លទ្ធផលជាផ្លូវការហើយ ចូ បៃដេន បាន ៣០៦ សំឡេង ជាប្រធានាធិបតីទី ៤៦

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី16 ខែធ្នូ ឆ្នាំ2020 ម៉ោង 6:52 នាទី ល្ងាច

ដោយ សូរ្យសែង៖

គណៈកម្មាធិការបោះឆ្នោតសហរដ្ឋអាមេរិក (Electoral College) បានផ្តល់ពិន្ទុឲ្យលោក ចូ បៃដេន (Joe Biden) ជាអ្នកឈ្នះជាផ្លូវការក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកជាផ្លូវការហើយ ដែលនឹងធ្វើឱ្យលោក បៃដេន ក្លាយជាប្រធានាធិបតីទី ៤៦ ។

គណៈកម្មាធិការបោះឆ្នោតបានរៀបចំកិច្ចប្រជុំនៅបណ្តារដ្ឋចំនួន ៥០ ដើម្បីសម្រេចជាចុងក្រោយនូវ សន្លឹកឆ្នោតនៅថ្ងៃច័ន្ទ (១៤ ធ្នូ) ម៉ោងក្នុងស្រុក ស្របពេលប្រព័ន្ធផ្សព្វផ្សាយបានបញ្ជាក់ថា លោក បៃដេន ទទួលបានសំឡេង ៣០៦ លើសចំនួន ២៧០ សំឡេង ស្របពេលដែលប្រធានាធិបតី ដូណាល់ ត្រាំ ទទួលបានតែ ២៣២ សំឡេងប៉ុណ្ណោះ ។

 

កាលពីមុន ដំណើរការរាប់សន្លឹកឆ្នោតរបស់ Electoral College មិនសូវមានការចាប់អារម្មណ៍ពីសាធារណជនទេ ប៉ុន្តែសម្រាប់ឆ្នាំនេះ ប្រជាជនសហរដ្ឋអាមេរិក និងប្រជាជននៅជុំវិញពិភពលោក ចាប់អារម្មណ៍នឹងដំណើរការនេះ ។ ឯលោក ដូណាល់ ត្រាំ នៅតែមិនទទួលស្គាល់ការចាញ់ឆ្នោតរបស់គាត់ ដោយចោទថាមានការលួចបន្លំសន្លឹកឆ្នោត សូម្បីតែគ្មានព័ស្តុតាងក៏ដោយ ។

សម្រាប់រយៈពេលបន្ត នៅថ្ងៃទី២៣ ខែធ្នូ អនុប្រធានាធិបតី ម៉ៃ ផេនស៍(Mike Pence) ដែលជាប្រធានព្រឹទ្ធសភាដោយ​តំណែង នឹងទទួល-ប្រគល់លទ្ធផលសន្លឹកឆ្នោតជ្រើសរើសប្រធានាធិបតីជាផ្លូវការពីគណៈកម្មាធិការបោះឆ្នោត ។

បន្ទាប់មក នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ សភាខុនហ្គ្រេស (Congress) នឹងបើកសម័យប្រជុំរួមគ្នាជាមួយព្រឹទ្ធសភា និងតំណាងរាស្ត្រ អនុប្រធានាធិបតី ម៉ៃ ផេនស៍ នឹងធ្វើជាប្រធានកិច្ចប្រជុំ ជាអ្នកប្រកាសលទ្ធផលនៃសំឡេងឆ្នោត ។

ចុងក្រោយ ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ លោក ចូ បៃដេន ប្រធានាធិបតីថ្មី នឹងចូលសច្ចាប្រណិធាននៃតំណែងប្រធានាធិបតីជាផ្លូវការ ៕

ពីវេបសាយ sanook


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម