«សារព័ត៌មានសម្រាប់ភពផែនដី៖ សារព័ត៌មានក្នុងការប្រឈមមុខនឹងវិបត្តិបរិស្ថាន» ជាប្រធានបទ នៃទិវាសេរីភាពសារព័ត៌មានពិភពលោកនាថ្ងៃ 3 ឧសភា ឆ្នាំ2024

ព័ត៌មានសង្គមថ្ងៃសុក្រ ទី03 ខែឩសភា ឆ្នាំ2024 ម៉ោង 10:04 នាទី ព្រឹក

Bong Rith:

ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភាឆ្នាំ២០២៤ ប្រារព្ធធ្វើនៅទីក្រុងសាន់ទីយ៉ាហ្គោ (Santiago) ប្រទេសឈីលី ពីថ្ងៃទី ២-៤ ខែឧសភា ឆ្នាំ ២០២៤ដែលមានប្រធានបទ «សារព័ត៌មានសម្រាប់ភពផែនដី៖ សារព័ត៌មានក្នុងការប្រឈមមុខនឹងវិបត្តិបរិស្ថាន» ដែលផ្តោតលើសារៈសំខាន់នៃវិស័យសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិក្នុងបរិបទនៃវិបត្តិបរិស្ថានពិភពលោកបច្ចុប្បន្ន ។

នៅប្រទេសកម្ពុជាយើងឯណេះវិញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបអ្នកសារព័ត៌មានជាតិ និងអន្តរជាតិគ្រប់ប្រភេទលើកទី ៦ ក៏ជាលើកទី១ នៃរាជរដ្ឋាភិបាលថ្មីក្នុងអាណត្តិរបស់សម្តេច នាថ្ងៃទី ៣ ខែឧសភា នៅមជ្ឈមណ្ឌលកោះពេជ្រផងដែរ ដែលជាទិវាសេរីភាពសារព័ត៌មាន ស្ថិតក្នុងបរិបទដែលរាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិសម្តេចតេជោ ហ៊ុន សែន បន្តមកអាណត្តិសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកដម្កើងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ នូវសិទ្ធិសេរីភាព និងការបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែមានមុខមាត់ និងគុណតម្លៃ  ហើយក៏ជាឱកាសដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា និងសហគមន៍អន្តរជាតិលើវិស័យសារព័ត៌មាន ឆ្លុះបញ្ចាំងរួមគ្នាលើបញ្ហាប្រឈម នូវតួនាទីជាមូលដ្ឋាននៃសេរីភាពសារព័ត៌មាន និងអំណាចព័ត៌មានគួរឱ្យទុកចិត្ត ដើម្បីការពារភពផែនដីរបស់យើង សម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព ។ សារលិខិតរបស់សម្តេចធិបតី ក៏បានជំរុញឲ្យអ្នកសារព័ត៌មានរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយផងដែរ ។

ម្សិលមិញ (២ ឧសភា) សម្តេចធិបតីបានចេញសារលិខិតមួយ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី ៣១ ដែលមានចំនួន ៤ ទំព័រ ដែលឆ្លុះបញ្ចាំងនូវគោលបំណងដើម្បីលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន សេរីភាពនៃការបញ្ចេញមតិ លើកកម្ពស់ឯករាជ្យភាពដល់អ្នកសារព័ត៌មានដែលបំពេញវិជ្ជាជីវៈត្រឹមត្រូវ ។

នៅលើពិភពលោក វាជាវេទិកាមួយនឹងបម្រើការប្រមូលផ្តុំតួអង្គសំខាន់ៗ និងឆ្លុះបញ្ចាំងពីតួនាទីជាមូលដ្ឋាននៃអ្នកសារព័ត៌មានវិជ្ជាជីវៈ ឯករាជ្យ ពិភាក្សាលើប្រធានបទ និងការស៊ើបអង្កេតបរិស្ថាន វិបត្តិ និងផលប៉ះពាល់របស់វា និងការគាំទ្រសម្រាប់ប្រព័ន្ធផ្សព្វផ្សាយដើម្បីពង្រឹងសមត្ថភាពស្ថាប័នរបស់ពួកគេក្នុងការរាយការណ៍អំពីបម្រែបម្រួលអាកាសធាតុ និងវិបត្តិបរិស្ថាន  ហើយការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីបញ្ហាបរិស្ថាន និងផលប៉ះពាល់របស់វាទៅលើការគាំទ្រសាធារណៈ និងនយោបាយអាកាសធាតុ គោលនយោបាយប្រកបដោយប្រសិទ្ធភាព និងការការពារសហគមន៍ងាយរងគ្រោះដែលរងផលប៉ះពាល់ដោយបម្រែបម្រួលអាកាសធាតុ ។

យើងប្រើឱកាសនេះដើម្បីរំលឹកឡើងវិញនូវសេចក្តីប្រកាស Santiago ដែលសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពពហុនិយមនៃប្រព័ន្ធផ្សព្វផ្សាយ និងវប្បធម៌ ភាសា និងភាពសម្បូរបែបនៃយេនឌ័រ ដែលជាកត្តាមូលដ្ឋាននៃសង្គមប្រជាធិបតេយ្យរបស់យើង ហើយដែលគួរតែត្រូវបានឆ្លុះបញ្ចាំងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ៕

 សារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី ៣១ ឆ្នាំ ២០២៤

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម