យោធាមីយ៉ាន់ម៉ា លុបចោលលទ្ធផលបោះឆ្នោតឆ្នាំមុនជាផ្លូវការ

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី27 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 1:20 នាទី ល្ងាច

 

តំណាងស្ថាប័នរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ាដែលតែងតាំងដោយយោធា បានប្រកាសលទ្ធផលបោះឆ្នោតសភាកាលពីឆ្នាំមុន ដែលគណបក្សរបស់លោកស្រី អ៊ុង សានស៊ូឃ្យី ទទួលបានជ័យជំនះលើសលប់គឺគ្មានសុពលភាពទេ ។

កាសែត Irrawaddy និយាយថា ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតសហភាពមីយ៉ាន់ម៉ានៅថ្ងៃទី ២៦ ខែកុម្ភៈ បានប្រកាសថា លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០២០ មិនមានសុពលភាពទេ បន្ទាប់ពីកិច្ចប្រជុំជាមួយតំណាងគណបក្សនយោបាយមួយចំនួន ។

ចំណាត់ការរបស់យោធាដើម្បីលុបចោលលទ្ធផលនៃការបោះឆ្នោតនេះ ត្រូវបានគេមើលឃើញថា បានបង្កឱ្យមានការមិនពេញចិត្តថែមទៀតក្នុងចំណោមក្រុមបាតុករដែលប្រឆាំងនឹងរដ្ឋប្រហារ ។ ក្រៅពីនេះយោធាមីយ៉ាន់ម៉ាក៏ប្រឈមនឹងការជំទាស់ជាច្រើនពីសហគមន៍អន្តរជាតិផងដែរ ។ ប្រទេសលោកខាងលិចជាច្រើន មាន ចក្រភពអង់គ្លេស សហរដ្ឋ​អាមេ​រិក និង កាណាដា បានប្រកាសដាក់ទណ្ឌកម្មលើឧត្តមសេនីយ៍សំខាន់ៗនៅក្នុងកងទ័ពមីយ៉ាន់ម៉ា និងរដ្ឋាភិបាលដែលគ្រប់គ្រងដោយយោធា ។

នៅតាមទីក្រុងធំៗក្នុងប្រទេសមីយ៉ាន់ម៉ា បាតុកម្មតាមដងផ្លូវនៅតែបន្តកើតមានជាទ្រង់ទ្រាយធ។  កម្លាំងសន្តិសុខបានចាត់វិធានការផ្សេងៗដើម្បីបំបែកហ្វូងមនុស្ស និងចាប់ខ្លួនបាតុករមួយចំនួន ។

យោងតាមអាល់ហ្សាហ្ស៊ីរ៉ាចាប់តាំងពីការធ្វើរដ្ឋប្រហារកើតឡើង ប្រជាជនភូមារាប់សែននាក់បានធ្វើដំណើរតាមដងផ្លូវដើម្បីសម្តែងការតវ៉ា ៕

បកប្រែពី Theo Al Jazeera

ដោយ សុកាន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម