មេកញ្ជ្រោងដែលធ្វើព្យុះភ្លៀងខាងកាប់រានបំពានដីព្រៃខេត្តឦសាន ត្រូវបានក្រញេច និងដីជាង ៧ ពាន់ហិកតាត្រូវបានដកហូត

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី05 ខែឩសភា ឆ្នាំ2024 ម៉ោង 4:25 នាទី ល្ងាច

ប្រតិបត្តិការទិសឦសានទ្រង់ទ្រាយធំ ៣សប្តាហ៍ (៦-៣០ មេសា) ក្រោមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដឹកនាំដោយឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចធិបតី ជាបេសកជនក្រុមអន្តរាគមន៍ពិសេសចុះបង្ក្រាបយ៉ាងកក្រើកនៅដែនដីខេត្តស្ទឹងត្រែង-ព្រះវិហារ និងឈានដល់ចាប់មេខ្លោងខាងធ្វើព្យុះភ្លៀង កាប់រានទន្ទ្រានដីព្រៃរដ្ឋធ្វើកម្មសិទ្ធិបាន ១០ នាក់ និងដកហូតយកដីប្រមាណជាង ៧០០០ ហិកតា ។

ប្រតិបត្តិការនេះ ធ្វើឡើងពីរគោលដៅធំ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង-ព្រះវិហារ ដោយមានការចូលរួមពីចៅហ្វាយខេត្តខេត្តស្ទឹងត្រែង ស្វាយ សំអ៊ាង និងចៅហ្វាយខេត្តខេត្តព្រះវិហារ គឹម រិទ្ធី និងកម្លាំងឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តទាំងពីរ ព្រះរាជអាជ្ញារង មានប្រមាណ ២០០ នាក់ បានចុះទៅបង្ក្រាបបទល្មើសកាប់រានទន្ទ្រានដីព្រៃរបស់រដ្ឋយកធ្វើកម្មសិទ្ធិខុសច្បាប់ និងសង់លំនៅដ្ឋានអនាធិបតេយ្យនៅតំបន់ដែនជម្រកសត្វព្រៃឆែប-ព្រះរការ ដោយចាប់មេខ្លោង ៥ នាក់ ១.ឈ្មោះ អ៊ិន ភុំ ២. សាន តឿង ៣. សន សឿង ៤. ហ៊ុន វិបុល ហៅ វណ្ណា និង ៥. ចាន់ ​រី ហៅ ជាតិ រួមនឹងដីកាប់គាស់រាន និងរស់នៅអាស្រ័យផលខុសច្បាប់លើដី ចំនួន ៦០០ ហិកតា ត្រូវបានដកហូត។ មេកញ្ជ្រោងធំជាងគេ ឈ្មោះ ស៊ាត ស៊ីនន្ទ រត់គេចខ្លួនមិនផុតផែនដី ត្រូវចាប់បាននៅថ្ងៃទី ២ ឧសភា ២០២៤ ។ មេកញ្ជ្រោងទាំង ៦ នាក់នេះ ធ្វើព្យុះភ្លៀងដូចស្តេចត្រាញ់នៅតំបន់ការពារធម្មជាតិខាងលើ និងបានឃុំខ្លួនបណ្តោះអាសន្ននៅ​ពន្ធនាគារខេត្តស្ទឹងត្រែង រង់ចាំផ្តន្ទាទោសតាមផ្លូវច្បាប់ ។

ប្រតិបត្តិការទីពីរ បង្ក្រាបបទល្មើសធនធានធម្មជាតិ នៅគោលដៅឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង ភូមិសាស្ត្រខេត្តស្ទឹងត្រែង ដឹកដោយដោយឯកឧត្តម ប៉ាន់ខែម ប៊ុនថន រួមកម្លាំងជាមួយគណៈ​បញ្ជាការខេត្តស្ទឹងត្រែង មានប្រមាណ ១៥០ នាក់ ចុះទៅតំបន់ចំណុចក្រឡាពស់ ដកហូតផ្ទៃដីទំហំ ៧.០០០ ហិកតា ដែលពលរដ្ឋកំពុងស្នាក់អាស្រ័យផលខុសច្បាប់យ៉ាងអនាធិបតេយ្យ ដែលមានមេកញ្ជ្រោងញីឈ្មោះ សៅ សោម៉ា (ហៅយាយ ម៉ៅ) និងកញ្ជ្រោងឈ្មោល ម៉ាន សលីហ៊ីន បម្រុងនឹងកាប់រានដីព្រៃនៅទីតាំងនោះ ។ ទន្ទឹមនឹងនោះ គូកនមេខ្លោង ទិញ-លក់ដីព្រៃរបស់រដ្ឋនៅក្នុងឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង ៤ នាក់ផ្សេងទៀតក៏ត្រូវចាប់ខ្លួនផងដែរ គឺឈ្មោះ ១. តាជ័យ សែន ឈ្មោះពិត សុខ យឿន ២. សន គាវលី ៣. ទ្រី ស៊ីនាង និង ៤. ពៀច ចាន់ ដែលគេស្គាល់ថា​ ជាប្រធានអង្គការថែរក្សាការពារធម្មជាតិ ប្រចាំខេត្តស្ទឹងត្រែង ត្រូវរង់ចាំផ្តន្ទាទោសតាមផ្លូវច្បាប់ ។

ប្រតិបត្តិការនេះ ជាកណ្តាប់ដៃដែករបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ និងទុកជាការព្រមានមួយទៅដល់អ្នកបំពានដីព្រៃរបស់រដ្ឋយកធ្វើកម្មសិទ្ធិទាំងឡាយនៅតំបន់ការពារធម្មជាតិទូទាំងប្រទេស បើ«លូករលាក បើហ៊ានជាប់គុក» ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម