ឯកឧត្តម ឧទេសរដ្ឋមន្ត្រី រំឭកពីជីវិតអ្នកកាសែតឆ្នាំ១៩៧៩ មានតែបីអង្គភាពប៉ុណ្ណោះ រហូតមកដល់ឥឡូវមានរាប់ពាន់

ព័ត៌មានសង្គមថ្ងៃពុធ ទី30 ខែមេសា ឆ្នាំ2025 ម៉ោង 9:14 នាទី ល្ងាច

«ការដឹកនាំរបស់ប្រទេសជាតិ មិនអាចនៅឆ្ងាយអំពីការងាររបស់សារព័ត៌មានទេ តាំងពីជំនាន់នោះ រហូតមកដល់ឥឡូវនេះក៏ដូចគ្នាដែរ» ។

«នៅពេលខ្ញុំចូលមកដល់ទីក្រុងភ្នំពេញ ថ្ងៃទី ២០ ខែមេសា ឆ្នាំ ១៩៧៩ មានមនុស្សតែ ៧០ នាក់នៅសាលាក្រុងភ្នំពេញ ហើយមនុស្សទី ៧០ គឺរូបឯកឧត្តមតែម្តង ដែលចូលបម្រើការការងារ តាំងពីការរៀបចំភូមិ សង្កាត់ រៀបចំរោងចក្របាន ៦០ រោងចក្រឲ្យដំណើរការឡើងវិញ ក្រោយរបបខ្មែររលត់រលាយ» ។ នេះជាប្រសាសន៍របស់ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ផ្តល់កិច្ចសម្ភាសន៍ជាមួយ អ្នកអត្ថាធិប្បាយដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា គឺឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ក្នុងនាមក្រសួងព័ត៌មាន ដែលធ្លាប់បានប្រយុទ្ធរួមគ្នាលើសមរភូមិសារព័ត៌មានតាំងពីរឆ្នាំ១៩៧៩ មក ។ កិច្ចសម្ភាសធ្វើឡើង ដើម្បីអបអរកម្មវិធីជួបជុំរវាងនាយករដ្ឋមន្ត្រីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជាមួយអ្នកសារព័ត៌មានលើកទី ៧ ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៥ នេះ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា មកដល់ឆ្នាំ ១៩៨១ ដោយសារបក្សនិងរដ្ឋមានតម្រូវការដឹកនាំការងារចំពោះព្រឹត្តិការណ៍ធំៗ ដែលត្រូវមកដល់ ថ្នាក់ដឹកនាំក៏បានសម្រេចចិត្តឲ្យបង្កើតកាសែតទីបីមួយ គឺកាសែតភ្នំពេញ ។ តាំងពីឆ្នាំ ១៩៧៩ មកចង់ យើងមានកាសែតតែ ៣ ទេ គឺ«កាសែតកម្ពុជា» ដែលមានឯកឧត្តម ខៀវ កញារីទ្ធ ជាអ្នកល្បីល្បាញម្នាក់បានឈរទទួលធ្វើកាសែតកម្ពុជានេះ ទីពីរ «កាសែតកងទ័ពប្រជាជន» ដែលមានឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីសព្វថ្ងៃ ។ ឯ«កាសែតភ្នំពេញ»ជាកាសែតទី 3 ដែលឯកឧត្តម ទេសរដ្ឋមន្ត្រី ជាស្ថាបនិក បង្កើតឡើងតាមសំណូមពររបស់បក្ស និងរដ្ឋ ក្នុងការដឹកនាំតម្រូវឲ្យបង្កើតកាសែតទាំងនេះឡើង ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បន្ថែមថា «បក្ស និងរដ្ឋបានប្រាប់ច្បាស់ថា យើងបានរៀបចំបោះពុម្ពក្រដាសប្រាក់ហើយ យើងនឹងរៀបចំដាក់ចរាចរណ៍ប្រាក់រៀលថ្មី ដូច្នេះថ្នាក់ដឹកនាំត្រូវការឧបករណ៍ ត្រូវការកាសែតបន្ថែមទៀត ជាសំឡេងរបស់រាជធានីភ្នំពេញ ដែលនៅកៀកនឹងប្រជាជន ធ្វើឲ្យភារកិច្ចថ្មីនេះ អាចដំណើរការទៅបានរលូន បានផលប្រយោជន៍ ហើយចៀសផុតអំពីការយល់មិនត្រឹមត្រូវ ។ នេះជាសំណូមពរដំបូង ជាបេសកកម្មដំបូងដែលកាសែតភ្នំពេញ បានបង្កើតឡើងត្រូវបំពេញនូវកិច្ចការនេះ ។ បញ្ហានេះយើងអាចឆ្លុះបញ្ចាំងបានថា ការដឹកនាំរបស់ប្រទេសជាតិ មិនអាចនៅឆ្ងាយអំពីការងាររបស់សារព័ត៌មានទេ តាំងពីជំនាន់នោះ រហូតមកដល់ឥឡូវនេះក៏ដូចគ្នាដែរ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក្នុងនាមជាធនធានមនុស្សម្នាក់ក្នុងសម័យនោះ បានបញ្ជាក់ថា ក្រោយមកប្រទេសជាតិមានកិច្ចការធំៗជាច្រើន អំពីការស្តារសេដ្ឋកិច្ច ក៏ត្រូវការពន្យល់ ក៏ត្រូវការចលនាប្រជាជន មហាជន ហើយបក្ស និងរដ្ឋនៅពេលនោះ ក៏ត្រូវការដឹងពីសំណូមពរ ការគិតគូរ ការថ្នាំងថ្នាក់ បំណងប្រាថ្នា របស់ប្រជាជន ដូច្នេះ អ្នកកាសែត ជាអ្នកបញ្ជូនសារឡើងទៅលើវិញដែរ ។ បញ្ហានេះហើយ ដែលធ្វើឲ្យការដឹកនាំ អាចឆ្លងកាត់ ទោះបីជួបការលំបាកយ៉ាងណាក៏ដោយ ប៉ុន្តែអាចពុះពារឆ្លងកាត់បាន ។ ក្រៅពីរឿងសេដ្ឋកិច្ច យើងនៅមានរឿងខាងសន្តិសុខ ហើយពីឆ្នាំ ១៩៧៩-​៨០-៨១.... ក៏នៅមានបញ្ហាសង្គ្រាមចិត្តសាស្ត្រ វិទ្ធង្សនា និងច្រើនទៀត ដែលត្រូវការពន្យល់ដល់ប្រជាជនភ្លាមៗដែរ  និងក៏ត្រូវទទួលសំណូមពរពីប្រជាជនផងដែរ ។ យើងនៅមានព្រឹត្តិការណ៍ធ្វើខួបធំៗ ខួប ៥ឆ្នាំនៃថ្ងៃ ៧ មករា ក៏ជាបញ្ហាមួយធំ ដែលត្រូវបូកសរុបស្នាដៃ សមិទ្ធផល ធ្វើយ៉ាងណាជូនប្រជាជនឲ្យបានមើលឃើញ ហើយត្រូវតែរៀបចំផ្សព្វផ្សាយថ្មីនូវទិសដៅថ្មីដែលផ្សារភ្ជាប់បំណងប្រាថ្នារបស់ប្រជាជន ។

ឯកឧត្តម ក៏បានបញ្ជាក់ពីតួនាទីអ្នកកាសែតក្នុងសម័យនោះថា «យើងមានបេសកកម្មធំៗ យើងខ្ញុំផ្ទាល់ សុទ្ធតែបានចូលរួម និងអ្នកកាសែតមានប៉ុន្មាន មិនមែននៅឆ្ងាយពីសមរភូមិព្រំដែនប៉ុន្មានទេ សុទ្ធតែមានភារកិច្ចទៅចូលរួមទាំងអស់ ហើយពេលខ្លះចុះប្រតិបត្តិការនៅតាមសមរភូមិ ៣-៤ខែ បញ្ជូនព័ត៌មានឡើងមកវិញ ។ នេះជាអនុស្សាវរីយ៍ ដែលឆ្លងកាត់ជីវិតជាអ្នកកាសែត ប៉ុន្តែ នៅពេលនោះ យើងជាកាសែតក្នុងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី ជាប្រភេទបោះពុម្ពក្រដាស ជាការផ្សាយដោយវិទ្យុផ្សាយសំលេង មានទូរទស្សន៍ ជារបៀបមួយដែលថា វាមិនមែនជាឡានមួយដែលមានកម្លាំងលឿនពេកទេ ប៉ុន្តែយើងរីករាយនឹងធ្វើ វាពិបាកយ៉ាងម៉េចក៏ដោយ ប៉ុន្តែយើងបានរីករាយ មោទនភាពដែលយើងបានធ្វើកិច្ចការរបស់យើង ៕

(មតិអ្នកនឹងមានផ្សាយបន្តប្រសាសន៍របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស្តីពីការវិវឌ្ឍនៃសារព័ត៌មាននៅកម្ពុជា)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម