អត្ថបទ សាវុឌ្ឍ៖
អាជ្ញាធរមូលដ្ឋានក្នុងប្រទេសឥណ្ឌូនេស៊ី បានដើរចែកមាន់រស់ free ជូនប្រជាជនតាមផ្ទះ ដើម្បីលើកទឹកចិត្តពួកគាត់ដែលមានអាយុខ្ពស់ទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ការធ្វើដូច្នេះទទួលបានលទ្ធផលមិននឹកស្មានដល់ ដែលពីមុនមិនមានមនុស្សទៅចាក់ ដល់ពេលអនុវត្តគម្រោងចែកមាន់ ក៏មាន ២៥០ នាក់ក្នុងមួយថ្ងៃទៅចាក់វ៉ាក់សាំង ។
ក្រុមការងារមូលដ្ឋានក្នុងតំបន់គ្រប់គ្រង ស៊ានចួ (Cianjur) កំពុងចែកសត្វមាន់រស់ដើម្បីជាការលើកទឹកចិត្ត ឲ្យមនុស្សអាយុពី ៤៥ ឆ្នាំឡើងទៅ ទៅទទួលការចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ ។
លោក Kalih Apia អធិការនគរបាលស្រុក Pecat បាននិយាយថា មនុស្សវ័យចំណាស់មានការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង ពីព្រោះមានព័ត៌មានញុះញង់ផ្សព្វផ្សាយតាមអ៊ីនធឺណិតថា វ៉ាក់សាំងមិនអាចការពារកូវីដ-១៩ បាន ហើយនឹងបង្កឱ្យមានរោគសញ្ញាធ្ងន់ធ្ងរដល់ថ្នាក់ស្លាប់ ។ មុនចាប់ផ្តើមយុទ្ធនាការចែកមាន់រស់ មានត្រឹម ២៥ គ្រួសារប៉ុនណោះក្នុងចំនួន ២០០ គ្រួសារដែលពេញចិត្តចាក់វ៉ាក់សាំង ប៉ុន្តែឥឡូវនេះ មានអ្នកទៅចាក់ ២៥០ នាក់ក្នុងមួយថ្ងៃ ។
ប្រទេសឥណ្ឌូនេស៊ីជាប្រទេសមួយមានការរាតត្បាតកូវីដ-១៩ ខ្លាំងបំផុតក្នុងអាស៊ី និង អាស៊ាន ដែលមានអ្នកឆ្លងសរុបប្រមាណ ២ លាននាក់ និងអ្នកស្លាប់ ៥៣.០០០ នាក់ ។ កោះដែលរាតត្បាតខ្លាំងជាងគេ គឺកោះឈ្វា និង កោះស៊ូម៉ាត្រា ប៉ុន្តែគម្រោងការចាក់វ៉ាក់សាំងដើម្បីគ្រប់គ្រងកូវីដ-១៩ បែរជាដំណើរការយឺតយ៉ាវទៅវិញ ដោយមនុស្សអាយុជាង ៥០ ឆ្នាំបានចាក់វ៉ាក់សាំងម្ជុលទី ១ ត្រឹម ២០% ប៉ុនណោះ ៕