តើ «វ៉ាក់សាំងជាតិនិយម» រងផលប៉ះពាល់អ្វីខ្លះ?

សេដ្ឋកិច្ចថ្ងៃសៅរ៍ ទី01 ខែឩសភា ឆ្នាំ2021 ម៉ោង 7:49 នាទី ល្ងាច


ដោយលោក លៀង សូរ្យរិទ្ធ បណ្ណាធិការគេហទំព័រ«មតិអ្នក»៖

ជាដំបូងមានសំណួរសួរថា តើប្រជាជននឹងអាចធ្វើដំណើរទៅប្រទេសណាបានខ្លះ? នេះបានជំរុញឱ្យមនុស្សជាច្រើនជ្រើសរើសការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតណាមួយ ដើម្បីបំពេញគោលដៅធ្វើដំណើររបស់ពួកគេ នេះជាការបង្កើតការលំបាកមួយសម្រាប់ប្រជាជនលោកខាងលិចដែលមានបំណងធ្វើដំណើរទៅចិនដីគោក  រីឯជនជាតិចិនដែលមានបំណងធ្វើដំណើរទៅសហរដ្ឋអាមេរិក និង អឺរ៉ុបពិបាកដូចគ្នា!

វ៉ាក់សាំង​ការពារ covid​-19 ជាក្តីសង្ឃឹមរបស់ប្រជាជនដែលអាចធ្វើដំណើរឆ្លងកាត់ព្រំដែនបាន ប៉ុន្តែភាពមិនច្បាស់​លាស់របស់អ្នកផលិតមួយចំនួន ជាពិសេសវ៉ាក់សាំងចិន ធ្វើឲ្យបណ្តាប្រទេសលោកខាងលិចមួយចំនួនមិនទាន់ទទួលយក«វ៉ាក់សាំងចិន» នៅឡើយទេ ហើយវាជាការរឹតត្បិតក្នុងការធ្វើដំណើរ បណ្តាលឲ្យមានការបែកបាក់រវាងចិន និង លោកខាងលិច ។

សារព័ត៌មាន Bloomberg រាយការណ៍ថា ទោះបីជាប្រទេសជាច្រើនបានចាប់ផ្តើមចាក់វ៉ាក់សាំងការពារកូវីដ-១៩ជាបណ្តើរៗហើយក៏ដោយ ប៉ុន្តែប្រទេសមួយចំនួននៅតែមានឥរិយាបថមិនទទួលយកវ៉ាក់សាំងចិន «ស៊ីណូវ៉ាក់ បាយអូថិក (Sinovac/Biotech)» ជាពិសេសសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបខាងលិច ។

«អឺរ៉ុប» កំពុងពិចារណាលើការអនុម័តឲ្យតែជនជាតិអាមេរិកមួយទេដែលបានចាក់វ៉ាក់សាំងរួចដែលបញ្ជាក់ដោយ «អង្គការឱសថសហភាពអឺរ៉ុប» អាចធ្វើដំណើរចូលក្នុងសហភាពអឺរ៉ុបនារដូវក្តៅខាងមុខនេះបាន ខណៈពេលដែលប្រទេសចិនបានបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរឲ្យអ្នកទទួលវ៉ាក់សាំងចិន ត្រូវបានអនុញ្ញាតឱ្យចូលដែនដីចិនបាន តាំងពីខែមីនាកន្លងមក ដោយមិនចាំបាច់រកមេរោគ ហើយមិនចាំបាច់ជូនដំណឹងអំពីពេលវេលា ចំណែកអ្នកដែលទទួលវ៉ាក់សាំងបង្ការផ្សេងទៀតនៅតែគោរពតាមបទប្បញ្ញត្តិដើម ។

ស្ថានការណ៍ខាងលើ បណ្តាលឱ្យវ៉ាក់សាំងកំណត់ថា តើប្រជាជននឹងអាចធ្វើដំណើរទៅប្រទេសណាបានខ្លះ? នេះបានជំរុញឱ្យមនុស្សជាច្រើនជ្រើសរើសការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតណាមួយ ដើម្បីបំពេញគោលដៅធ្វើដំណើររបស់ពួកគេ, អាចបង្កើតការលំបាកសម្រាប់ប្រជាជនលោកខាងលិចដែលមានបំណងធ្វើដំណើរទៅចិនដីគោក រីឯជនជាតិចិនដែលមានបំណងធ្វើដំណើរទៅសហរដ្ឋអាមេរិក និង អឺរ៉ុបពិបាកដូចគ្នា និងអាចអាចក្លាយជាឧបសគ្គដល់ប្រតិបត្តិការអាជីវកម្មអន្តរជាតិ និងការស្តារឡើងវិញនូវក្នុងឧស្សាហកម្មទេសចរណ៍យូរអង្វែង ។

លោក នីកូឡាស ថូម៉ាស(Nicholas Thomas) អ្នកជំនាញខាងសុវត្ថិភាពសុខភាព សាកលវិទ្យាល័យទីក្រុងហុងកុង បានមានប្រសាសន៍ថា ការបែងចែកក្រុមមនុស្សនៅជុំវិញពិភពលោក ដោយយោងទៅតាមការបានចាក់វ៉ាក់សាំង នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងនយោបាយឡើងកម្តៅទ្វេឡើង ពីព្រោះពិភពលោកប្រឈមនឹងការបែងចែក«វ៉ាក់សាំងជាតិនិយម» ជាជាងយោងទៅតាមវេជ្ជសាស្ត្រ ។

ទោះបីជាកន្លងមកមានការខិតខំប្រឹងប្រែងក្នុងកម្រិតអន្តរជាតិក្នុងការប្រើ «វ៉ាក់សាំងលិខិតឆ្លងដែន (Vaccin Pasport)» ក៏ដោយ ដើម្បីបញ្ជាក់ពីការចាក់វ៉ាក់សាំងសម្រាប់អ្នកដំណើរ ប៉ុន្តែមិនមានលទ្ធផលច្បាស់លាស់ទេ ថាតើប្រទេសនានានឹងបញ្ជាក់ជាសកលយ៉ាងដូចម្តេច! ឥឡូវនេះយ៉ាងហោចណាស់មានអ្នកផលិតវ៉ាក់សាំង COVID យ៉ាងតិច ១១ ប្រភេទនៅជុំវិញពិភពលោក ស្របពេលដែលមេរោគបម្លែងថ្មីដែលកំពុងបន្តកើតមាន ត្រូវចោទជាសំណួរថា តើវ៉ាក់សាំងដែលមានស្រាប់នឹង អាចទប់ទល់បានដែរទេ?

លោក ហ្គឺរ ហ្គីបស៍ (Ger Gibbs) ប្រធានសភាពាណិជ្ជកម្មអាមេរិកសៀងហៃបានមានប្រសាសន៍ថា ការដែល សហគមន៍ទទួលបានវ៉ាក់សាំងសមាមាត្រខ្ពស់គ្រប់គ្រាន់វាជារឿងសំខាន់ ដូច្នោះវិធីល្អបំផុត គឺការព្រមទទួលយកវ៉ាក់សាំងជំនួស ដើម្បីឈានដល់ការកាត់បន្ថយការរឹតត្បិតព្រំដែនដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រតិបត្តិការអាជីវកម្មនាពេលបច្ចុប្បន្ន ។

ខណៈពេលដែលលោក អ៊ីធើ យិន(Ether yin) អ្នកជំនាញគោលនយោបាយក្រុមហ៊ុនប្រឹក្សាវិនិយោគ ទ្រីវៀម ឆាយណា(Trivium China) បានថ្លែងថា «ប្រសិនបើអ្នកក្រឡេកមើលភូមិសាស្ត្រ គេនៅតែមិនឃើញថាលោកខាងលិចនឹងទទួលយកវ៉ាក់សាំងចិនគ្រប់ពេលវេលាក្នុងពេលឆាប់ៗនេះទេ ស្របពេលដែលវានឹងមិនឃើញការងើបឡើងវិញពិតប្រាកដនៃសេដ្ឋកិច្ច និងការធ្វើដំណើរជាសកលដោយពិតប្រាកដ ដោយគ្មានការទទួលយកវ៉ាក់សាំងចិន និងប្រទេសរាប់សិបផ្សេងទៀតដែលប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតចិន» ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម