ថ្ងៃទី ១៦ មីនា ឆាណែល ញូវ អេស៊ី (Channel News Asia) រាយការណ៍ថា កម្មវិធីស្បៀងអាហារពិភពលោក (World Food Programme ឬ WFP ) ដែលជាផ្នែកជំនួយស្បៀងអាហាររបស់អង្គការសហប្រជាជាតិ បានបង្ហាញថា តម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈក្នុងប្រទេសមីយ៉ាន់ម៉ាបានហក់ឡើងយ៉ាងខ្លាំងចាប់តាំងពីរដ្ឋប្រហារ ហើយប្រជាជនក្រីក្រ ប្រហែលជាមិនមានអ្វីបរិភោគនៅថ្ងៃអនាគត ។
WFP ឲ្យដឹងទៀតថា តាំងពីមានរដ្ឋប្រហារមក នៅទីក្រុងយ៉ាំងហ្គោន តម្លៃអង្ករបានឡើងថ្លៃដល់ ៤% និងតម្លៃប្រេង ដូងឡើងដល់ ២០% ។ ភាគខ្លះនៅរដ្ឋយ៉ៈខៃ ភាគខាងជើងរបស់ប្រទេសមីយ៉ាន់ម៉ា តម្លៃអង្ករឡើងដល់ ៣៥% និងតម្លៃប្រេងឆាក៏កើនឡើងដូចគ្នា ។ ក្រៅពីនេះតម្លៃប្រេងឥន្ធនៈ (fuel) ទូទាំងប្រទេសកើនឡើងខ្ពស់ដល់ ១៥% ។
មូលហេតុដែលថ្លៃអាហារ និងឥន្ធនៈឡើងថ្លៃ ដោយសារលទ្ធផលនៃឧស្សាហកម្មធនាគារដែលស្ទើរតែ«ពិការ» ធ្វើឲ្យជន ជាតិមីយ៉ាន់ម៉ាខ្លះ ពិបាកចូលដកសាច់ប្រាក់ រួមទាំងប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុរបស់ប្រទេសដែលពេលខ្លះរាំងស្ទះ ។
លោក ស្ទីហ្វេន អេនដឺសាន់ ប្រធានស្បៀងអាហារមីយ៉ាន់ម៉ានិយាយថា «ប្រសិនជាតម្លៃស្បៀងអាហារនៅតែឡើងថ្លៃបន្តទៀត នោះអាចធ្វើឲ្យគ្រួសារក្រីក្រគ្មានប្រាក់ទិញទេ» ៕
ពី prachachat
ដោយ ពិសិទ្ធ