ដំណឹងរីករាយ ថ្ងៃនេះអ្នកឆ្លងតិច អ្នកជាសះស្បើយច្រើនលើសលុប

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី15 ខែឩសភា ឆ្នាំ2021 ម៉ោង 12:54 នាទី ល្ងាច

អត្ថបទ សរ្យសែង៖

តួលេខអ្នកឆ្លងថ្ងៃនេះពិតជាគួរឲ្យរំភើប និងរីករាយណាស់ ដោយចំនួនឆ្លងកូវីដ-១៩ថ្មីមាន ៣៣៥នាក់ (សហគមន៍ ៣២៨នាក់ មកពីក្រៅ ៧នាក់) ហើយអ្នកជាសះស្បើយមានដល់ ៨៧៣ នាក់ និងគ្មានអ្នកស្លាប់ ។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៥ ឧសភា ឆ្នាំ ២០២១ ​។​

អ្វីដែលគួរឲ្យសរសើរ គឺថ្វីដៃគ្រូពេទ្យខ្មែរទាំងអស់ ទាំងស៊ីល ទាំងកងទ័ព ដែលយកជំនាញ យកគុណធម៌ សីលធម៌វិជ្ជាជីវៈ និងចុងក្រោយយកបេះដូង មកព្យាបាលប្រជាជនអ្នកជំងឺ ។ ម្យ៉ាងការមានយកចិត្តទុកដាក់វិធានការយ៉ាងរហ័សរហួន របស់ក្រសួងសុខាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ចក្ខុវិស័យដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតាមដានសភាពការណ៍ការរាលដាលតាំងពីដំបូងៗយ៉ាងម៉ត់ចត់ និងមានវិធានការដ៏ប្រពៃដើម្បីការពារមេរោគកូវីដ-១៩ «៣ការពារ ៣កុំ» ។

មុននេះ យើងសង្កេតឃើញថា សន្ទុះនៃការឆ្លងក្នុងប្រទេសកម្ពុជា គ្រាន់តែរយ:ពេលជាង ១ ខែកម្ពុជាមានអ្នកឆ្លងសរុបរហូតជាង ២ ម៉ឺននាក់ ដែលខុសពីឆ្នាំ ២០២០ យើងមិនមានអ្នកឆ្លងលឿនដូច្នេះទេ ឯការស្លាប់តាំងពីមានការផ្ទុះមេរោគនេះមក រហូតដល់ឆ្នាំ ២០២០ ក៏គ្មានមនុស្សស្លាប់ម្នាក់ផងដែរ រហូតអង្គការសុខភាពពិភពលោក បានផ្តល់ចំណាត់ថ្នាក់ដល់កម្ពុជានៅគេ ក្នុងគ្រប់​គ្រងមេរោគកូវីដ-១៩បានល្អ តែអកុសលមេរោគចង្រៃបានរាតត្បាតនៅចុងឆ្នាំ ២០២១ នេះ ព្រមជាមួយនឹងការបម្លែងមេរោគថ្មីពីប្រទេសឥណ្ឌាផង ។

មកទល់ពេលនេះ អ្នកឆ្លងសរុបមានចំនួន ២១.៨៣៤ នាក់ អ្នកជាសះស្បើយសរុបចំនួន ១០.៧៤០ នាក់, អ្នកឆ្លងក្នុង សហគមន៍ ចំនួន ២១.២១៩ នាក់, ចូលពីក្រៅប្រទេសចំនួន ៦២១ នាក់ និង អ្នកស្លាប់ ១៤៧ នាក់ ។

ប្រជាជនម៉្ងៃៗបន់ស្រន់ និងសង្ឃឹមថា មេរោគចង្រៃនេះនឹងរលាយសាបសូន្យពីទឹកដីកម្ពុជា នឹងអាលស្តារសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមឡើងវិញ ពីព្រោះដោយសារប្រជាជនគោរពតាមវិធានការ នៅផ្ទះ ឈ្នះកូវីដ ធ្វើឲ្យជីវភាពពួកគាត់ជួបការលំបាក ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម