រដោយលោក ថងលុន ស៊ីសុលិត ប្រធានា​ធិបតីឡាវ ដែលជាប្រធានគណៈកម្មការទន្លេមេគង្គរួចហើយ បានមកទស្សនកិច្ចនៅភ្នំពេញ និងក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយប្រធានាធិបតីឡាវបានប្រកាសមិនស្ទាក់ស្ទើរឡើយចំពោះការគាំទ្ររបស់គាត់ ។

mgronline និយាយទៀតថា ឡាវ និង​កម្ពុជា​ជា​សម្ព័ន្ធមិត្ត​របស់​វៀតណាម​ជា​យូរ​មក​ហើយ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រទេស​ទាំងពីរ​បាន​ងាក​ទៅរក​ចិន​កាន់តែច្រើន​ ។

វៀតណាមបានសម្តែងការព្រួយបារម្ភម្តងហើយម្តងទៀតអំពីផលប៉ះពាល់បរិស្ថាន និងសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់គម្រោងនេះ  ហើយក្នុងខែមេសានេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម​បាន​អំពាវនាវ​ឲ្យ​កម្ពុជា​ផ្តល់​ព័ត៌មាន និងការវាយតម្លៃពីផលប៉ះពាល់លើធនធានទឹក និងតុល្យភាពអេកូឡូស៊ីនៃដីសណ្ដទន្លេមេគង្គ ។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​បាន​ឆ្លើយ​តប​នឹង​សំណើ​នោះ​ថា ភ្នំពេញ​មិន​ចាំបាច់​ធ្វើ​ដូច្នោះទេ!

រដ្ឋមន្ត្រី​ ​ទទួល​បន្ទុក​កិច្ចការ​អាស៊ានរបស់កម្ពុជា​បាន​ប្រាប់សារព័ត៌មាន ​ខ្មែរថាមស៍​(Khmer Times) ថា កម្ពុជា​មិន​ចាំ​បាច់​ដាក់​ឯកសារ​អ្វី​ទៅកាន់ប្រទេសវៀតណាមទេទាក់ទងនឹងការសិក្សា និងសាងសង់ព្រែកជីកហ្វូណនតេជោនេះ ព្រោះ​​កម្ពុជា​បាន​បញ្ជូន​ឯកសារ​ទាំងអស់​ ​ទៅ​គណៈកម្មការ​ទន្លេមេគង្គរួចអស់ហើយ។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ម្នាក់​បាន​និយាយ​ថា​៖ «​អាជ្ញាធរ​វៀតណាម​អាច​ស្នើសុំ​ចូល​មើលឯកសារ​ទាំងនោះ​បាន​»​ ហើយនិយាយ​ថា ព្រែកជីនកនេះ​នឹង​មិន​រំខាន​ដល់​លំហូរ​នៃ​ទន្លេមេគង្គ​នោះ​ទេ ។

បន្ថែមពីលើផលប៉ះពាល់បរិស្ថាន និងសេដ្ឋកិច្ច អ្នកវិភាគនិយាយថា វៀតណាម​ក៏​មាន​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​ផ្នែក​សន្តិសុខផងដែរ ដែលថា ព្រែកជីកនេះនឹងអនុញ្ញាតឱ្យនាវាកងទ័ពជើងទឹករបស់ចិនធ្វើដំណើរតាមខ្សែទឹកពីឈូងសមុទ្រថៃ ហើយនិង​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ដែល​អភិវឌ្ឍ​ដោយ​ចិន​នៅ​ឆ្នេរសមុទ្រ​កម្ពុជា​​ជិត​ព្រំដែន​វៀតណាម​។

ភាគី​កម្ពុជា​បាន​ច្រានចោល​គំនិត​នេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា និងវៀតណាម គឺជាអ្នកជិតខាងដ៏ល្អ និងមានកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ។

ប៉ុន្តែ​វៀតណាម​មាន​ជម្លោះ​ជាមួយ​ចិន​ជុំវិញ​កោះ​មួយ​ចំនួន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​កំពុង​មើល​ការ​ចូល​រួម​របស់​ចិន​ក្នុង​តំបន់​ដោយ​ការ​សង្ស័យ ។

អ្នកវិទ្យាសាស្ត្រនយោបាយវៀតណាមមកពីសាកលវិទ្យាល័យ New South Wales ប្រទេសអូស្ត្រាលីបាននិយាយថា ស្ថានភាពនៅព្រំដែនភាគខាងលិចរបស់វៀតណាមសមនឹងទទួលបានការយកចិត្តទុកដាក់បន្ថែមទៀត នេះគឺដោយសារតែការគំរាមកំហែងនៃបញ្ហាប្រឈមសុវត្ថិភាពផ្សេងៗគ្នា ដែលភាគច្រើនទាក់ទងនឹងតំបន់ដីសណ្តទន្លេមេគង្គ ។

ទន្លេមេគង្គ ទីក្រុង កាន់ថូ ប្រទេសវៀតណាម

«ការបាត់បង់សមត្ថភាពទន្លេមេគង្គក្នុងការថែរក្សាផលិតកម្មស្បៀងទ្រង់ទ្រាយធំ នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សន្តិសុខនៅភាគខាងត្បូងវៀតណាម។ តាមទស្សនៈរបស់ខ្ញុំ ព្រំដែន​ភាគ​ខាង​លិច​កាន់​តែ​សំខាន់​ជា​រៀង​រាល់​ថ្ងៃ ប៉ុន្តែ​វៀតណាម​ត្រូវ​បាន​រំខាន​ដោយ​បញ្ហា​សមុទ្រ​នៅ​ភាគ​ខាងកើត ឬ​សមុទ្រ​ចិន​ខាង​ត្បូង» អ្នក​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ​បាន​និយាយ ។

នៅក្នុងប្រទេសកម្ពុជាឯណេះវិញ ជំនន់នៃការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុង​គម្រោង​ព្រែកជីកហ្វូណនតេជោកំពុងមានសន្ទុះខ្លាំងគ្មានអ្វីប្រៀបបាន ហើយបានក្លាយជាចលនាជាតិ មហាសាមគ្គីខ្មែរដ៏ធំធេង ។

សម្តេចមានប្រសាសន៍យ៉ាងក្រែងរ៉ែងថា «មិនអនុញ្ញាតឱ្យនរណាដុតកម្ពុជា ដើម្បីចំអិនពងមាន់នោះឡើយ»។ «កម្ពុជា មិនល្ងង់ជាងវៀតណាមនោះឡើយ, ជាង ៤០ឆ្នាំមកនេះ សម្តេចមិនដែលសម្រេចចិត្តខុសនោះឡើយ» ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម